ហេតុអ្វី ដូណាល់ ត្រាំ លប់ចោលជំនួបជាមួយ គីម ជុង-អ៊ុន?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 26, 2018
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាំងពីប៉ុន្មានសប្ដាហ៍មុន រហូតមកដល់ថ្ងៃព្រហស្បត្តិ ទី២៤ ខែឧសភានេះ ពិភពលោកទាំងមូល បានរំពឹងរង់ចាំមើល ជំនួបកំពូលជាប្រវត្តិសាស្ត្រមួយ រវាងមេដឹកនាំនៃប្រទេសទាំងពីរ គឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគុទេសន៍នៃរបបកុម្មុយនីស្ដិ៍ កូរ៉េខាងជើង ដែលនឹងគ្រោងធ្វើ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ក្នុងប្រទេសសិង្ហបូរី។
តែទីបំផុតទៅ លោក ដូណាល់ ត្រាំ បានសម្រេចលប់ជំនួបនេះចោល ជាឯកតោភាគី តាមរយៈលិខិតមួយរបស់លោក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ផ្ញើរទៅកាន់លោក គីម ជុង-អ៊ុន។ ប្រធានាធិបតីអាំមេរិក បានលើកពីមូលហេតុដ៏ខ្លី រុញការទទួលខុសត្រូវ នៃការលប់ចោលនេះ ទៅលើ «កំហឹងដ៏ធំធេង និងអរិភាព ដែលបានបង្ហាញ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗបំផុត» របស់លោក គីម ជុង-អ៊ុន ប្រឆាំងសហរដ្ឋអាមេរិក។
ការលើកឡើងរបស់លោក ត្រាំ ខាងលើ មិនខុសទេ ដោយហេតុថា នៅមុនការប្រកាសលប់ចោលជំនួបនេះមួយថ្ងៃ អ្នកទទួលខុសត្រូវរបស់របបក្រុង ព្យុងយ៉ាង បានហៅអនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ផេន (Mike Pence) ថាជា«អ្នកនយោបាយល្ងីល្ងើ»។ នេះ បើតាមអត្ថបទមួយ របស់សារព័ត៌មានអាមេរិក ឈ្មោះ «Los Angeles Times»។
សារព័ត៌មាន «Los Angeles Times» បានពន្យល់ថា មេដឹកនាំប្រទេសកូរ៉េខាងជើង បានប្រតិកម្មដូច្នេះ ដើម្បីតបទៅនឹងការលើកឡើង របស់លោក ម៉ៃឃ៍ ផេន ដែលអះអាងថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ អាចនឹងមានវាសនា ដូចប្រទេសលីប៊ី ដែលដឹកនាំដោយអតីតប្រធានាធិបតី មូអាម៉ា កាដាហ្វី (Muammar Kadhafi) ប្រសិនណាជាលោក គីម ជុង-អ៊ុន មិនចុះកិច្ចព្រមព្រៀង ជាមួយក្រុង វ៉ាស៊ីនតោន ជុំវិញបញ្ហារំសាយអាវុធនុយក្លេអ៊ែរទេនោះ។
ចំពោះបណ្ដាញទូរទស្សន៍អង់គ្លេស «BBC» បានរំលឹកថា បន្ទាប់ពីការខិតចូលជិតគ្នា និងភាពធូរស្រាលខាងការទូត រវាងភាគីទាំងពីរ ដែលមានរយៈពេល តាំងពីច្រើនសប្ដាហ៍មក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការប្រឈមមុខគ្នាដ៏ខ្លាំងក្លាមួយ បានកើតមានឡើងមកវិញ រហូតមកដល់ថ្ងៃអង្គារមុន ដែលលោក ដូណាល់ ត្រាំ បានទម្លាយឲ្យដឹង ពីលទ្ធភាពនៃការលើកថ្ងៃជំនួបកំពូល ខណៈប្រធានាធិបតីអាមេរិកខ្លួនឯង បានទទួលជួបលោក មូន ជេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅឯសេតវិមាន។
សម្រាប់សារព័ត៌មាន «Washington Post» វិញ បានលើកឡើងយ៉ាងពិសេស ពីបញ្ហា«មុខមាត់» ដើម្បីពន្យល់ពីការលប់ចោលជំនួបនេះ នៅក្នុងអត្ថបទដ៏លំអិតរបស់ខ្លួន។ សារព័ត៌មានអាមេរិកមួយនេះ បានសរសេរថា៖ «លោក ត្រាំ ត្រូវបានរំខាន ដោយសុន្ទរកថារបស់ក្រុងព្យុងយ៉ាង ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ»។
សារព័ត៌មាន «Washington Post» បានស្រង់សំដី របស់ទីប្រឹក្សាប្រធានាធិបតីអាមេរិក ទទួលបន្ទុកផ្នែកសន្តិសុខជាតិ លោក «John Bolton» មកចុះផ្សាយថា៖ «ភាសាគម្រាមកំហែង (ពីសំណាក់របបក្រុងព្យុងយ៉ាង) ជាសញ្ញាដ៏អាក្រក់មួយ ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់ទីប្រឹក្សារបស់ខ្លួន ពីការបារម្ភរបស់លោក ដែលយល់ថា លោក គីម ជុង-អ៊ុន កំពុងរៀបចំឈុតឆាក ដើម្បីបង្កលេស ក្នុងការដកខ្លួនចេញ ពីជំនួបកំពូល ហើយវាអាចជាអ្វី ដែលធ្វើឲ្យប្រជាជាតិអាមេរិក រងការឈឺចាប់។ ដូច្នេះ លោក ត្រាំ បានសម្រេចចិត្តដើរមួយជំហានមុន។»។
សារព័ត៌មានខាងលើ បានសរសេរបន្តថា «លោក ត្រាំ មានការភ័យខ្លាចខ្លាំងណាស់ ពីភាពអាម៉ាស» ដែលជាសំដីរបស់អ្នកកាសែតដ៏ល្បីមួយរូប គឺលោក «Tony Schwartz» ដែលស្គាល់លោក ដូណាល់ ត្រាំ និងដែលធ្លាប់និពន្ធរួមគ្នា កាលពីទសវត្សន៍ឆ្នាំ៨០ នូវសៀវភៅមួយ មានចំណងជើងថា «សិល្បៈនៃការចរចា»។
រីឯលោក «Gerald Seib» នាយកការិយាល័យ របស់សារព័ត៌មាន «Wall Street Journal» ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន បានអះអាងថា បរាជ័យនៃជំនួប ជាប្រវត្តិសាស្ត្រនេះ បណ្ដាលមកពីប្រទេសទាំងពីរ មិនយល់ឲ្យបានស៊ីជម្រៅ ពីអ្វីដែលភាគីម្ខាងៗលើកឡើង។ នៅពេលដែលជំនួបឈានជិតមកដល់ ភាគីម្ខាងៗ ចេះតែនិយាយការពារជំហរ ឬទស្សនៈរបស់ផងខ្លួន ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ។ លោកសន្និដ្ឋានថា៖ «ភាពតានតឹង បានកើតឡើងទ្វេឡើង មួយរំពេច រហូតដល់ថ្នាក់ បែកធ្លាយដូច្នេះ»។
«សហរដ្ឋអាមេរិក ទាមទារឲ្យមានការរំសាយចេញទាំងអស់ ពិតប្រាកដ និងមិនអាចត្រឡប់ក្រោយបាន នូវអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ដើម្បីជាថ្នូរ ទៅនឹងលើកចេញវិញ នូវទណ្ឌកម្មអន្តរជាតិ។ តែប្រទេសកូរ៉េកុម្មុយនីស្ដិ៍វិញ បានទាមទារ ឲ្យមានការខិតជិតគ្នា បន្តិចម្ដងៗ។» នេះ បើតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េខាត្បូង ឈ្មោះ «The Korea Herald»៕