ឌុយតែតេ៖ អាមេរិក និងកូរ៉េខាងជើង លេងល្បែងដែលមិនសប្បាយលេង
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១៧
- កែប្រែចុងក្រោយ: April 30, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមកុំប្រឡែងលេង ជាមួយនឹងភ្លើង» នេះជាសារខ្លី តែមានន័យវែង ធ្វើទៅកាន់ភាគីពាក់ព័ន្ធ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដែលជាសារ កើតចេញពីការសម្រេចរួម របស់បណ្ដាប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ាន នៅក្នុងជំនួបកំពូល លើកទី៣០ រៀបចំធ្វើត្រូវវេន នៅក្នុង (រដ្ឋធានី ម៉ានីល ) ប្រទេសហ្វីលីពីន តាំងពីថ្ងៃសៅរ៍ម្សិលម៉ិញ និងបញ្ចប់ទៅ នៅថ្ងៃអាទិត្យនេះ។
សារខ្លីនេះ ក៏ត្រូវបានលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន យកមកប្រកាសឡើងវិញ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលបញ្ចប់ជំនួបនេះដែរ។ លោកបានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ ដែលជាអ្នករៀបចំជំនួបថា តំបន់ (អាស៊ីខាងកើត) ទាំងមូល មានក្ដីបារម្ភខ្លាំងណាស់ នៅចំពោះការវិវត្តន៍ទៅមុខ នៃស្ថានការណ៍ប្រឈមមុខ ជាពិសេសនៅចំពោះ ការបាញ់កាំជ្រួចអន្តរទ្វីបថ្មីចុងក្រោយបង្អស់ របស់របបកុម្មុយនីស។ ជាមួយគ្នា លោកប្រធានាធិបតីបានថ្លែងអំពាវនាវ ទៅសហរដ្ឋអាមេរិក ឲ្យសំដែងក្ដីអត់ធ្មត់ ឲ្យបានខ្លាំងបំផុត។
លោក ឌុយតែតេ បានថ្លែងឡើងថា៖ «វាដូចជាប្រទេសទាំងពីរ កំពុងលេងជាមួយល្បែងកំសាន្ដ របស់ពួកគេដូច្នេះ។ តែអាល្បែងអស់ហ្នឹង អត់មានសប្បាយលេងអី ទាល់តែសោះ។ អញ្ចឹងទេ គេត្រូវប្រាប់ទៅពិភពលោកទាំងមូល រួមទាំងសម្ព័ន្ធមិត្ត របស់ក្រុមប្រទេសមហាអំណាចនោះផង ថាបញ្ហានេះ គឺបញ្ហាគ្រាប់បែកនុយក្លេអ៊ែរ (លោកចង់និយាយថា បើបាញ់ចេញពេលណា រលាយលោកាពេលហ្នឹង) ហើយគេត្រូវសំដែងការអត់ធ្មត់។»។
កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ម្សិលម៉ិញ ប្រទេសកូរ៉េខាងជើងបានបាញ់ សាកល្បងកាំជ្រួចអន្តរទ្វីបមួយគ្រាប់ទៀត តែមិនទទួលបានជោគជ័យទេ។ ការបាញ់សាកល្បងនេះ ត្រូវបានគេគេគិតថា ជាសកម្មភាពមួយ «ផ្គើន» ទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការស្នើឲ្យកោះប្រជុំជាបន្ទាន់ កាលពីថ្ងៃសុក្រ នូវក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹង «ការគម្រាមផ្នែកនុយក្លេអ៊ែរ» ពីសំណាក់របបក្រុង ព្យុងយ៉ាង។
» អានអត្ថបទដែលទាក់ទង៖ កូរ៉េខាងជើងបាញ់កាំជ្រួចជាថ្មី តែជួបបរាជ័យ
ប្រធានាធិបតីហ្វីលីពីន បានថ្លែងទៀតថា លោកកំពុងរង់ចាំ ការហៅទូរស័ព្ទ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីនឹងអាលនិយាយថា «សូមមេត្តាធ្វើយ៉ាងណា បញ្ជៀសសង្គ្រាមឲ្យបាន ព្រោះតំបន់ (អាស៊ីខាងកើត) របស់ខ្ញុំ នឹងត្រូវរងគ្រោះធ្ងន់ធ្ងរ»។ លោក រ៉ូឌ្រីចូ ឌុយតែតេ បានបន្ថែមថា៖ «អ្នកដែលរងគ្រោះមុនគេ នឹងគ្មាននរណាផ្សេង ក្រៅពីយើង ជាបណ្ដាជនអាស៊ីនេះទេ»៕