ណីម៉ា ប្រាប់ក្រុមសាន់តូសថា គាត់នឹងទៅបាសេឡូណា នៅរដូវក្តៅនេះ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅរដូវក្តៅខាងមុខនេះ។
កីឡាករ ណឺម៉ា ដែលនឹងត្រូវទៅចូលរួមជាមួយក្រុមបាសឺឡូណារបស់ប្រទេសអេស្ប៉ាញ។
កាសែតអេស្ប៉ាញ ម៉ុនដូ ដេប៉ូតេវ៉ូ (Mundo Deportivo) បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីល បានប្រាប់ដល់មិត្តរួមក្រុមរបស់គាត់ច្បាស់ហើយថា គាត់នឹងប្តូរទៅកាន់កីឡាដ្ឋាន ខេមនូ (Camp Nou) បន្ទាប់ពីប្រកួតពានរង្វាន់ ខនហ្វេដឺរ៉ាសិនខាប់ (Confederations Cup) នៅរដូវក្តៅចប់រួចរាល់។
ក្រុមអ្នកមានបុណ្យ បាសេឡូណា បានត្រៀមទឹកប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុមនៃប្រទេសអេស្ប៉ាញ នាពេលឆាប់ៗខាងមុខនេះ។ ហើយក្រុមយក្សអេស្ប៉ាញមួយនេះ ហ៊ានឲ្យ១០លានអ៊ឺរ៉ូទៀត ដើម្បីទិញផ្តាច់កិច្ចសន្យា ដែលណីម៉ា នៅសល់រយះពេលជាមួយក្រុមចាស់របស់គាត់។
កីឡាករវ័យក្មេង ដែលកំពុងតែលេចធ្លោរជាងគេ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ណីម៉ា បានសម្រេចចិត្តទៅចូលរួម ជាមួយបាសេឡូណា បើទោះបីជាក្រុមរៀលម៉ាឌ្រីដ (Real Madrid) តាមទាក់ទងយ៉ាងណាក៏ដោយ។
ប៉ុន្តែកាលពីដើមសប្តាហ៏នេះ កាសែតកីឡាប្រទេសអេស្ប៉ាញមួយ បានចេញផ្សាយថា ម្ចាស់ក្លឹបរៀលម៉ាឌ្រីដ លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បានត្រៀមលុយ ១០០លានអ៊ឺរ៉ូ ដើម្បីឆក់យកណីម៉ា ពីក្រុមបាសេឡូណាមកវិញ។
ក្រុមរៀលម៉ាឌ្រីដ ហាក់ដូចជាមានក្តីបារម្មណ៏ បើសិនជាណីម៉ា ទៅចូលរួមជាមួយក្រុមបាសេឡូណា ហើយចាប់ដៃគូជាមួយនឹង លីយ៉ួណែល ម៉េស៊ី (Lionel Messi) នោះ ពួកគេនឹងពិបាកទប់ទល់ ជាពិសេសអាចនឹងបាត់បង់តំណែងជើងឯកអេស្ប៉ាញជាបន្តទៀត។
លោក ប៉េរែស ក៏មានគម្រោងហ៊ានឲ្យថ្លៃឈ្នួល ឬប្រាក់បៀរវត្តន៏ ដល់កីឡាករវ័យក្មេងរូបនោះ ខ្ពង់ជាងគេបំផុត បន្ទាប់ពីកីឡាករគ្រីស្ទែនូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរ។
ប៉ុន្តែទោះបីជាមានពាក្យចរចាមអារ៉ាម ឬកាសែតនានា បានចេញផ្សាយពីក្រុមរៀលម៉ាឌ្រីដ ចង់ទាក់ទងយ៉ាងណាក៏ដោយ ក៏កីឡាករណីម៉ា បានសម្រេចចិត្តរបស់ខ្លួនរួចហើយ ថាគាត់នឹងមិនទៅចូលរួមជាមួយក្រុមរៀលម៉ាឌ្រីដនោះទេ ព្រោះគាត់ចង់ចូលរួមក្រុម ជាមួយម៉េស៊ី នៅបាសេឡូណា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ