តួនាទីសំខាន់នៃ«ជនបង្គោល» ក្នុង​ការ​​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ដើម្បីទប់ស្កាត់ និងបំបាត់ អំពើហិង្សាក្នុងគ្រួសារ ឲ្យកាន់តែមានប្រសិទ្ធិភាព អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានបញ្ជូលបុរស ដែលគេចាត់ទុកថា «ជាមេនៃអំពើហិង្សា» ឲ្យក្លាយជាជនបង្គោល។ តំបន់គោលដៅចំនួនបី នៅក្នុងរាជធានីភ្នំពេញ ត្រូវបានជ្រើសរើស គឺរួមមានតំបន់ ត្រពាំងត្រសាំង តំបន់ចោមចៅ និងតំបន់ឃ្មួញ។ ក្នុងនោះសរុបចំនួន ២៨ ភូមិ ដែលមាន ជនបង្គោលស្ម័គ្រចិត្ត មួយរូបតាមភូមិនីមួយៗ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីទប់ស្កាត់ និងបំបាត់ អំពើហិង្សាក្នុងគ្រួសារ ឲ្យកាន់តែមានប្រសិទ្ធិភាព អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បាន​បញ្ចូលបុរស ដែលគេចាត់ទុកថា «ជាអ្នកផ្ដើមអំពើហិង្សា» ឲ្យក្លាយជា«ជនបង្គោល»។ តំបន់គោលដៅចំនួនបី នៅក្នុង​រាជធានីភ្នំពេញ ត្រូវបានជ្រើសរើស គឺរួមមានតំបន់ ត្រពាំងត្រសាំង តំបន់ចោមចៅ និងតំបន់ឃ្មួញ។ ក្នុងនោះសរុបចំនួន ២៨ ភូមិ ដែលមាន ជនបង្គោលស្ម័គ្រចិត្ត មួយរូបតាមភូមិនីមួយៗ។


លោក ថាំង ប៊ុនសុង អប់រំស្តីពីអំពើហិង្សា ដល់អ្នកភូមិនៅតំបន់គោលដៅ ។ រូបថត NGO CNRO

អំពើហិង្សា ក្នុងគ្រួសារ កំពុងកើតមាន ស្ទើរតែជាប្រចាំ តែពេលខ្លះមានទម្រង់តូចបំផុត ដែលយើងមិនបានចាប់អារម្មណ៍ ដូចជា«ហិង្សាផ្លូវចិត្ត»ជាដើម។ ក្រៅពីនេះ អាចធ្វើការអន្តរាគមន៍បាន សឹងគ្រប់ករណីទាំងអស់។ ឆ្លងតាមកិច្ចអន្តរាគមន៍ ក្នុងការបំបាត់ ហិង្សាក្នុងគ្រួសារ ដែលមានជនបង្គោលតាមភូមិ អង្គការបាន រកឃើញមាន១៣៧ករណី ហិង្សាក្នុងគ្រួសារ ក្នុងនោះមាន៩៩គ្រួសារ ដែលតែងតែបានប្រព្រឹត្ត។ តែបើធៀបទៅនឹងឆ្នាំ២០១១ វិញអង្គការនេះ បានអះអាងថា មានការ​ថយចុះជាង២០%។

អង្គការតែងតែ បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ជនបង្គោល និងបណ្តាញបុរស ដើម្បីចូលរូម​បង្កានិង​ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ នៅតំបន់គោលដៅរបស់ខ្លួន ជាក់ស្តែងវគ្គពង្រឹង កាលពីចុងសប្តាហ៍មុន។ លោក ថាំង ប៊ុនសុង ប្រធានស្តីទី អង្គការ CNRO បានអះអាងថា គោលដៅខាងលើនេះ ងាយប្រឈមមុខ នឹងការកើត អំពើហិង្សា​ណាស់ ដោយសារតែជា តំបន់ជំលៀស ពីដីដែលមានជម្លោះ។ ជាទូទៅ កក្តាជីវភាពដ៏លំបាកលំបិន របស់ពួកគាត់ ជា​កក្តាមួយ ដែលជម្រុញឲ្យមានអំពើហិង្សា។

លោក វង្ស រិទ្ធី ជាជនបង្គោល និងជាអ្នកស្ម័គ្រចិត្តម្នាក់ របស់អង្គការប្រចាំតំបន់ឃ្មួញ ជិតមួយឆ្នាំមកហើយនោះ តែងតែ​ចុះទៅអន្តរាគមន៍​ដល់​លំនៅដ្ឋានកើតហេតុ ធ្វើការអប់រំពួកគាត់ ឲ្យយល់ពីទោសទណ្ឌ ប្រភេទ ផលវិបាក គុណសម្បត្តិ និងគុណវិប្បត្តិ នៃអំពើហឹង្សា។ ពីមុនមក គ្រួសារលោក ក៏ធ្លាប់មានអំពើហិង្សានេះដែរ។ តែក្រោយពីទទួល បានការអប់រំ​ពីអង្គការនេះ គ្រួសាររបស់លោក មិនត្រឹមតែបានឈប់ប្រព្រឹត្តអំពើហិង្សានោះទេ តែសូម្បីរូបលោកផ្ទាល់ ក៏បានចូលរួម​ចំណែកជួយដល់គ្រួសារផ្សេងទៀត ដើម្បីបំបាត់អំពើហិង្សាដែរ។

លោកបានលើកករណីមួយ ដែលកើតកន្លងមកថា បន្ទាប់ពីផឹកស្រាស្រវឹង បុរសជាប្តី បានវាយប្រពន្ធ​រហូត​ដល់​សន្លប់ នៅពេលដែលឃើញប្រពន្ធ បរិភោគអាហារពេលល្ងាច មុនខ្លួន។ នេះមិនមែន ជាលើកទីមួយទេ សម្រាប់គ្រួសារនេះ។ ដោយតែងព្យាយាម និយាយឲ្យចំបញ្ហា ដល់គ្រួសារខាងលើជាពិសេសបុរសជាប្តី អំពីហិង្សាត្រូវបានកាត់បន្ថយ ដោយ​មានប្រសិទ្ធិភាព។ លោកអះអាងថា បច្ចុប្បន្នគ្រួសារនេះ លែងមានការប្រើកម្លាំងបាយ មកដោះស្រាយបញ្ហាទៀតហើយ តែគ្រាន់តែនៅមាន ទាស់គ្នាជាពាក្យសំដី នឹងគ្នាមួយចំនួនប៉ុណ្ណោះ។

ជនបង្គោល និងជាអ្នកស្ម័គ្រចិត្តម្នាក់ទៀត ប្រចាំតំបន់ត្រពាំងក្រសាំងលោក វ៉ែន សាន តែងតែបានទំនាក់ទំនង ជាមួយ​មេភូមិ អជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ទប់ស្កាត់ ផ្ទាល់ដល់កន្លែង កើតមានហិង្សា។ លោកត្រូវពិនិត្យមើល ស្ថានភាពកើតហេតុ តើលោកត្រូវប្រើវិធីអ្វី ដោះស្រាយ ទៅតាមស្ថានការណ៍ជាក់ស្តែង នៃរឿងនីមួយៗ។

ច្បាប់ស្ដីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានរដ្ឋសភាបាន អនុម័តកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០០៥។ ហើយអំពើហិង្សា ក្នុងគ្រួសាររួមមាន ហិង្សាលើផ្លូវកាយ ហិង្សាលើផ្លូវភេទ ហិង្សាលើផ្លូវចិត្ត (ការ​ជេរប្រមាថ ការគំរាមកំហែង ការហាមប្រាម មិនអោយចូលទៅក្នុងសង្គម ...) និងហិង្សាផ្នែកសេដ្ឋកិច្ច​ជាដើម៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...