ហ៊ីឡារី គ្លីនតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន

អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានក្លាយជាជាបេក្ខនារី លើកដំបូងគេបង្អស់ សម្រាប់​ប្រឡង​ប្រជែង ដណ្ដើម​យក​តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងអាយុ៦៨ឆ្នាំ អ្នកស្រី គ្លីនតុន បាន​បង្ហាញ​ស្នាម​ញញឹម​របស់​អ្នកស្រី ទៅ​កាន់​អ្នក​សមាជិក​​គណបក្ស​​ប្រជាធិបតេយ្យ​ទាំងអស់ ៨ឆ្នាំបន្ទាប់ពីអ្នកស្រី បាន​ចាញ់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​បាន​ជាប់​ជា​ប្រធានាធិបតី រហូតមកដល់ថ្ងៃនេះ។
ហ៊ីឡារី គ្លីនតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន
អ្នកស្រី ហ៊ីឡារី គ្លីនតុន បានក្លាយជាជាបេក្ខនារី សម្រាប់ដណ្ដើមយកតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ (រូបថត Twitter)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 27, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក កំពុងសម្រេចក្ដីស្រម័យរបស់ខ្លួន ដើម្បីឈានទៅក្លាយ​ជា​ប្រធានាធិបតី​ស្ត្រីលើកដំបូងគេបង្អស់ របស់ប្រទេសមហាអំណាចធំជាងគេ ក្នុងពិភពលោក។

អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ភរិយារបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton) បាន​ក្លាយ​ជា​បេក្ខនារីទីមួយ របស់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្ដើមតំណែង ជាប្រធានាធិបតីសហរដ្ឋ​អាមេរិក សម្រាប់​អណត្តិ ដែលមានរយៈពេល៤ឆ្នាំ (២០១៧-២០២១) បន្តពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) នា​ពេល​ខាង​មុខ។ លោក អូបាម៉ា ដែលធ្លាប់បំបាក់អ្នកស្រី កាលពីរដូវកាលបោះឆ្នោត នាឆ្នាំ២០០៧​កន្លង​មក។

តាមពិតទៅ ការប្រកាសបេក្ខភាព របស់អ្នកស្រី ហ៊ីឡារី គ្លីនតុន បានធ្វើឡើងក្នុងបរិយាកាសដ៏តឹងតែង ដោយ​សារតែក្រុមអ្នកតំណាង ដែលគាំទ្រលោក «Bernie Sanders (បេក្ខជនបឋមមួយរូបទៀត នៃគណបក្ស​ប្រជា​ធិបតេយ្យ)» មិនសូវជាពេញចិត្តអ្នកស្រីប៉ុន្មានឡើយ។ យ៉ាងណា អ្នកស្រី គ្លីនតុន ទទួលបានសម្លេងគាំទ្រ ច្រើន​លើស​ពី​ការ​កំណត់ ដែលមានត្រឹមតែ ២ ៣៨២សម្លេង។

លោក «Bernie Sanders» ដែលមានវត្តមាន នៅក្នុងមហាសន្និបាតនោះដែរ បានប្រកាសឡើងថា៖ «ខ្ញុំសុំស្នើ​ទៅអង្គសន្និបាទទាំងមូល ឲ្យផ្អាកនីតិវិធី។ សូមកត់ត្រាទុក នូវការរាប់សម្លេងឆ្នោតទាំងឡាយ ហើយសូម​ប្រកាស​អ្នកស្រី ហ៊ីឡារី គ្លីនតុន ជាបេក្ខនារីរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត​ប្រធា​នាធិបតី នៃ​សហរដ្ឋ​អាមេរិក។»

ប៉ុន្តែក្រុមអ្នកគាំទ្រលោក «Bernie Sanders» នៅតែបង្ហាញការមិនយល់ព្រម របស់ពួកគេតទៅទៀត។ សម្រាប់​លោក «Bernie Sanders» វិញ ការរួបរួមគ្នា នៅក្នុងរង្វង់គ្រួសារ នៃគណបក្សប្រជាធិបតេយ្យ ជារឿង​មួយសំខាន់ណាស់ បើទោះជាការឃោសនា ស្វែងរកការគាំទ្រ នៅក្នុងការបោះឆ្នោតបឋម មាន​ភាព​ជូរចត់​យ៉ាង​ណាក៏ដោយ។ បេក្ខជនបឋម​របស់គណបក្សប្រជាធិបតេយ្យ បានថ្លែងទៀតថា៖ «អ្នកដែលយើង​ត្រូវ​ធ្វើ គឺ​មិន​មែនត្រូវ​​ប្រថុយប្រថាន ហើយបន្ទាប់មកស្ដាយក្រោយនោះទេ ប៉ុន្តែគឺយើងត្រូវយកឈ្នះ ដូណាល់ ត្រាំ និង​ជ្រើស​តាំង ហ៊ីឡារី គ្លីនតុន»។

បន្ទាប់មក នៅលើអេក្រង់យក្ស ដែលដាក់តាំង​នៅ​ចំពោះអ្នកតំណាង របស់គណបក្សប្រជាធិបតេយ្យ ប្រមាណ​ជា៥០០០នាក់នោះ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានបង្ហាញមុខឡើង (វីដេអូខាងក្រោម)។ អ្នកស្រីបានញញឹម និង​ថ្លែង​ឡើង​ថា៖ «គឺជាថ្ងៃ និងជារាត្រីដ៏អស្ចារ្យ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...