សួន សេរីរដ្ឋា តបទៅ«នាយករដ្ឋមន្ត្រីដែលមិនចេះស្លាប់»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 24, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា «កំពុងមើលងាយពលរដ្ឋខ្មែរ រាប់លាននាក់ ថាគ្មានសមត្ថភាព ព្រមទាំងមើលងាយធនធាន យុវជនក្នុងគណបក្ស ដែលខ្លួនឯងកំពុងដឹកនាំនោះផង» នេះ ជាសំណេរពន្យល់ របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន ដែលអះអាង នៅក្នុងវេទិកា «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថាលោក «ចង់លាលែងពីតំណែងស្អែកក៏បាន... តែមាននណាមកជំនួសលោក?»។
ក្នុងវេទិការៀបចំឡើងដោយលោក ហ៊ុន សែន ផ្ទាល់ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ដែលកំពុងបង្កើនសកម្មភាពចុះតាមមូលដ្ឋាន តាំងពីច្រើនសប្ដាហ៍កន្លងមកនោះ បានលើកឡើងថា លោកនឹងចុះចេញពីតំណែងភ្លាម ប្រសិនជាការចុះចេញរបស់លោក អាចនាំសន្តិភាពដល់ប្រទេស។ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងនៅបន្តកាន់អំណាច ដើម្បីសុខសន្តិភាពរបស់ប្រទេស បើទោះជាមានការរិះគន់ថា លោកកាន់អំណាចយូរនោះក៏ដោយ។
នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងឡើងថា៖ «ករុណាខ្ញុំចង់ចេញស្អែកក៏បានដែរ អត់បញ្ហា មិនបាច់ថា ដូរ មិនដូរទេ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អី After Hun Sen (បន្ទាប់ពីហ៊ុន សែន)។ ក្រោយហ៊ុន សែន ជាអ្នកណា? នេះជាបញ្ហាដែលត្រូវគិត។ បើសិនជាក្រោយ ហ៊ុន សែន វាស្រួល អត់ទេ មួយអាទិត្យវាយកូនហ្គោល៥ដង ក៏គ្មានអ្នកណាទៅឈឺក្បាល។ ប៉ុន្តែត្រូវគិតឲ្យច្បាស់។»។
នាយករដ្ឋមន្ត្រី សើម...
សម្រាប់លោក សួន សេរីរដ្ឋា មិនបានគិតដូច្នោះទេ។ ប្រធានគណបក្សអំណាចខ្មែរ បានពន្យល់តបទៅលោក ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូការរបស់លោកថា តំណែងនាយករដ្ឋមន្ត្រី ឬប្រធានាធិបតី ដឹកនាំប្រទេស គឺសម្រាប់មនុស្សមានសមត្ថភាព មានការទទួលខុសត្រូវ និងចេះទទួលយកការរិះគន់ ហើយចេះខ្មាស់អៀន នូវអំពើអាក្រក់ និងកំហុសដែលខ្លួនប្រព្រឹត្តិ ។ ពោលគឺមិនមែនសម្រាប់មនុស្ស ស៊ីជោរ «សើមក្បាលជោរក្បាល សើមកន្ទុយជោរកន្ទុយ» ហើយមានអំណួតបែបអវិជ្ជាថា បើអស់ពីខ្លួន ឬខ្លួនលាលែង នឹងគ្មានមនុស្សដូចខ្លួន ឬគ្មានអ្នកមានសមត្ថភាព មកជំនួសខ្លួននោះទេ ។
នាយករដ្ឋមន្ត្រី ដែលមិនចេះស្លាប់...
ប្រធានគណបក្ស ដែលទើបតែបង្កើតថ្មីរូបនេះ បានចាត់ទុកការលើកឡើង របស់លោក ហ៊ុន សែន ថាជា«អំណួតហួសព្រំដែនទាំងវង្វេង និងស្រវ៉ឹងក្នុងល្អាងអំណាច»។ លោក សួន សេរីរដ្ឋា បានចោទសួរ ទៅវិញដូច្នេះថា៖ «បើអត់ពីលោក ហ៊ុន សែន ទៅ តើប្រទេសខ្មែរមួយនេះ នឹងគ្មានមនុស្សមានសមត្ថភាព ឡើងកាន់ដំណែងជា នាយករដ្ឋមន្ត្រីទេឬ? តើកូនខ្មែររាប់លាននាក់ ដែលកើតមក ខំរៀន គឺដើម្បីតែបម្រើលោក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រី ដែលមិនចេះស្លាប់ឬ?»។
ការបកស្រាយខាងលើនេះ មិនលែងអី នឹងមានប្រតិកម្មខ្លាំងៗ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការគាំទ្រលោក ហ៊ុន សែន នោះឡើយ។ ទន្ទឹមនឹងការចាត់ទុកថា ការលើកឡើងរបស់ប្រធានគណបក្សអំណាចខ្មែរ ដែលធ្លាប់តុលាការកម្ពុជាកាត់ទោស ឲ្យជាប់គុកជាច្រើនឆ្នាំ ថាជាការប្រមាថធ្ងន់ធ្ងរ ដល់«ប្រមុខដឹកនាំ»នោះ អ្នកគាំទ្រលោក ហ៊ុន សែន ខ្លះបានអះអាងថា៖ «បើលោក ហ៊ុន សែន មិនមានសមត្ថភាព ម៉េចបានធ្វើឲ្យលោក សួន សេរីរដ្ឋា រត់ចោលស្រុក ហើយទើបបានមកវិញដូច្នេះ?»។
តែរវាងសមត្ថភាព ដែលធ្វើឲ្យនរណាម្នាក់រត់ចោលស្រុក និងសមត្ថភាព សម្រាប់ការដឹកនាំប្រទេស «ទំនង»ជាមិនដូចគ្នាទេ។ លោក សួន សេរីរដ្ឋា បានបរិហារការដឹកនាំជាង៣០ឆ្នាំ របស់លោក ហ៊ុន សែន ថា៖ «បើពូកែ មិនមែនស្រុករលាយអស់នូវអ្វី ដែលដូនតាខ្មែរទុកឲ្យនោះទេ ហើយបើខ្លាំង ក៏មិនមែនខ្មែរ រត់ទៅធ្វើការស៊ីឈ្នួលគេ ស្ងាត់ស្រុកបែបនេះដែរ និងម្យ៉ាងវិញទៀត ដឹកនាំប្រទេសជាង ៣០ឆ្នាំ សូម្បីស្លាកសញ្ញាដើម្បីធ្វើចរាចរណ៍ បង្ហាញអ្នកដំណើរឲ្យស្គាល់ទិស លិច កើត ជើង ត្បូង រៀបចំមិនបានផង។ តើអាចធ្វើកិច្ចការធំជាងនេះទៀត ម្តេចហ្នឹងបានទៅ ? បើយុវជនជំនាន់ថ្មី គេឡើងធ្វើជានាយករដ្ឋមន្ត្រីវិញនោះ មិនមែនដឹកនាំបានដូចលោកទេ តែវានឹងបានប្រសើរជាងលោកឆ្ងាយណាស់។»៕