ថៃ៖ អតីត​នាយក​រដ្ឋមន្ត្រី អាភីស៊ីត ជាប់​ចោទ​ក្នុង​ឃាតកម្ម​ឆ្នាំ​២០១០

«ខ្ញុំគ្មានទោសពៃអ្វីទេ ហើយខ្ញុំសូមច្រានចោល រាល់ការចោទប្រកាន់។» លោកអាភីស៊ីតបានប្រកាសដូច្នេះ ដោយបញ្ជាក់ «វាជារឿងនយោបាយ» នៅពេលពួកលោកបានចេញមកវិញ ពីការហៅទៅសាកសួរ អស់រយះពេល៤ម៉ោង ដោយមជ្ឈមណ្ឌលស៊ើបអង្កេតពិសេស នៃក្រសួងយុត្តិធម៌ថៃរួចមក។ មជ្ឈមណ្ឌលនេះបានចោទប្រកាន់លោកទាំងពីរ ពីទម្ងន់ទោសយ៉ាងជ្រៅមួយ ទាក់ទងនឹងការបង្ក្រាបដោយហឹង្សា ធ្វើដោយកងទ័ពថៃនៅពេលនោះ ទៅលើបាតុករស៊ីវិល។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វៀចាជីវ៉ា បានជាប់ចោទ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ធ្នូនេះ ថាបានទទួលខុសត្រូវ ក្នុងសំនុំរឿងបាញ់​សម្លាប់ប្រជាជនស៊ីវិល ដោយកងទ័ព កាលពីពេលធ្វើមហាបាតុកម្ម នៅឆ្នាំ២០១០។ ជាសំនុំរឿងមួយ ដែលនៅតែស្ថិតជានិមិត្តរូប នៃការបែបបាក់ផ្នែកនយោបាយ និងបានគម្រាមកំហែងជារៀងរហូតមក ទៅលើការផ្សះផ្សាជាតិ នៃព្រះរាជាណាចក្រ។


អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វៀចាជីវ៉ា នៅមុខមជ្ឈមណ្ឌលស៊ើបអង្កេតពិសេសថៃ កាលពីថ្ងៃ១២ធ្នូ។
រូបថត AP Photo/Sakchai Lalit។

លោក អាភិស៊ីត វៀចាជីវ៉ា (Abhisit Vejjajiva) បានជាប់ចោទ និងត្រូវជាប់អង្កេត ជាមួយនឹងអតីតឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក ស៊ូថេប ថូស៊ូបាន (Suthep Thaugsuban)។

«ខ្ញុំគ្មានទោសពៃអ្វីទេ ហើយខ្ញុំសូមច្រានចោល រាល់ការចោទប្រកាន់។» លោកអាភីស៊ីតបានប្រកាសដូច្នេះ ដោយបញ្ជាក់ «វាជា​រឿងនយោបាយ» នៅពេលពួកលោកបានចេញមកវិញ ពីការហៅទៅសាកសួរ អស់រយះពេល៤ម៉ោង ដោយមជ្ឈមណ្ឌលស៊ើប​អង្កេតពិសេស នៃក្រសួងយុត្តិធម៌ថៃរួចមក។ មជ្ឈមណ្ឌលនេះបានចោទប្រកាន់លោកទាំងពីរ ពីទម្ងន់ទោសយ៉ាងជ្រៅមួយ ទាក់ទងនឹង​ការបង្ក្រាបដោយហឹង្សា ធ្វើដោយកងទ័ពថៃនៅពេលនោះ ទៅលើបាតុករស៊ីវិល។

អតីតនាយករដ្ឋមន្ត្រី និងអតីតឧបនាយករដ្ឋមន្ត្រី ទាំងពីរូប ជាមេដឹកនាំតែពីរនាក់គត់ ដែលបានជាប់ពាក់ព័ន្ធនឹងសំនុំរឿងនេះ ខណៈ​មេដឹកនាំបាតុកម្មក្នុងសម័យនោះ ចំនួន២៤នាក់ បានប្រឈមមុខ នឹងត្រូវតុលាការកាត់ទោស ពីបទ«ធ្វើភេវរកម្ម»។

កាលពីរដូវផ្ការីកឆ្នាំ២០១០ បណ្ដាជនស្មោះស្ម័គ្រនឹង អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ប្រមាណជា ១០០ ០០០នាក់ ដែលមានពាក់អាវក្រហម (ឬដែលគេហៅថា ក្រុមអាវក្រហម) បានចុះមកកាន់កាប់ ផ្នែកកណ្ដាល ទីក្រុងបាងកក អស់រយះពេល​ជាង​២ខែ ដើម្បីសុំអោយលោកអាភីស៊ីត លាលែងចេញពីតំណែង។ តែពួកអ្នកទាមទារទាំងនោះ ត្រូវ​បានកងទ័ពបណ្ដេញចេញ ដោយ​ប្រើកម្លាំងប្រដាប់អាវុធយ៉ាងហឹង្សា ហើយបណ្ដាលអោយមានមនុស្ស ប្រមាណជា៩០នាក់ស្លាប់ ១៩០០នាក់ផ្សេងទៀតរងរបួស និងអាគារធ្វើការ ហាងលក់ទំនិញ ជាច្រើនត្រូវបានដុតបំផ្លាញ។ ជាតួលេខយ៉ាងធ្ងន់មួយ បង្កជាវិបត្តិ​យ៉ាងធំ មិនដែលធ្លាប់ស្គាល់ នៅ​ក្នុងប្រវត្តិសាស្ត្រទំនើប នៃព្រះរាជាណាចក្រថៃ។

បន្ទាប់ពីនោះ ប្រទេសថៃនៅតែប្រឈមមុខយ៉ាងជ្រាលជ្រៅ ទល់នឹងការបែបចែងរវាងបណ្ដាអ្នកស្និតនឹង អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ដែលត្រូវកងទ័ពធ្វើរដ្ឋប្រហាបណ្ដេញពីអំណាច កាលពីឆ្នាំ២០០៦ និងបណ្ដាអ្នកដែលសម្លឹងឃើញលោក ថាក់ស៊ីន ថា​ជា​គ្រោះថ្នាក់ សម្រាប់រាជានិយម។ ការបែកបាក់ ដែលកើតចេញពីការធ្វើបាតុកម្មជារឿយៗ ដែលបានតម្លើង និងទម្លាក់រដ្ឋាភិបាលថៃ​ជាច្រើនដង ក្នុងប៉ុន្មានឆ្នាំចុងក្រោយ និងជាពិសេសគឺមហាបាតុកម្មចុងក្រោយ នៅឆ្នាំ២០១០នេះ ធ្វើឡើងយដោយពួក អ្នកមាន​សមាណចិត្តនឹងលោក ថាក់ស៊ីន ដែលភាគច្រើនជាប្រជាជន នៅជនបទស្រែចំការភាគខាងជើងនៃប្រទេស ទល់នឹងក្រុមអ្នក​អន្ទ្រើសៗ រស់នៅទីក្រុងបាងកក។

លោកអាភិស៊ីត បាននិយាយដដែលៗ ថាតាំងពីដំបូងមក វាគ្មានអ្វីនឹងអាចមកចោទប្រកាន់ លើរូបលោកបានទេ។ លោកបានពន្យល់​ទៅកាន់ភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ យ៉ាងដូច្នេះថា «ខ្ញុំគិតថា មនុស្សជាច្រើនយល់ពីភាពខិតខំរបស់ខ្ញុំ ដើម្បីជៀសវាង​ការខាតបង់។ នៅពេលនោះ វាជាភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការស្ដារស្ថានភាព មករកប្រក្រតីភាពវិញ។»

លោកបានបញ្ជាក់ថា លោកសុខចិត្តទទួលទោស ជៀសជាង«ចរចារ»ជាមួយរដ្ឋាភិបាល ទៅលើគម្រោងច្បាប់មួយ របស់សម្លេងភាគ​ច្រើន​នៅក្នុងរដ្ឋសភា និយាយពីការចង់លើកលែង«ទោសនយោបាយ» ដែលនឹងផ្ដល់អត្ថប្រយោជន៍ ដល់ទណ្ឌិត ថាក់ស៊ីន។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាវីរបុរសរបស់ក្រុមអាវលឿង និងជាបងប្រុសរបស់នាយករដ្ឋមន្ត្រីសព្វថ្ងៃផងនោះ កំពុងរស់នៅ​បរទេស ដោយភៀសខ្លួនពីការផ្ដន្ទាទោសរយះពេលពីរឆ្នាំ ក្នុងពន្ធនាគារ ពីបទ«ពុករលួយ» សម្រេចដោយតុលាការថៃ។

ការចោទប្រកាន់លើ អតីតមេដឹកនាំរដ្ឋាភិបាល លោកអាភិស៊ីត បានកើតឡើងចំពេល ដែលសាវនាការកាត់ទោស មេដឹកនាំ​ក្រុម​អាវ​ក្រហម ២៤នាក់ ក្នុងនោះមាន ៥នាក់ជាតំណាងរាស្ត្រស្និតនឹងលោក ថាក់ស៊ីន ផងត្រូវបានបើកធ្វើនៅថ្ងៃព្រហស្បត្តិ៍នេះដែរ ពីបទ​«ភេវរកម្ម»។ តែសាវនាការ បានលើកថ្ងៃទៅថ្ងៃសុក្រវិញ បន្ទាប់ពីបានលើកថ្ងៃបែបនេះ ជាច្រើនដងរួចកន្លងមក។

អ្នកវិភាគនយោបាយថៃម្នាក់ លោកធីទីនន ពង្សស៊ុដវីរះ (Thitinan Pongsudhirak) បានគិតថា ភាគីជម្លោះម្ខាងៗ កំពុងតែខិតខំ​លាបពណ៌អោយម្ខាងទៀត។ លោកមិនសង្ឃឹមថា លោកអាភីស៊ីត និងលោកស៊ូថេប ដែលមានអ្នកគាំទ្រច្រើនដែរនោះ នឹងត្រូវ​ជាប់ទោស នៅក្នុងពន្ធនាគារនោះទេ។ តែយ៉ាងហោចណាស់ លោកបានវាយតម្លៃថា ការចោទប្រកាន់នេះ ជាការវិវត្តថ្មីមួយ សម្រាប់ប្រទេសថៃ។ លោកបានលើកឡើងថា «កន្លងមក ការវាយបង្ក្រាបបាតុកម្ម ពីសំណាក់រដ្ឋាភិបាល មិនដែលមានការពិន័យ​អ្វីឡើយ។ តែលើកនេះ ជាលើកទីមួយហើយ ដែលមេដឹកនាំរដ្ឋាភិបាល ត្រូវគេអោយទទួលខុសត្រូវ លើការស្លាប់របស់បាតុករ។»

លោកអាភីស៊ីត និងលោក ស៊ូថេប ត្រូវបានជាប់អង្កេត ក្នុងសំនុំរឿងមួយ ទាក់ទងនឹងឃាតកម្មរបស់ អ្នកបើករថយន្ដឈ្នួលម្នាក់ អាយុ​៤៣ឆ្នាំ ដែលត្រូវគ្រាប់កាំភ្លើង កាលពីខែឧសភាឆ្នាំ២០១០ កណ្ដាលការប្រទូសរ៉ាយ៍ ក្នុងទីក្រុងនៅពេលនោះ។ គ្រាប់កាំភ្លើងនេះ ត្រូវ​បានតុលាការឧក្រិដ្ឋកម្មថៃ ទទួលស្គាល់ កាលពីខែកញ្ញាថា «បានបាញ់ចេញពីកាំភ្លើងរបស់កងទ័ព»។ តែទាហ៊ាននោះ មិនត្រូវបាន​គេស្គាល់អត្តសញ្ញាណទេ។

អ្នកច្បាប់ថៃម្នាក់ បាននិយាយថា «នៅពេលទាហ៊ានធ្វើតាមបញ្ជា ទាហ៊ាននោះនឹងត្រូវបានការពារ» ដោយ​បានអះអាងថា ទាហ៊ាន​បានធ្វើនៅពេលនោះ ដោយសារមានបញ្ជាពីរដ្ឋាភិបាល៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...