អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 14, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសភាជាតិ នៃប្រទេសអ៊ុយក្រែន ពួកអ្នកតំណាងរាស្ត្រ បានប្រែក្លាយទីលានពិភាក្សា ប្រជាធិបតេយ្យរបស់ជាតិ ជាទីលានប្រដាល់ បើសូម្បីមានអាជ្ញាកណ្ដាលរាប់សិបនាក់ បានចូលទៅឃាត់ក៏ដោយ។
ជម្លោះក្នុងសភាជាតិ ក្នុងទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។
ក្រុមអ្នកតំណាងរាស្រ្ត នៃប្រទេសអ៊ុយក្រែន បានយល់ព្រម ទៅលើការតែងតាំង មនុស្សពីរនាក់ ជិតដិតនឹងប្រធានាធិបតី សម្រាប់កៅអីជានាយករដ្ឋមន្ត្រី និងប្រធានសភា។ តែខណៈពេលការបោះឆ្នោត កំពុងតែប្រព្រឹត្តិទៅ ជម្លោះវាយតប់គ្នា យ៉ាងហឹង្សាមួយបានកើតឡើង រវាងក្រុមអ្នកស្និតនឹងរដ្ឋាភិបាល និងក្រុមប្រឆាំង។
គណបក្សតំបន់ របស់លោកប្រធានាធិបតី វិចទ័រ អ៊ីអាននូកូវិច (Viktor Ianoukovitch) និងគណបក្សសម្ព័ន្ធមិត្ត បានសម្រេចដោយជោគជ័យ ដើម្បីទទួលបានសម្លេងភាគច្រើន បន្ទាប់ពីការបោះឆ្នោតតំណាងរាស្ត្រ ធ្វើកាលពីខែតុលាកន្លងទៅ ហើយត្រូវបានបរិហាដោយបស្ចឹមលោក ថាជាការបោះឆ្នោតមិនស្របច្បាប់នោះ។
គណបក្សប្រឆាំងនៅក្នុងប្រទេសនេះ ចំនួនបី បានសន្យាថានឹងនៅតស៊ូ ទប់ទល់នឹងអំណាចដ៏ធំធេង គ្រប់គ្រងច្បាមយកដោយប្រធានាធិបតី។
សម្រាប់ថ្ងៃទីពីនៃកិច្ចប្រជុំដំបូង របស់អ្នកតំណាងរាស្ត្រទើបនឹងជាប់ឆ្នោតថ្មី នៅក្នុងសភាជាតិ នៅព្រឹកថ្ងៃព្រហស្បត្ត៍នេះ ពួកអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានសម្រេចវាយផ្ដាច់ព្រ័ត ដោយយកទីនោះ ជាទីលានប្រដាល់មួយ ទល់នឹងក្រុមអ្នកតំណាងមកពីរដ្ឋាភិបាល។ មានអ្នកតំណាងរាស្ត្របានឈ្លោះ ជេរបញ្ចោរគ្នា និងបោកចំបាប់គ្នា ខណៈមានអ្នកតំណាងរាស្ត្រមួយចំនួនទៀត កំពុងដួលត្រឡប់ត្រឡិន នៅពេញនោះ។
មូលហេតុ៖ មកពីក្រុមអ្នកតំណាងរាស្ត្រប្រឆាំង «ក្ដៅក្រហាយ» នឹងឃើញពួកអ្នកតំណាងរាស្ត្រផ្សេងទៀត ជាពិសេសក្រុមស្និតនឹងរដ្ឋាភិបាល បោះឆ្នោតជំនួសអ្នកអវត្តមាន ដែលនៅក្នុងច្បាប់បានហាមឃាត់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅក្រោយពីជម្លោះវាយតប់នេះ លោកវូលូឌីមៀរ រ្វបាក់ (Volodimir Rybak) ត្រូវបានជាប់ឆ្នោតជាប្រធានសភា និងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក មីកូឡា អាហ្សារ៉ូវ ត្រូវបានជ្រើសរើស អោយអង្គុយនៅលើកៅអីនេះ ដែលមានលក្ខណៈជាប្រចាំ៕
សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ