រ៉ូណាល់ដូ ឌឺដងដាក់ គ្រីស្មាន ព្រោះបានឈ្នះពីរដងនៅផ្ដាច់ព្រ័ត្រ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ សីហា ២០១៦
- កែប្រែចុងក្រោយ: August 28, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កំពូលតារាបាល់ទាត់ពិភពលោក នៅតែជាកំពូលតារាបាល់ទាត់! បន្ទាប់ពីឈ្នះជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League» និងក្នុងក្របខណ្ឌ ប្រកួតថ្នាក់ជម្រើសជាតិ «Euro 2016» រួច កីឡាករបាល់ទាត់ជាតិព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានយកឈ្នះជាថ្មីទៀត សម្រាប់តំណែងជាកីឡាករឆ្នើមប្រចាំអ៊ឺរ៉ុប ក្នុងរដូវកាលកន្លងទៅ។
កីឡាកររូបសង្ហា គ្រីស្ទៀណូ រ៉ូណាល់ដូ បានទទួលពិន្ទុច្រើនជាងជាងដៃគូ នៅក្នុងក្រុមរៀលម៉ាឌ្រីត (Real Madrid) ជាមួយគ្នា កីឡាករអន្តរជាតិ ហ្គារេត បែល (Gareth Bale) និងកីឡាករអន្តរជាតិ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ដែលកំពុងទាត់ឲ្យក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid)។
នៅពេលមកទទួលពានរង្វាន់ សម្រាប់តំណែងមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នៅក្នុងប្រទេសម៉ូណាកូ (Monaco) ដែលស្ថិតក្នុងភាគខាងត្បូងបារាំង រ៉ូណាល់ដូ កីឡាករព័រទុយហ្គាល់ មិនបានភ្លេចឡើយ ពោលពាក្យឌឺដងផ្លែផ្កា ដាក់ អង់ទ័ន គ្រីស្មាន កីឡាករបារាំង ដែលក្រុមខ្លួន (ក្រុមរៀល និងក្រុមជម្រើសជាតិព័រទុយហ្គាល់) បានប្រកួតយកឈ្នះ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រទាំងពីរ នាពេលកន្លងមក។
កីឡាករម្ចាស់បាល់មាសច្រើនជំនាន់ បានបន្លឺជាដំបូងថា៖ «វាពិតហើយ ថាខ្ញុំសប្បាយចិត្តណាស់ នឹងពាន់រង្វាន់ នៃតំណែងថ្មីមួយនេះ។ វាជារដូវកាលដ៏អស្ចារ្យមួយ ហើយកីឡាករពីរនាក់ទៀត ក៏ស័ក្ដិសមនឹងទទួលពាននេះ ដូចគ្នាដែរ។»។
បន្ទាប់មក រ៉ូណាល់ដូ បានថ្លែងឡើងថា៖ «សូមសម្ដែងការសោកស្ដាយផង អង់ទ័ន ដែលបានឈ្នះអ្នកឯង ដល់ទៅពីរដង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ទាំងក្នុងក្របខណ្ឌ"Champions League" ទាំងក្នុងក្របខណ្ឌ"Euro 2016"។ ហើយក៏សោកស្ដាយណាស់ដែរ សម្រាប់ ហ្គារេត ដែលបានឈ្នះអ្នកឯង នៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌ"Euro 2016"។»
សូមបញ្ជាក់ដែរថា ពានរង្វាន់ សម្រាប់តំណែងជាកីឡាករឆ្នើម ដែលកីឡាករ រ៉ូណាល់ដូ ទទួលបាននេះ ក៏ជាជំហានមួយសម្រាប់ ឲ្យកីឡាករអាយុ៣១ឆ្នាំរូបនេះ ដើរទៅដណ្ដើមយកបាល់មាស ជាលើកទីបួនទៀត នៅដើមឆ្នាំក្រោយ។ បាល់មាស ដែលជាតំណែងដ៏សំខាន់ សម្រាប់កីឡាករឆ្នើមជាងគេ ផ្ដល់ជូនជារៀងរាល់ឆ្នាំ ដោយសមាគមបាល់ទាត់អន្តរជាតិ ហៅថា «Fifa»៕