ពិភពលោកឆ្នាំ២០៣០ នឹងក្លាយជាយ៉ាងដូចម្ដេច?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមប្រឹក្សាចំណេះដឹងជាតិអាមេរិក ទើបនឹងបានចេញផ្សាយ របាយការណ៍មួយ និយាយវិភាគពីព្រឹត្តិការណ៍ធំៗទាំងឡាយ ដែលនឹងអាចកើតមានឡើងនៅឆ្នាំ២០៣០។
ពិភពលោក បាំងបិទដោយ ពន្លឺព្រះអាទិត្យ។ រូបភាពចក្ខុវិស័យ ជាលក្ខណៈ 3D។
ជារៀងរាល់៤ឆ្នាំម្ដង ស្ថាប័នចំណេះដឹងរបស់អាមេរិកមួយនេះ តែងបញ្ចេញអោយគេដឹងពី ចក្ខុវិស័យដែលនឹងអាចកើតមានឡើង នៅ២០ឆ្នាំខាងមុខ។ របាយការណ៍របស់ក្រុមប្រឹក្សានោះ មានរួមបញ្ចូល ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ... អនុសាសខ្លះទៀតដូចជា៖ ប្រសិនជាគេអាបញ្ជៀសបាននូវសង្គ្រាមនុយក្លេអ៊ែរ ការឆ្លងជម្ងឺដ៏ធំមួយ ការជន់ជោរជាលំដាប់ នៃកំរិតទឹកសមុទ្រ ឬការធ្លាក់ចុះនៃតំបន់អ៊ឺរ៉ូ ... គេអាចរស់បានក្នុងពិភពលោកមួយ ដែលមានប្រជាជនមកពីគ្រប់ជាតិសាសន៍ ហើយវិសមភាពត្រូវបានកាត់បន្ថយ និងបច្ចេកវិទ្យា ដែលនឹងអនុញ្ញាតិ អោយគេរស់បានប្រសើរជាងមុន ...នោះជាដើម។
ស្ថានភាពសេដ្ឋកិច្ច ដែលមិនអាចដឹងមុនបាន
គេនឹងបានយល់ ពីភពប្រសបគ្នាមួយយ៉ាងធំសម្បើម តែមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក ដែលប្រៀបបាននឹងការដួលរលំ នៃជញ្ជាំងខ័ណ្ឌទីក្រុងប៊ែរឡាំង យ៉ាងដូច្នេះ។ និយាយជារួម សេដ្ឋកិច្ចពិភពលោក អាចនឹងផ្អៀងទៅរកខាងណាមួយ បានគ្រប់ពេល។ ការក្ស័យធនរបស់ប្រទេសក្រិច និងការចាកចេញពីតំបន់អ៊ឺរ៉ូ របស់ប្រទេសនេះ អាចនឹងរងផលប៉ះពាល់ខ្លាំងជាងអ្វី ដែលខ្លួនកំពុងជួបនៅថ្ងៃនេះ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏កំណើនសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកមានតែនៅអាមេរិកខាងជើង ជប៉ុន និងប្រទេសផ្នែកខាងលិចនៃអ៊ឺរ៉ុបនោះ នឹងធ្លាក់ថយក្រោយ។ តែផ្ទុយទៅវិញ សុខភាពសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន នឹងកើនឡើង យ៉ាងប្រសើរ ជាពិសេសសម្រាប់ប្រទេសចិន ឥណ្ឌា និងប្រទេសប្រស៊ីល។ ប្រទេសចិន នឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយ នៅមុនឆ្នាំ២០៣០នេះបន្តិច និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត នឹងទទួលផលពីកំណើនសេដ្ឋកិច្ចនេះ។
ភូមិសាស្ត្រនយោបាយ៖ ដំណើរឆ្ពោះទៅរកតុល្យភាពជាថ្មីមួយ
ការផ្លាស់ប្ដូសេដ្ឋកិច្ចពិភពលោក នឹងមានឥទ្ធិពលខ្លាំង ទៅលើប្រព័ន្ធភូមិសាស្ត្រនយោបាយ។ ការពង្រីកថវិកា ដើម្បីអភិវឌ្ឍន៍វិស័យយោធា នៅទ្វីបអាស៊ី នឹងមានកំរិតខ្លាំងជាង ប្រទេសនៅអាមេរិកខាងជើង និងនៅអ៊ឺរ៉ុប។ ពិភពលោក នឹងទទួលអោយរស់នៅជាមួយគ្នា នូវបណ្ដាជនមកពីគ្រប់ជាតិសាសន៍។ ការគម្រាមធំបំផុត ដល់សន្តិភាពពិភពលោក នឹងចេញពីទីក្រុងតែអ៊ៀរ៉ង់ នៃប្រទេសអ៊ៀរ៉ង់។ របាយការណ៍នោះ បានសរសេរយ៉ាងដូច្នេះថា «ក្នុងផ្នែកមួយ បើសិនជាប្រទេសអ៊ៀរ៉ង់ ស្ថិតនៅជាសាធារណរដ្ឋអ៊ីស្លាម និងមានអាវុធនុយក្លេអ៊ែរនោះ អនាគតនៃតំបន់បូព៌ាកណ្ដាល នឹងមានឡើង ជាមួយនឹងភាពមិនច្បាស់លាស់។ ក្នុងផ្នែកមួយទៀត ការវិវត្តន៍ ឬកិច្ចព្រមព្រៀងថ្មីៗទៀត រវាងរដ្ឋាភិបាលប៉ាឡេស្ទីន និងអ៊ីស្ត្រាអែល អាចនឹងធ្វើអោយមានការផ្លាស់ប្ដូ ជាវិជ្ជមានយ៉ាងច្រើនទៀត។»
ជាមួយនឹងទំនើបកម្ម នៃសង្គមរស់នៅរបស់មនុស្ស និងការចូលទៅប្រាស្រ័យទាក់ទងគ្នា ក្នុងប្រព័ន្ធពត៌មានវិទ្យា និងប្រព័ន្ធសង្គមលើអាំងធើណែត កាន់តែមានភាពងាយស្រួលនោះ បណ្ដាញភេវរកម្ម ក្នុងពិភពលោកនឹងត្រូវកាត់បន្ថយ តែអាចក្លាយជាមានគ្រោះថ្នាក់ខ្លាំងជាមុន។ មនុស្សធម្មតាៗ នឹងអាចប្រមូលផ្ដុំគ្នា ដើម្បីកាប់កាប់នៅក្នុងដៃ នូវអាវុធមេរោគ និងមានជាតិគីមី។ ប្រព័ន្ធភេវរកម្មតាមអាំងធើណែត នឹងអាចវិវត្តខ្លាំងឡើង ដើម្បីបង្កភាពរអាក់រអួល ទៅលើដំណើរការ នៃទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ពិភពលោក។
ស្ថិតិប្រជាជន៖ អ្នកមានជីវភាពមធ្យម នឹងកើនឡើងនៅក្នុងពិភពលោក
ប្រជាជនក្នុងពិភពលោក នឹងកើនឡើងពី ៧,១កោដនាក់ នៅថ្ងៃនេះ ទៅដល់៨,៣កោដនាក់ នៅឆ្នាំ២០៣០។ ហើយដំណើរការឈានឡើងនេះ នឹងវិវត្តន៍ឡើងខ្លាំង នូវអ្នកមានកំរិតជីវភាពមធ្យម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចយ៉ាងប្រទេសឥណ្ឌាជាដើម។ តែបញ្ហា នៃមនុស្សដែលមានវ័យកាន់តែចាស់ នឹងមានលក្ខណៈកាន់តែធ្ងន់ឡើងៗ នៅប្រទេសជប៉ុន និងបស្ចឹមលោក ជាពិសេស ជុំវិញបញ្ហា នៃកម្លាំងពលកម្ម និងប្រាក់បំណាច់នៅពេលចូលនិវត្តន៍។ ការវិវត្តន៍ទៅមុខ នៃវិស័យវេជ្ជសាស្ត្រ នឹងត្រូវអនុញ្ញាតអោយ មនុស្សក្នុងពិភពលោក អាចធ្វើការបានកាន់តែច្រើន និងយូរជាងពេលបច្ចុប្បន្ន។
ជម្ងឺឆ្លង៖ នឹងអាចកើតមានយ៉ាងខ្លាំង
មេរោគ បង្កបញ្ហាដល់ផ្លូវដកដង្ហើម (SRAS) និងផ្ដាសាយ (H1N1) បានប្រកាសប្រាប់ជាមុនរួចហើយ ពីមេរោគដែលអាចចម្លង ពីសត្វ មកមនុស្សបានយ៉ាងងាយ និងរាលដាលយ៉ាងខ្លាំង។ ដោយសារការរស់នៅ រួមបញ្ចូលគ្នា ទាំងនៅក្នុងទីក្រុង និងទីរួមខេត្តស្រុកធំៗផងនោះ ភ្នាក់ងារចម្លងរោគ ដែលអាចសម្លាប់មនុស្សត្រឹមតែ១% នៅថ្ងៃនេះ អាចនឹងពង្រីកខ្លួន នៅក្នុងពិភពលោកទាំងមូល ក្នុងរយះពេលមិនដល់ ៦ខែ ហើយអាចសម្លាប់មនុស្ស ជាច្រើនលាននាក់។
បរិស្ថាន៖ ច្បាប់នៃអ្នកខ្លាំង !
ការព្យាករណ៍ បានប្រមើលមើលឃើញ ពីភាពធ្ងន់ធ្ងរនៅក្នុងបញ្ហាបរិស្ថាននេះ «ជាមួយនឹងតំបន់ដែលសើមសព្វថ្ងៃ នឹងក្លាយជាសើមខ្លាំង និងតំបន់ដែលរាំងស្ងួតនៅថ្ងៃនេះ នឹងប្រែក្លាយជារាំងស្ងួតខ្លាំងជាងមុន»។ បញ្ហានេះ នឹងបង្កផលប៉ះពាល់ខ្លាំង ទៅលើវិស័យកសិកម្មពិភពលោក និងតម្រូវអោយមានការពង្រឹងបន្ថែមទៀត ទៅលើវិស័យជីវសាស្ត្រ ដោយមានការរួមសហការ រវាងរដ្ឋនិងរដ្ឋ រវាងអំណាចសាធារណ និងវិស័យឯកជន ដើម្បីប្រឈមបង្កា នឹងគ្រោះខ្វះចំណីអាហា។
បច្ចេកវិទ្យា៖ សម័យកាល នៃមហាទិន្នន័យ និងមនុស្សជាតិ នឹងកើនឡើង
ហ្គូហ្គើល (Google) ហ្វេសប៊ុក (Facebook) អ័បផល (Apple) អាម៉ាហ្សុន (Amazon) ... សុទ្ធសឹងជាតួអង្គយ៉ាងសំខាន់ ដែលនឹងរួមចំណែកផ្ដល់ទិន្នន័យ និងពត៌មានលឿនរហ័ស មានប្រសិទ្ធិភាពឆ្ងាយជាង ពីមធ្យោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងឡាយ។ សម័យកាល នៃ«មហាទិន្នន័យ (big data)» នឹងជួយប្រតិបត្តិភ្លាមៗ ជាលក្ខណៈស្វ័យប្រវត្ត នូវគុណភាពនៃវិស័យពត៌មានវិទ្យា ដែលនឹងផ្ដល់ជាប្រយោជន៍ ដល់គ្រប់វិស័យ ជាពិសេស វិស័យសុខភាព ហិរញ្ញវត្ថុ ការផ្សាយពាណិជ្ជកម្មដែលត្រូវទិសដៅ និងការប្រយុទ្ធប្រឆាំងទល់នឹងឧក្រិដ្ឋកម្ម។ បើទោះវាជានយោបាយ ដែលសម្រេចដោយរដ្ឋាភិបាលក៏ដោយ តែបច្ចេកវិទ្យាក្នុងសម័យថ្មី នឹងជួយពន្លឿន ពន្យឺត ឬតម្រូវការកែប្រែ នយោបាយនោះ ពីសំណាក់បណ្ដាជនដោយុផ្ទាល់។
មួយវិញទៀត ការបញ្ចញរូបភាព 3D តម្រូវអោយមាន ការផលិតកើនឡើងខ្លាំង នូវប្រដាប់ប្រដាប្រើបច្ចេកវិទ្យាទាំងនេះ ដែលនឹងក្លាយជាបដិវត្តន៍បច្ចេកវិទ្យាយ៉ាងធំមួយ សម្រាប់សហគ្រាសខ្នាតមធ្យម និងធំៗ ក្នុងពិភពលោក។
«មនុស្សនឹងអាចផលិតអោយចេញ នូវឈាម និងប្រដាប់ប្រដាគ្រឿងក្នុង ជាលក្ខណៈសិប្បនិមិត្ត ពីពេលនេះ ទៅដល់ឆ្នាំ២០៣០។ ប៉ុន្តែ មនុស្សនៅត្រូវការ បោះជំហ៊ានទៅមុខដ៏ធំបន្ថែមទៀត។» នៅក្នុងវិស័យវិទ្យាសាស្ត្រមនុស្ស និងវេជ្ជសាស្ត្រនេះដដែល មនុស្សនឹងអាចបន្ថែមសមត្ថភាពយ៉ាងច្រើនថែមទៀត ជំនួសអោយអវយវះរបស់ខ្លួន ជាពិសេសសម្រាប់មនុស្សពិការ និងមនុស្សចាស់។ រូបរាងខាងក្រៅនៃ «ម៉ាស៊ីនខួរក្បាល»របស់មនុស្ស និងការប្រឆាំងទល់នឹងជម្ងឺពីធម្មជាតិ នឹងត្រូវទទួលការអភិវឌ្ឍន៍ឡើង ដើម្បីតម្រូវទៅនឹង ការ«ចង់រស់អោយបានយូរ» របស់មនុស្ស ក្នុងសម័យថ្មី៕
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ