ក្រុមប្រឹក្សាសន្តិសុខ នៃអ.ស.ប. ថ្កោលទោសកូរ៉េខាងជើង ក្នុងការបង្ហោះកាំជ្រួច
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំជាបន្ទាន់ និងបិតទ្វាជិត នៅម៉ោង១១ ម៉ោងនៅទីក្រុងញ៉ូយក ថ្ងៃពុធទី១២ធ្នូនេះ បានសម្រេចថ្កោលទោស នូវការបាញ់បង្ហោះ កាំជ្រួចដោយប្រទេសកូរ៉េខាងជើង និងបន្តជជែកពិភាក្សាគ្នា ដើម្បីរក ចម្លើយឆ្លើយតបសមស្របមួយ។
មជ្ឈមណ្ឌលអវកាស សូហាវ (Sohae) ដែលកូរ៉េខាងជើង ត្រៀមបាញ់បង្ហោះកាំជ្រួច។ រូបថត DigitalGlobe, Inc.។
សូមអានអត្ថបទមុនៗ របស់មនោរម្យព័ងអាំងហ្វូ ដើម្បីជ្រាបបន្ថែមពីពត៌មានទាំងនេះ។
តាមអ្នកតំណាងការទូត មានវត្តមានក្នុងក្រុមប្រឹក្សាសន្តិសុខ បានអោយដឹងថា ការជជែកពិភាក្សាថ្មីៗទៀត នឹងអាចអោយគេរកឃើញ ពីការបន្ថែមថ្មីៗទៀត នូវទណ្ឌកម្មដែល កំពុងតែមានស្រាប់រួចមកហើយ ទៅលើទីក្រុងព្យុងយ៉ាង។ អ្នកការទូតរបស់បស្ចឹមលោកម្នាក់ បង្ហើបថា «ជាការស្ដីបន្ទោស ធ្វើពីរលើក។ ការថ្កោលទោសនៅថ្ងៃនេះ ជាចម្លើយភ្លាមៗ និងជាដំណាក់កាលទីមួយ។»
អ្នកការទូតដដែលនោះ ក៏បាននិយាយដែរថា ប្រសិនបើប្រទេសលោកខាងលិច ព្រមទាំងទីក្រុងតូក្យូ និងសេអ៊ូល ជម្រុញអោយមានវិធានការក្ដៅមួយនោះ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ពិបាកនិងពន្យល់ពីមូលហេតុផ្សេងណាស់។ ទីក្រុងប៉េកាំងបានភ្ជាប់ខ្លួន ក្នុងការថ្កោលទោសធ្វើក្នុងថ្ងៃពុធនេះ តែទំនងជាអាចប្រើប្រាស់សិទ្ធិជំទាស់ វេតូ របស់ខ្លួន ប្រឆាំងនឹងអត្ថបទទណ្ឌកម្មខ្លាំងណាមួយ ដាក់ទៅលើទីក្រុងព្យុងយ៉ាង។
អគ្គរដ្ឋទូតចិន លោក លី បាវដុង (Li Baodong) មិនបាននិយាយទៅកាន់អ្នកសារពត៌មានទេ នៅក្រោយពីកិច្ចប្រជុំបញ្ចប់ទៅនោះ។ ប៉ុន្តែប្រទេសចិន នៅក្នុងប្រតិកម្មដំបូងរបស់ខ្លួន បានថ្លែងមិនត្រជាក់មិនក្ដៅ ដោយគ្រាន់តែរំលឹកទីក្រុងព្យុងយ៉ាង អោយគោរពដំណោះស្រាយ របស់អង្គការសហប្រជាជាតិ និងបានការពារសិទ្ធិរបស់ប្រទេសកូរ៉េខាងជើង ក្នុងការស្រាវជ្រាវដែនអវកាស។
ចំណែកលោកស្រី ស៊ូសាន រ៉ៃ (Susan Rice) អគ្គរដ្ឋទូតអាមេរិកវិញ បានទទូចអោយមាន ពាក្យសម្ដីគ្រប់ដណ្ដប់ដោយ ការពង្រឹងទណ្ឌកម្ម។ លោកស្រីបញ្ជាក់ថា «ត្រូវផ្ញើរសារច្បាស់មួយ ទៅប្រទេសកូរ៉េខាងជើង ពីអ្វីដែលខ្លួនបានរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងមានផលវិបាកត្រឡប់មកវិញ។»
ដំណាក់កាលទីមួយ
លោកស្រី រ៉ៃបានបន្ថែមថា «ការបាញ់បង្ហោះរបស់កូរ៉េខាងជើង បង្ហាញថា ទន្ទឹមនឹងការចង់បានរបស់ក្រុមប្រឹក្សាសន្តិសុខ ប្រទេសនេះបានកំណត់រួចជាស្រេច ពីដំណើរការរបស់ខ្លួន ក្នុងគម្រោងអភិវឌ្ឍន៍កាំជ្រួចបាលីស្ទីក ដោយមិនបានអើពើ ពីកាតព្វកិច្ចអន្តរជាតិសោះឡើយ។»
រីឯលោក គីម ស៊ុក (Kim Sook) អគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ ត្រូវបានគេអនុញ្ញាតិអោយចូលរួម ក្នុងកិច្ចប្រជុំនោះ បាននិយាយនៅមុខអ្នកកាសែតដែរថា «ក្រុមប្រឹក្សាបានប្រតិកម្មរហ័ស និងខ្លាំង។ សេចក្ដីប្រកាសនេះ ជាជំហានបថម។»
បណ្ដាបញ្ចឹមប្រទេស និងសម្ព័ន្ធមិត្តនៅទ្វីបអាស៊ី បានចោទប្រកាន់របបក្រុងព្យុងយ៉ាង ថាបានផ្ទុកទុកនូវគ្រាប់បែបនុយក្លេអ៊ែរ និងប្រតិបត្តិនូវការសាកល្បងជារឿយៗ ដើម្បីតម្លើងសមត្ថភាពការបាញ់កាំជ្រួចរបស់ខ្លួន។ អ្នកជំនាញបានអោយដឹងថា ប្រទេសកុម្មុយនីសមួយនេះ នៅមិនទាន់មានកាំជ្រួចបាលីស្ទីក ខ្លាំង និងមានប្រសិទ្ធិភាពពិតប្រាកដនោះនៅឡើយ ហើយថាកំរិតនៃសមត្ថភាពនុយក្លេអ៊ែរ ដាក់ភ្ជាប់ទៅនឹងក្បាលកាំជ្រួចរំលងទ្វីប នៅត្រូវការប្រើពេលវេលាយូរតទៅទៀត៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ