ត្រាំ បន្តវាយប្រហារលើសម្ព័ន្ធមិត្តរបស់ខ្លួន នៅមុនជួប គីម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 12, 2018
- ប្រធានបទ: សង្គ្រាមពាណិជ្ជកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពាណិជ្ជកម្មដែលស្មើភាព គួរត្រូវហៅថា ជាពាណិជ្ជកម្មល្ងីល្ងើ បើសិនជាវា មិនមានទៅមានមកទេនោះ» នេះ ជាសារបង្ហោះរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដើម្បីសំដៅទៅលើការកំណត់តម្លើងពន្ធដារ របស់ប្រទេសកាណាដា ចំពោះផលិតផលទឹកដោះគោអាមេរិក ដែលនាំចូលទៅក្នុងប្រទេសកាណាដា។
កាលពីថ្ងៃសៅរ៍ ខណៈលោក ត្រាំ ស្ថិតក្នុងយន្ថហោះ «Air Force One» ដើម្បីធ្វើដំណើរទៅត្រៀមជំនួប ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) នៅឯប្រទេសសិង្ហបូរីនោះ ប្រធានាធិបតីអាមេរិក បានប្រកាសដកខ្លួន«ឆៅ» ចេញពីសេចក្ដីប្រកាសរួម របស់ជំនួបកំពូល «G7» ដែលបានប្រព្រឹត្តិទៅ ក្នុងក្រុង «La Malbaie» ភាគខាងកើតប្រទេសកាណាដា កាលពីចុងសប្ដាហ៍កន្លងមក។
លោក ត្រាំ បានដាក់ការទទួលខុសត្រូវ នៃការសម្រេចចិត្តរបស់លោក ទៅលើលោក ជូស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បន្ទាប់ពីមេដឹកនាំកាណាដារូបនេះ បានលើកឡើង នៅក្នុងសន្និសីទការសែត (នាចុងបញ្ចប់ នៃជំនួប «G7») ពីការ«ប្រមាថ» ដើម្បីវាយតម្លៃ ទៅលើនយោបាយយកពន្ធអាករធ្ងន់ធ្ងរ ពីសំណាក់រដ្ឋបាលលោក ត្រាំ សម្រាប់ផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល ក្នុងសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ លោក ទ្រូដូ បានព្រមានថា ប្រទេសកាណាដា នឹងចាត់វិធានការតបវិញ ដោយមិនខ្វាយខ្វល់ អ្វីច្រើនឡើយ។
សម្រាប់លោក ដូណាល់ ត្រាំ បានហៅមេដឹកនាំប្រទេសម្ចាស់ផ្ទះ នៃជំនួប «G7» លោក ជូស្ទីន ទ្រូដូ ថាជាមនុស្ស «មិនសុច្ចរិត»។ ប៉ុន្តែ មិនត្រឹមតែនាយករដ្ឋមន្ត្រី នៃប្រទេសកាណាដាប៉ុណ្ណោះទេ តែនៅមានបណ្ដាមេដឹកនាំ នៃប្រទេសសម្ព័ន្ធមិត្តអាមេរិក ជាច្រើនផ្សេងទៀត ក៏ត្រូវបានលោក ត្រាំ យកមកធ្វើជាផ្ទាំងស៊ីបរបស់ខ្លួនដែរ។ លោកសរសេរថា៖ «ហេតុអ្វីខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក អនុញ្ញាតឲ្យបណ្ដាប្រទេស [ទាំងនោះ] បន្តកេងចំណេញ ពីជញ្ជីងពាណិជ្ជកម្មដែលផ្អៀងដ៏លើសលប់ ដូចដែលពួកគេបានធ្វើ តាំងពីច្រើនទសវត្សន៍មកហើយនោះ ខណៈកសិករ កម្មករ និងរដ្ឋអាមេរិក បានបង់ខាតយ៉ាងធំធេង និងយ៉ាងអយុត្តិធម៌នោះ? មិនយុត្តិធម៌ទេ សម្រាប់ប្រជាជនអាមេរិក។»។
ប្រធានាធិបតីអាមេរិក បានបន្ថែមថា៖ «ជញ្ជីងឱនភាព នៃពាណិជ្ជកម្មនេះ ជាផ្លែផ្កាដែលកើតចេញ ពីការចំណាយសឹងតែទាំងស្រុង របស់សហរដ្ឋអាមេរិក ចំពោះកិច្ចការពារនៃអង្គការអូតង់ (បារាំងហៅ OTAN ខណៈអង់គ្លេសហៅ NATO) ទៅលើប្រទេសទាំងនោះ ដែលលួចបន្លំយើង ផ្នែកពាណិជ្ជកម្ម»។ លោកបានសរសេរដាក់ក្នុងរង្វង់ក្រចក បន្ថែមការពន្យល់ ទៅក្នុងឃ្លាខាងលើដូច្នេះ៖ «ពួកគេទាំងនោះ បានចំណាយតែមួយភាគតូចប៉ុណ្ណោះ និងសឹងតែមិនបានចំណាយអ្វីទាំងអស់»។
លោក ត្រាំ ដែលតែងត្អូញ ចំពោះការចំណាយផ្នែកយោធា ទៅឲ្យអង្គការ អូតង់ ដ៏ច្រើនសន្ធឹកសន្ធាប់នោះ បានសរសេរថា៖ «សហភាពអ៊ឺរ៉ុប ត្រូវចំណាយឲ្យច្រើន ជាងពេលកន្លងមក សម្រាប់វិស័យយោធា»។
សម្រាប់ប្រធានាធិបតីអាមេរិក បានគិតថា ប្រទេសអាល្លឺម៉ង់បានចំណាយត្រឹមតែ ១% នៃ «GDP» របស់ខ្លួនប៉ុណ្ណោះ ដែលខុសឆ្ងាយពីសហរដ្ឋអាមេរិក ដែលបានចំណាយរហូតដល់ទៅ ៤% នៃ «GDP» របស់ខ្លួន។ លោក ត្រាំ បន្តថា៖ «តើនរណាមួយ គិតឃើញថា នេះជារឿងធម្មតា? យើងការពារអ៊ឺរ៉ុប (ជាអ្វីដែលល្អ) ជាមួយការចំណាយថវិការ ដ៏សម្បើមមួយ ហើយបន្ទាប់មក យើងបែរជារងការខោកក្បាល យ៉ាងអយុត្តិធម៌ នៅក្នុងវិស័យពាណិជ្ជកម្មទៅវិញ។ រឿងបែបនេះ នឹងត្រូវប្ដូរ!»។
បន្ទាប់មក លោក ដូណាល់ ត្រាំ បានត្រឡប់មកថ្លែងយកគួរវិញ ដោយមិនភ្លេចបញ្ជាក់ ពីនយោបាយ «អាមេរិកាំងមុនគេ (America First)» របស់លោកដូច្នេះថា៖ «សុំទោសចុះ! យើងមិនអាចទុកឲ្យមិត្ត ឬសត្រូវរបស់យើង យកប្រៀបលើយើង នៅក្នុងវិស័យពាណិជ្ជកម្មទៀតបានទេ។ យើងត្រូវខ្វាយខ្វល់មុនគេបង្អស់ ចំពោះបណ្ដានយោជិតអាមេរិកាំង។»៕