ជម្លោះដែនទឹករវាងចិន-ជប៉ុន៖ អាចឈានដល់សង្គ្រាម?
ពលរដ្ឋចិន និងជប៉ុន បាននិយាយប្រាប់មនោរម្យព័ងអាំងហ្វូ ពីមនោសញ្ចេតនារបស់ពួកគេ ទៅលើស្ថានភាពសព្វថ្ងៃ នៃវិបត្តិដណ្ដើមទឹកដី ដែលកំពុងពុះកញ្ជ្រោលខ្លាំងឡើងៗ។
ជម្លោះទឹកដី រវាងចិន និងជប៉ុន ដែលឈានទៅដល់ ដុតឬហែក ទង់ជាតិជប៉ុនចោល របស់បាតុករចិន។
ជម្លោះរវាងប្រទេសចិន និងជប៉ុន និយាយលើសិទ្ធគ្រប់គ្រងប្រជុំកោះតូចៗ ដែលគ្មានមនុស្សនៅ និងមានឈ្មោះហៅជា ភាសាចិន ដីអាវយូ (Diaoyu) ឬជាភាសាជប៉ុនសេនកាគូ (Senkaku) បានធ្វើអោយផ្ទុះឡើង ជាបាតុកម្មហឹង្សាប្រឆាំង ផលប្រយោជន៍ជប៉ុន ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសចិន។ ប្រទេសជិតខាងទាំងពីរ បើទោះជា មានផលប្រយោជន៍សេដ្ឋកិច្ច ពីផងគ្នា បើគិតជាទឹកប្រាក់ជាច្រើនពាន់លានដុល្លាក៏ដោយ ក៏មិនទំនងជានឹងធ្វើសម្បទាន អោយគ្នាទៅវិញទៅមក នៅក្នុងជម្លោះទឹកដីនេះដែរ។ អ្នកសារពត៌មាន បានចុះទៅជួបពលរដ្ឋ មកពីប្រទេសទាំងសងខាង ដើម្បីចង់ស្គាល់ពីគោលជំហររបស់គេរៀងៗខ្លួន ទៅលើបញ្ហានេះ។
ចំណុចមួយដែលដូចគ្នា រវាងពួកគេទាំងសងខាង៖ ទាំងខាងចិន និងខាងជប៉ុន មានអារម្មណ៍ជាប់ជំពាក់យ៉ាងខ្លាំង ជាមួយ នឹងព្រឹត្តិការណ៍នេះ។ ហើយបន្ទាប់ពីនោះ គំនិតយោបលរបស់គេទាំងសងខាង មានការបែងចែក ខុសពីគ្នាទាំងស្រុង។ នៅពេលសួរថា តើដីមួយដុំដុះជាកូនកោះតូចៗនេះ ជារបស់នរណានោះ គ្មាននរណាម្នាក់បដិសេធថា មិនមែនជារបស់ ប្រទេសខ្លួនឡើយ។
លោកហ្គង់ ជាជនជាតិចិន អាយុ២៩ឆ្នាំ បានពន្យល់ថា «កោះ ដីអាវយូ (Diaoyu) ជារបស់ចិន តាំងពីរាប់ពាន់ឆ្នាំមកហើយ។ កោះនេះបានធ្លាក់ក្រោមការកាន់កាប់ របស់ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្ដែប្រទេសចិន នៅតែចាត់ទុកថា វាត្រូវបានប្រគល់មកវិញ និងនៅតែជាប្រវត្តិសាស្រ្តរបស់ចិន។» រីឯស៊ីមាកូ ជាជនជាតិជប៉ុនអាយុ ២៨ឆ្នាំវិញ មិនបានគិត ដូច្នេះទេ។ «កោះទាំងនេះ ជារបស់ជប៉ុនជារៀងរហូតមក។ មានភស្ដុតាងជាច្រើន ដែលបញ្ជាក់ថា វាជារបស់ជប៉ុន។»
«ជប៉ុនសាកល្បង នឹងបង្វិលសាធារណមតិ»
ទោះបីជាជប៉ុន ជាអ្នកបានបង្ករឿងមុន ដោយបាននិយាយពី អធិបតេយ្យភាពនៅលើកោះនេះ តែគ្រប់គ្នាបានបញ្ចេញ គំនិតតែរៀងៗខ្លួន ដែលជាហេតុនាំអោយប្រទេសទាំងពីរ តម្លើងសម្លេងដាក់គ្នា រហូតមកទល់នឹងថ្ងៃនេះ។ ជនជាតិជប៉ុន គ្រប់រូប ដែលអ្នកកាសែតបានចោទសួរ មានគំនិតតែមួយ ដោយលើកឡើងថា ប្រទេសចិន ដែលមានគំនិតចង់បានកោះ ទាំងនេះ ដោយហេតុថា ធនធានធម្មជាតិត្រូវបានរកឃើញនៅជុំវិញប្រជុំកោះនេះ កាលពីពេលថ្មីៗកន្លងមក។ ជនជាតិចិន ម្នាក់ទៀត ឈ្មោះតាវ អាយុ៣៣ឆ្នាំ បានបញ្ចេញយោបល់ ដែលដូចជាស្របទៅនឹងពួកជនជាតិជប៉ុនដែរថា «គឺជាកោះ របស់ចិន។ តែយើងទើបនឹងភ្ញាក់ខ្លួនទាមទារ ដោយសារតែនៅទីនោះ មានធនធានធម្មជាតិ ជាច្រើន ដែលយើងមិនបានរវីរវល់ពីមុន។»
តែលោក ហ្គង់ បានយល់បញ្ច្រាស់មកវិញ «ជប៉ុនសាកល្បង និងបង្វិលសារធារណមតិ ទៅលើវិបត្តិសេដ្ឋកិច្ច ដែលកើត មាននៅក្នុងប្រទេស ហើយបណ្ដុះអោយមានគំនិតជាតិនិយមមួយឡើង។» តែស្សាតូហ្សី ជនជាតិជប៉ុនអាយុ ៣២ឆ្នាំ បានឆ្លើយតបវិញថា «រដ្ឋាភិបាលចិន បានទុកអោយមនុស្សជាច្រើន អោយធ្វើដូច្នេះ (ធ្វើបាតុកម្មដោយហឹង្សា...) ដើម្បី ប្រជាជានលែងគិត ពីភាពក្ដៅក្រហាយ នៅក្នុងជីវភាពរាល់ថ្ងៃរបស់ ខ្លួនម្នាក់ៗ។»
ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។
«គឺរដ្ឋាភិបាលចិន ជាអ្នករៀបចំបាតុកម្មនេះឡើង»
លោកហ្គង់ និងតាវ បានយល់ពីភាពខឹងសម្បារបស់ ជនរួមជាតិចិនដូចគ្នា ដោយពន្យល់បន្ដ ពីជម្លោះនេះថា បានដាស់ ឡើងវិញ ពីកំហឹងឈឺចាប់ និងភាពវេទនាខ្លោចផ្សារ ដែលចិនធ្លាប់នៅក្រោមការកាន់កាប់របស់ជប៉ុន តែមិនបាននិយាយ ថាបាតុកម្មដែលប្រឆាំង នឹងផលប្រយោជជប៉ុនក្នុងពេលនេះ ជារឿងដែលផុសចេញពីទឹកចិត្តពិតប្រាកដ របស់ប្រជាជន ចិននោះទេ។ លោកបាននិយាយថា «ពលរដ្ឋចិនគ្រប់រូបត្រូវហាមឃាត់ មិនអោយ ធ្វើបាតុកម្ម ឬដុតបំផ្លាញ ពីវាយបំបែក អ្វីទាំងអស់។ ឪពុកម្ដាយខ្ញុំដែលរស់នៅ ណានជីន បាននិយាយប្រាប់ខ្ញុំថា គឺរដ្ឋាភិបាល ដែលបានរៀបចំរឿង ទាំងនេះ ឡើង។ គឺជាល្បិចមួយ។ ជាគំនិតផ្ទាល់ខ្លួន ខ្ញុំស្រឡាញ់ចូលចិត្តប្រទេសជប៉ុន និងផលិតផលរបស់ប្រទេសនេះ។»
អំពើហឹង្សាដែលបានធ្វើនៅចិន បានប៉ះទង្គិចអារម្មណ៍ជនជាតិជប៉ុនគ្រប់ៗគ្នា។ ស្សីម៉ាកូ បានពន្យល់បន្ថែម ពីបញ្ហានេះថា «នៅពេលប្រទេសចិន មានបញ្ហាជាមួយជប៉ុនម្ដងៗ ចិនបានប្ដូររឿង ហើយបានលើករឿង ពីសង្គ្រាមលោកលើកទីពីរ មកវិញយ៉ាងហឹង្សាជាទីបំផុត។ ជាការលាងខួរមួយ។ ហើយខ្ញុំអាណិតអាសូរពួកគេណាស់។ ចរិករបស់ពួកគេម្នាក់ៗ ដូចជាគ្មានការពិចារណាអ្វីទាំងអស់ ហើយខ្ញុំមានអារម្មណ៍ថា យើងមិនអាចដោះស្រាយបញ្ហា ដោយសន្ដិភាពបាននោះ ទេ។» ជប៉ុន ម្នាក់ទៀតឈ្មោះ ហារូមី អាយុ២៧ឆ្នាំ បានសំរេចចិត្តរួចរាល់ នឹងលើកពេលដំណើរកំសាន្ដ ទៅទីក្រុងហុងកុង ដែលបានត្រៀម ក្នុងពេលរដូចស្លឹកឈើជ្រុះនេះ។
ការស្អប់ខ្ពើមយ៉ាងច្បាស់មួយ រវាងជនជាតិចិន និងជប៉ុន
ការីន (Karine) ភរិយារបស់ ហ្គង់បានលូកមាត់ចូលដែរថា «សំនុំរឿងនេះ មានរូបរាងធំខ្លាំងសម្បើមណាស់នៅចិន។ មាន ការស្អប់ខ្ពើមយ៉ាងច្បាស់មួយ រវាងជនជាតិចិន និងជប៉ុន ដែលមិនមែនទើបនឹងចាប់ផ្ដើម ក្នុងថ្ងៃនេះទេ។ ជនជាតិទាំងពីរស្អប់គ្នា ហើយជាពិសេសនោះ គឺជនជាតិចិនស្អប់ ជនជាតិជប៉ុនតែម្ដង។»
ចាប់ពីថ្ងៃនេះតទៅ អនាគតដ៏រុងរឿងមួយ ដូចជាមើលមិនឃើញទេ សំរាប់ប្រជាជាតិជិតខាងទាំងពីរ។ ទោះបី តាវ សង្ឃឹម ពីភាពសុខសាន្ដត្រាណ នឹងវិលត្រឡប់មកវិញ តែហ្គង់ និងស្សាតូហ្សី មិនបានគិតថា នឹងអាចបញ្ជៀសពីជម្លោះមួយ ដែល ខ្លាំងជាមុននោះទេ។ ហ្គង់ បង្ហាញពីភាពបារម្ភរបស់ខ្លួនថា «រឿងនេះអាចឈានទៅដល់សង្គ្រាម។» ស្សីអីកូ ជនជាតិជប៉ុន អាយុ ៣០ឆ្នាំ បានត្រៀមរួចជាស្រេចថា «ខ្ញុំមិនខ្វល់ពីសន្ដិសុខទេ នៅជប៉ុន។ តែខ្ញុំនឹងលែងញ៉ាំតទៅទៀត នូវម្ហូបចំណីចិន ព្រោះខ្លាចក្រែងពួកវា មានគំនិតចង់បំពុលយើង មុននឹងត្រឡប់ទៅស្រុកវាវិញ៕»
-------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ