ក្រុងព្យុងយ៉ាង អាចនឹងប្រហារជីវិត«ជនក្បត់បក្ស»ច្រើននាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 25, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកូរ៉េខាងត្បូង បានព្រមានកាលពីដើមសប្ដាហ៍នេះ ពីហេតុការណ៍ដែលអាចកើតឡើង នៅក្នុងរបបកុម្មុយនីសកូរ៉េខាងជើង ទាក់ទងនឹងការប្រហារជីវិត «ជនក្បត់បក្ស» ជាច្រើននាក់ ដើម្បីជាចម្លើយតប ទៅនឹងការផ្ដាច់ខ្លួន របស់អ្នកទទួលខុសត្រូវច្រើននាក់ របស់របបក្រុងព្យុងយ៉ាង ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ ក្រសួងបង្រួបបង្រួមកូរ៉េ របស់រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានរំពឹងដែរថា របបកុម្មុយនីសនឹងបញ្ចេញនូវការបង្ករឿងជាច្រើនទៀត នៅមុន និងក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងបង្រួបបង្រួមកូរ៉េ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការផ្ដាច់ខ្លួនកាលពីសប្ដាហ៍មុន របស់ឯកអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅប្រទេសអង់គ្លេស លោក «Thae Yong-Ho» បានដាក់របបក្រុងព្យុងយ៉ាង ឲ្យស្ថិតក្នុង«ស្ថានភាពមួយដ៏ពិបាក»។
មន្ត្រីរូបនោះបានថ្លែងឡើងថា៖ «តាមអត្តចរិត របស់ប្រមុខដឹកនាំ គីម ជុង-អ៊ុន (Kim Jong-Un) ស្ថានភាពនេះមានគ្រោះថ្នាក់សម្បើមណាស់។ ហើយវាចាំបាច់ត្រូវកូរ៉េខាងជើង ធ្វើសកម្មភាពអ្វីមួយ ដើម្បីរារាំងការផ្ដាច់ខ្លួនផ្សេងទៀត និងដើម្បីបញ្ជៀសភាពរញ្ជួយ នៅក្នុងស្រទាប់ប្រជាជនកូរ៉េខាងជើង។»
លោកបានថ្លែងទៀតថា សកម្មភាពនោះរាប់បញ្ចូល ទាំងការព្យយាមតាមប្រហារជីវិត ឬបង្កើតអំពើភេរវកម្ម ប្រឆាំងនឹង«ជនក្បត់បក្ស»ទាំងឡាយ ដែលកំពុងរស់នៅ ក្នុងប្រទេសកូរ៉េខាងត្បូង។ បើមិនអញ្ចឹងទេ អាចនឹងមានការចាប់ពង្រត់ នូវមនុស្សសំខាន់ៗរបស់កូរ៉េខាងត្បូង ចេញទៅយ៉ាងស្ងាត់កំបាំង។ មន្ត្រីដដែលបានរំលឹកថា ហេតុការណ៍នេះ ធ្លាប់កើតមានរួចហើយ ទាក់ទងនឹងលោក «Hwang Jang-Yop» អតីតប្រធានសភាប្រជាជនកូរ៉េខាងជើង និងមេមនោគមវិជ្ជា របស់លោក គីម ជុង-អ៊ីល (Kim Jong-Il ឪពុករបស់មេដឹកនាំកុម្មុយនីសសព្វថ្ងៃ) ដែលត្រូវបានលួចសម្លាប់ បន្ទាប់ពីលោកបានផ្ដាច់ខ្លួន ភៀសខ្លួនចូលមកប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ១៩៩៧។
ស្ថានភាពដ៏ពិបាក សម្រាប់របបកុម្មុយនីស...
ការផ្ដាច់ខ្លួនពីរបបកូរ៉េខាងជើង បានកើតមានជាហូរហែ។ កាលពីសប្ដាហ៍មុន កូរ៉េខាងត្បូងទើបបានប្រកាសដោះលែង បណ្ដាជនកូរ៉េខាងជើងជាងដប់នាក់ ដែលបានបម្រើការ នៅក្នុងភោជននីយដ្ឋានមួយ គ្រប់គ្រងដោយរបបក្រុងព្យុងយ៉ាង និងមានទីតាំងនៅក្នុងប្រទេសចិន។ បណ្ដាជនជាបុគ្គលិក និងអ្នកចាត់ការទូទៅ នៅក្នុងភោជនីយដ្ឋានកូរ៉េខាងជើងនោះ ត្រូវបានឃាត់ខ្លួន នៅពេលចូលមកដល់ទឹកដីកូរ៉េខាងត្បូង តែត្រូវបានដោះលែងឲ្យមានសេរីភាព និងព្រលែងឲ្យរស់នៅចិញ្ចឹមជីវិត ដូចជនជាតិកូរ៉េធម្មតា។
ប៉ុន្តែការប្រកាសខាងលើនេះ ត្រូវបានរបបកូរ៉េខាងជើងបដិសេធ និងបានពន្យល់ថា ករណីរបស់បណ្ដាជនកូរ៉េខាងជើង ទាំងប៉ុន្មាននាក់នោះ មិនមែនជាការផ្ដាច់ខ្លួនទេ តែជាការចាប់ពង្រត់ដោយស្ថាត់ៗ ធ្វើឡើងដោយភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។
អ្នកជំនាញជាច្រើននាក់ បានគិតថាប្រទេសបងប្អូនកូរ៉េទាំងពីរ កំពុងស្ថិតក្នុងភាពតានតឹង ដ៏ខ្លាំងបំផុត មិនដែលធ្លាប់មាន តាំងពីសង្គ្រាមកូរ៉េ (ពីឆ្នាំ១៩៥០ មកឆ្នាំ១៩៥៣) ជាពិសេសបន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ កាលពីខែមករានោះមក។ ស្ថានភាពទុំជោរនេះ អាចនឹងប្រេះធ្លាយ នៅពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមធ្វើសមយុទ្ធរួមគ្នា ជាថ្មីទៀត។
តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ខ្លួន ប្រទេសកុម្មុយនីសបានប្រកាសថា៖ «យើងនឹងវាយប្រហារ ដោយមិនអាសូរ និងដោយប្រើអាវុធនុយក្លេអ៊ែររបស់យើង ប្រឆាំងការគម្រាមដល់បូរណភាពទឹកដី និងប្រឆាំងការបង្ករឿងទាំងឡាយ នៃក្រុមបច្ចាមិត្រ»៕