នាវាសង្គ្រាមបារាំងផ្ទុកឧទ្ធម្ភាគចក្រ ទៅដល់ជប៉ុនដើម្បីសមយុទ្ធ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៩ មេសា ២០១៧
- កែប្រែចុងក្រោយ: April 30, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវាសង្គ្រាមផ្ទុកឧទ្ធម្ភាគចក្រ របស់ប្រទេសបារាំង ដែលមានឈ្មោះ «Mistral» នឹងចូលធ្វើសមយុទ្ធរួមគ្នាដ៏ធំ រវាងកងទ័ព មកពីប្រទេសមហាយក្សចំនួនបួន គឺបារាំង ជប៉ុន អង់គ្លេស និងអាមេរិក។ ជាសមយុទ្ធយោធាដែលបានគ្រោងធ្វើ ជួនចំពេល ជាមួយនឹងស្ថានភាពក្នុងតំបន់ កំពុងកើនកម្ដៅឡើងយ៉ាងខ្លាំងក្លា ជាមួយប្រទេសកុម្មុយនីសកូរ៉េ។
នាវា «Mistral» បានចូលចត កាលពីថ្ងៃសៅរ៍ នៅក្នុងឆកសមុទ្រ «Sasebo» នៃក្រុង «Nagasaki» ស្ថិតនៅភាគនារតី នៃប្រទេសជប៉ុន។ នេះ បើតាមការប្រកាសឲ្យដឹង របស់កងទ័ពជប៉ុន និងអាជ្ញាធរបារាំង។ នាវាមួយគ្រឿងនេះ មានលក្ខណៈជាមន្ទីរពេទ្យចល័ត នៅលើផ្ទៃសមុទ្រផង និងមានសមត្ថភាព ក្នុងការដឹកជញ្ជូនសម្ភារៈ សឹក និងកងកម្លាំងផង។ វាមានផ្ទុក នូវទូកតូចៗជាច្រើន ដើម្បីដឹកពលទាហាន យកទៅដាក់ចុះ នៅលើដីគោក បានភ្លាមៗ។
» រូបភាពពន្យល់ ពីសមត្ថភាពដ៏លំអិត នៃនាវាសង្គ្រាម «Mistral» របស់បារាំង៖
ការមកដល់របស់នាវាចម្បាំងបារាំង មិនត្រឹមតែជួនចំពេល ដែលស្ថានការណ៍ក្នុងតំបន់ កំពុងតានតឹងនោះទេ តែថែមទាំងជួនចំពេល នៃការបាញ់សាកល្បង កាំជ្រួចអន្តរទ្វីបមួយគ្រាប់ មិនបានជោគជ័យ របស់ប្រទេសកូរ៉េខាងជើង កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ នោះផង។ ការបាញ់សាកល្បងនេះ ត្រូវបានគេគេគិតថា ជាសកម្មភាពមួយ «ផ្គើន» ទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការស្នើឲ្យកោះប្រជុំជាបន្ទាន់ កាលពីថ្ងៃសុក្រ នូវក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹង «ការគម្រាមផ្នែកនុយក្លេអ៊ែរ ពីសំណាក់របបក្រុង ព្យុងយ៉ាង។
» អានអត្ថបទដែលទាក់ទង៖ កូរ៉េខាងជើងបាញ់កាំជ្រួចជាថ្មី តែជួបបរាជ័យ
ក្រៅពីសភាពតានតឹង ជាមួយប្រទេសកូរ៉េខាងជើង គេក៏មិនត្រូវបំភ្លេចដែរ ពីជម្លោះដែនសមុទ្រ រវាងប្រទេសចិន និងប្រទេសជិតខាងជាច្រើន (រាប់តាំងពីប្រទេសជប៉ុន ចុះមកដល់បណ្ដាប្រទេស នៅក្នុងសមាគមអាស៊ាន) ដើម្បីទាមទារបូរណភាពទឹកដី ទៅលើទីប្រជុំកោះជាច្រើន នៅក្នុងសមុទ្រចិនខាងកើត។
សមយុទ្ធយោធា នៅលើផ្ទៃសមុទ្រ របស់ប្រទេសមហាអំណាច ទាំង៤នេះ នឹងត្រូវគ្រោងធ្វើ ចាប់ពីថ្ងៃទី៣ ខែឧសភា រហូតដល់ថ្ងៃទី២២ ខែឧសភា នៅក្នុងដែនទឹក ជិតប្រទេសជប៉ុន នៅកោះ «Guam» និងនៅក្នុងប្រជុំកោះ «Northern Mariana» (ប្រជុំកោះទាំងនេះ ស្ថិតនៅកណ្ដាលមហាសមុទ្រ ប៉ាស៊ីភិក ភាគខាងជើង)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពស្វ័យការពារ នៃប្រទេស ជប៉ុន។
អ្នកនាំពាក្យមេបញ្ជាការកងទ័ពបារាំង លោក «Patrik Steiger» បានថ្លែងឲ្យដឹងថា៖ «នាវាបារាំងទាំងនេះ នឹងធ្វើសកម្មភាពជាពហុភាគី ដើម្បីធ្វើឲ្យមានការរីកចំរើនទៅមុខ នូវកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងដើម្បីបង្ហាញពីវត្តមាន របស់កងទ័ពបារាំង នៅក្នុងលំហសមុទ្រផ្សេងទៀត»៕