កម្ពុជា៖ សហជីពសេរីកម្មករ ប្តឹងក្រុមហ៊ុនទូរសព្ទ័ចល័តអ៊ឹមហ្វូន (Mfone)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហជីពសេរីកម្មករ បានដាក់ពាក្យបណ្តឹង ទៅនាយកដ្ឋានវិវាទការងារ ប្តឹងនាយកក្រុមហ៊ុនអ៊ឹមហ្វូន ពីបទមិន«គោរពច្បាប់ការងារ» ដោយបានព្យួរការងារបុគ្គលិកស្រ្តី ចំនួន៥០នាក់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ហើយសន្យាឲ្យបុគ្គលិកទាំងនោះ រងចាំដោយគ្មានកាលកំណត់ច្បាស់លាស់ និងមិនមានប្រាក់ខែ។
រូបគេហទំព័ររបស់ ប្រព័ន្ធទូរស័ព្ទចល័តអ៊ឺមហ្វូន។
លោក ម៉ាន់ សេងហាក់ អគ្គហិរញ្ញិក សហជីបសេរីកម្មករ បញ្ជាក់ថា ការដាក់ពាក្យបណ្តឹងនេះ ដោយមានការពឹងពាក់ ពីបុគ្គលិកក្រុមហ៊ុនទូរសព្ទ័ចល័តអ៊ឹមហ្វូន(Mfone) ចំនួន២៥នាក់ ។លោកបន្តថា ក្រុមហ៊ុនបានព្យួរការងារបុគ្គលិក រហូតដល់៥០នាក់ ដោយគ្មានពេលកំណត់ និងមិនមានការទទួលខុសត្រូវឡើយ។ អគ្គហិរញ្ញិករូបនេះបន្តថា តាមនីតិវិធីរបស់ក្រសួងការងារ យ៉ាងយូរម្ភៃមួយថ្ងៃ ឬសែសិបប្រាំបីម៉ោង បើវិវាទនោះជាវិវាទរួម គេនឹងចុះធ្វើអន្តរាគម។ លោកថា ពាក្យបណ្តឹងដាក់ពីម្សិលម៉ិញ ឥឡូវពុំទាន់ទទួលបានព័ត៌មានអ្វីពីក្រសួងទេ។ លោករំពឹងថា ខាងក្រុមហ៊ុន នឹងមានដំណោះស្រាយសមរម្យមួយជូនពួកបុគ្គលិក។ តែបើគ្មានដំណោះស្រាយណាមួយជាក់លាក់ ទាំងខាងក្រុមហ៊ុន ទាំងខាងក្រសួងការងារទេ នោះសហជីបសេរីកម្មករ នឹងដឹកនាំកម្មករទាំងអស់នេះ ធ្វើបាតុកម្មអហិង្សា នៅមុខក្រុមហ៊ុនទូរសព្ទ័ចល័ត អ៊ឹមហ្វូន (Mfone) តែម្តងដើម្បីទាមទារឲ្យមានការគោរពច្បាប់ និងសិទ្ធិការងាររបស់បុគ្គលិក ។
«ខ្លាចប៉ះពាល់ដល់ការប្រជុំអាស៊ាន» !
អ្នកស្រី ភុន កែវពិសិទ្ធិ តំណាងឲ្យកម្មករចំនួន៥០នាក់ ដែលត្រូវបានក្រុមហ៊ុនទូរសព្ទ័ចល័តអ៊ឹមហ្វូន ព្យួរការងារពួកគាត់តាំងពីខែវិច្ឆិការ ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ដោយពុំមានដំណោះស្រាយ ណាមួយពីក្រុមហ៊ុនឡើយ ដោយគ្រាន់តែប្រាប់ថាឲ្យរង់ចាំតែប៉ុណ្ណោះ។ អ្នកស្រីបាននិយាយថា «ពួកខ្ញុំសុំជួបចចារជាមួយគាត់ ថាត្រួវមានដំណោះស្រាយជាមួយពួកខ្ញុំ ព្រោះគាត់ថាផ្អាកការងារពួកខ្ញុំមួយខែ ឬក្រោមមួយខែ។ ដល់ពេលមួយខែ ពួកខ្ញុំចូលជួបសួរព័ត៌មានពីគាត់ ដើម្បីផ្តល់ដំណោះស្រាយ គាត់គ្មានដំណោះស្រាយទេ ដោយឲ្យពួកខ្ញុំបន្តការរង់ចាំ។» អ្នកស្រីបន្តថា ខាងក្រុមហ៊ុនពេលបញ្ឈប់នោះ មិនបានជូនដំណឹងដល់បុគ្គលិកជាមុននោះទេ គឺប្រាប់ថ្ងៃហ្នឹង ឲ្យឈប់ថ្ងៃហ្នឹងតែម្តង ដោយអះអាងថាថា «ខ្លាចប៉ះពាល់ដល់ការប្រជុំអាស៊ាន» ។
តំណាងរូបនេះបន្តថា ពួកគាត់ទាំងអស់គ្នា ធ្វើការផ្នែក «ផ្តល់ព័ត៌មានត្រឡប់ទៅភ្ញៀវវិញ» ដែលផ្នែកនេះបច្ចុប្បន្ននៅមានបុគ្គលិកប្រាំនាក់ធ្វើការជំនួស ហើយពួកគាត់នោះជាជំនួយការ ដែលមើលការខុសត្រូវរួមលើពួកគាត់។ អ្នកស្រីបានបញ្ជាក់ថា ម្សិលមិញខាងក្រុមហ៊ុនបានទាក់ទងមកលោកស្រី សុំជួបជាមួយអ្នកតំណាងពីរនាក់ ដើម្បីធ្វើការដោះស្រាយ តែមិនបានបញ្ជាក់ថាថ្ងៃណា និងពេលណាជាក់លាក់នោះទេ ។
លោក ជា សេងហុង នៃនាយកដ្ឋានវិវាទការងារ មិនអាចធ្វើការបកស្រាយលើពាក្យបណ្តឹងនោះបានទេ ដោយលោកជាប់រវល់ ដោយលោកគ្រាន់តែបញ្ជាក់ថា «ពាក្យបណ្តឹងនោះ នាយកដ្ឋានបានទទួលហើយ កាលពីម្សិលម៉ិញ ហើយកំពុងចាត់ការតាមនីតិវិធី»។
ឆ្លើយតបនឹងការសាកសួរ របស់មនោរម្យព័ងអាំងហ្វូ អ្នកទទួលទូរស័ព្ធទំនាក់ទនង របស់ក្រុមហ៊ុនទូរសព្ទ័ចល័តអ៊ឹមហ្វូន បានបញ្ជាក់ថា ក្រុមហ៊ុនមិនធ្វើការបកស្រាយអ្វីទាំងអស់ ចំពោះករណីនៃការបញ្ឈប់ បុគ្គលិកទាំងនោះទេ។
សួមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ប្តឹងនាយកក្រុមហ៊ុនអ៊ឹមហ្វូន ពីបទមិន«គោរពច្បាប់ការងារ»ចំពោះបុគ្គលិក ដោយអះអាងថាក្រុមហ៊ុនមានចេតនាចង់បញ្ឈប់បុគ្គលិកទាំងនោះ ដោយពុំផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ការងារឡើយ។ ក្រុមហ៊ុនទូរសព្ទ័ចល័តមួយនេះ ជាកម្មសិទ្ធិរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច និងជាមិត្តភ័ក្រដ៏ជិតស្និទ្ធ របស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន។
កាលពីពាក់កណ្តាលឆ្នាំ២០១២ ក្រុមហ៊ុន អ៊ែលតិក វ៉ាល័រ (Eltek Valere) របស់ប្រទេសន័រវ៉េស បានប្តឹងក្រុមហ៊ុនអ៊ឹមហ្វូននេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យសងថ្លៃផ្គត់ផ្គង់សេវាកម្ម ដែលជំពាក់។ នេះបើតាម សារព័ត៌មាន ឌឹខេប៊ូឌៀដេលី (The Cambodia Daily) ដែលចេញផ្សាយ កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០១២។ ការសែតដដែលបន្ថែមថា សេចក្ដីសម្រេចដំបូងដែលបានចេញ នាចុងខែតុលាឆ្នាំ២០១២ បានបង្គាប់ឲ្យក្រុមហ៊ុនអ៊ឹមហ្វូន សងទៅក្រុមហ៊ុនអ៊ែលតិក នូវទឹកប្រាក់ប្រមាណជា ៣,៧៣លានដុល្លាអាមេរិក។ តែដោយសារតែក្រុមហ៊ុន មិនទាន់មានប្រាក់ក្នុងការសង សេចក្ដីសម្រេចនោះ បានហាមក្រុមហ៊ុន ក្នុងការលក់ចេញនូវ សម្ភារៈផ្សេងៗរបស់ខ្លួន មុនការសងបំណុលខាងលើរួចរាល់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ