គីម ជុងអ៊ុន បង្ហើប​ថា​កូរ៉េ​ខាង​ជើង មាន​គ្រាប់​បែក អ៊ីឌ្រូសែន

មេដឹកនាំវ័យក្មេង របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង បានបង្ហើបឲ្យដឹងថា ប្រទេសលោក ដែលមាន​អាវុធ​នុយក្លេអ៊ែរ​រួច​ហើយ​នោះ បានរៀបចំគម្រោង នៃការផលិតគ្រាប់បែក អ៊ីឌ្រូសែន មួយទៀត។ ប៉ុន្តែ​ព័ត៌មាន​នេះ នៅ​មិន​ទាន់​ធ្វើ​ឲ្យគេ​ជឿ​ប៉ុន្មាន​ទេ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: សន្ដិសុខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ប្រទេសកូរ៉េខាងជើង ជារដ្ឋដ៏មានឥទ្ធិពលមួយ ដែលមានអាវុធនុយក្លេអ៊ែរ ហើយបានត្រៀមខ្លួនរួចជា​ស្រេច ក្នុងការបំផ្ទុះគ្រាប់បែកប្រភេទ A និងគ្រាប់បែកប្រភេទ H ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធិភាព» នេះជាការប្រកាស របស់លោក គឹម ជុងអ៊ុន កាលពីពេលថ្មីៗនេះ ក្នុង​ពេល​ដែល​លោក បាន​ចុះ​ទៅ​ពិនិត្យ បន្ទាយយោធានមួយកន្លែង។ ការអះអាងខាងលើនេះ ត្រូវបាន​រាយការណ៍​ជា​បន្ត ដោយ​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​ប្រទេសកុម្មុយនីស ដែលមានឈ្មោះថា «KCNA»។

ប្រទេសកូរ៉េខាងជើង ធ្លាប់បានសាកល្បងគ្រាប់បែកអាតូមិក ដែលប្រើក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ​២០០៦ ២០០៩ និងឆ្នាំ២០១៣ កន្លងមករួចហើយ។ ការសាកល្បងនេះ បានធ្វើប្រទេស​កុម្មុយនីស​ចុងក្រោយ​គេ​​បង្អស់​មួយ​នេះ រងនូវទណ្ឌកម្មមិនតិចឡើយ ពីសហគមន៍អន្តរជាតិ។ ចំណែកគ្រាប់បែក H ដែលជាអក្សរ​កាត់​ពីពាក្យ «អ៊ីឌ្រូសែន (hydrogène)» មានកម្លាំងផ្ទុះ ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ច្រើនដងទៅទៀត។

នាពេលកន្លងមក ប្រទេសកូរ៉េកុម្មុយនីស តែងតែអួតអាង ជាច្រើនលើកច្រើនសារ ថាខ្លួនមានអាវុធនេះ​អាវុធ​នោះ ដែលមានកម្លាំងខ្លាំងប៉ុណ្ណេះ ឬប៉ុណ្ណោះ។ តែលើកនេះ គឺជាលើកដំបូងហើយ ដែលអគ្គមគុទេស៍ដ៏​«មហិមា» របស់​ប្រទេស​កុម្មុយនីស បានថ្លែងដោយផ្ទាល់មាត់ ពីគ្រាប់បែកប្រភេទ H។ យ៉ាងណាក៏ដោយ ព័ត៌មាន​​ទាំង​អស់​នេះ មិនអាចមានការបញ្ជាក់អះអាង ពីប្រភពឯករាជ្យណាមួយ ឲ្យច្បាស់លាស់នោះឡើយ។ បើ​សូម្បី​អ្នក​ជំនាញ​ជាច្រើន ក៏មិនជឿថា កាំជ្រួចរបស់កូរ៉េខាងជើង មានសមត្ថភាព បាញ់ទៅដល់ទឹកដី​អាមេរិក​​នោះ​ផង។

«បញ្ហាបច្ចេកទេស»

កាលពីខែកញ្ញាកន្លងទៅ វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្ដិសុខអន្តរជាតិ (ISSI) ដែលមានទីតាំង នៅក្នុង​រដ្ឋធានី​វ៉ាស៊ីតោន បានលើកឡើង ពីសកម្មភាពថ្មីៗ នៅមជ្ឈមណ្ឌល «Yongbyon» ដែលជាទីកន្លែង សម្រាប់ផលិត​សារជាតិ​នុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ សកម្មភាពថ្មីៗនោះ មានលក្ខណៈ ដូច​ជាកំពុង​ផលិត​សារជាតិ​ «ទ្រីទីចូម (tritium)» ដែលជាធាតុផ្សំដ៏ពិសេសមួយ សម្រាប់បង្កើតគ្រាប់បែក អ៊ីឌ្រូសែន។ សារជាតិ​នេះ នឹង​ធ្វើ​ឲ្យ​គ្រាប់​បែក មានកម្លាំងច្រើនដង ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលបង្កើតឡើង ពីសារជាតិ អ៊ុយរ៉ាញ៉ូម (uranium) ឬសារជាតិ ព្លុយតូញ៉ូម (plutonium)។

គ្រាប់បែកនុយក្លេអ៊ែរ ពីរគ្រាប់ដំបូង ដែលប្រទេសកូរ៉េខាងជើង បានសាកល្បងនោះ ធ្វើឡើងពីសារជាតិ ព្លុយតូញ៉ូម។ ប៉ុន្តែគ្រាប់បែកសាកល្បងលើកទីបី មិនមានការអះអាងឲ្យច្បាស់ទេ តែអាចជាគ្រាប់​បែក​បង្កើត​ឡើង ដោយសារជាតិ អ៊ុយរ៉ាញ៉ូម។ វិទ្យាស្ថាន ISSI ដដែលបានអះអាងថា៖ «យើងមិនគិតថា ប្រទេស​កូរ៉េ​ខាង​ជើង អាចផលិតបាន នូវគ្រាប់បែកនុយក្លេអ៊ែរ ដែលធ្វើឡើង​ពីសារជាតិ ទ្រីទីចូម នោះទេ តែយើងគិងថា ប្រទេស​នេះ កំពុងដោះស្រាយ​បញ្ហាបច្ចេកទេស ដើម្បីឈានទៅផលិត គ្រាប់បែកប្រភេទនេះឲ្យបាន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...