វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ជុំវិញខួបលើកទី៣៤ នៃថ្ងៃ៧មករា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រារព្ធពិធីបុណ្យ រំលឹកខួបទី៣៤ថ្ងៃ៧មករា នៅឆ្នាំនេះ ស្ថិតនៅក្នុងបរិបទនយោបាយមួយ គួរអោយកត់សម្គាល់ ជាពិសេសខណៈការបោះឆ្នោតសកលឆ្នាំ២០១៣ ក្នុងពេលខាងមុខ នឹងឈានជិតចូលមកដល់។ វិទ្យុនិងសារពត៌មានក្នុងស្រុកមួយចំនួន បានលើកមកនិយាយពីព្រឹត្តិការណ៍នេះ។ សូមអញ្ជើញតាមដានឡើងវិញ។
កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។
កម្ពុជាថ្មី ដែលគេស្គាល់ថាជាកាសែតក្នុងស្រុកមួយដ៏ធំនោះ បានចុះផ្សាយនូវអត្ថបទរបស់ខ្លួនដែលពាក់ពន្ធ័ថ្ងៃ៧ មករា មានចំណងជើងថា «គណបក្សប្រជាជនកម្ពុជាប្រកាសជាថ្មី ចំពោះការគាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រី»។ កាសែតនេះបាននិយាយថា ការបោះឆ្នោតសកលអាណត្តិទី ៥ គណបក្សប្រជាជនកម្ពុជាបានប្រកាសជាថ្មី នូវការគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង បានបញ្ជាក់ផងដែរ អំពីការធ្វើមហាសន្និបាត ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយរបស់ខ្លួន ។ លោក ហេង សំរិន បានប្រកាសថា «ប្រជាជនកម្ពុជាចងចាំជានិច្ចថា៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជំនះថ្ងៃ ៧មករាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។ ដូច្នេះអត្ថន័យដ៏វិសេស វិសាលជ្រាលជ្រៅបំផុតនៃជ័យជំនះ ៧មករា ត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជារៀងរហូត»។
រីឯ វិទ្យុអាស៊ីសេរី (RFA) ជាវិទ្យុអាមេរិកផ្សាយជាភាសាខ្មែរ ក្រោមចំណងជើងថា«ទស្សនៈជុំវិញថ្ងៃ ៧ មករា » វិទ្យុនេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចក្នុងរដ្ឋាភិបាល ឲ្យតម្លៃយ៉ាងខ្ពស់ និងរំលឹកម្ដងហើយម្ដងទៀត ដើម្បីកុំឲ្យពលរដ្ឋភ្លេចគុណចំពោះទិវាជ័យជម្នះ ៧មករា ដែលបានផ្តួលរំលំរបបខ្មែរក្រហមនោះ។ ផ្ទុយទៅវិញ អ្នកប្រវត្តិសាស្ត្រ និងអ្នកនយោបាយមួយចំនួនយល់ថា ពលរដ្ឋមិនចាំបាច់ដឹងគុណថ្ងៃ៧ មករា ទាំងងងឹតងងុលនោះទេ ដោយពួកគេត្រូវសិក្សាបន្ថែមទៀតឲ្យបានច្បាស់ពីប្រវត្តិសាស្ត្រ។
វិទ្យុអាស៊ីសេរី បានលើកពីមតិប្រជាពលរដ្ឋ ដែលដឹងថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានរំដោះប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យឆ្លងរួចពីទុក្ខវេទនា ជាពិសេសគេចផុតពីការសម្លាប់រង្គាលរបស់ពួក ប៉ុល ពត។ រីឯលោក សុន ឆ័យ អ្នកតំណាងរាស្ត្រ គណបក្សសម រង្ស៉ី ថ្លែងថា តាមរយៈថ្ងៃ៧ មករា វៀតណាមបានដាក់ទ័ពចូលឈ្លានពានគ្រប់គ្រងកម្ពុជា និងកេងប្រវ័ញ្ច ទ្រព្យសម្បត្តិពីកម្ពុជា យកទៅប្រទេសខ្លួនយ៉ាងច្រើន ដូចជាព្រៃឈើ ធនធានរ៉ែ ជាដើម។ លោក សុន ឆ័យ បកស្រាយថា «ក្រោយពីការដួលរំលំរបប ប៉ុល ពត ទៅវៀតណាមហ្នឹងបានបន្តកេងប្រវ័ញ្ចពីប្រទេសកម្ពុជា មិនចេះចប់មិនចេះហើយ តាមរយៈទង្វើដោយផ្ទាល់ នៅពេលដែលកងទ័ពរបស់ខ្លួនជាច្រើនសែននាក់នៅលើទឹកដីកម្ពុជា ហើយបានបន្តធ្វើប្រើប្រាស់ឥទ្ធិពលនេះ ដូចនេះយើងពិបាកឲ្យតម្លៃថ្ងៃ៧ មករា ដូចគណបក្សប្រជាជនប្រកាសណាស់»។
វិទ្យុដែលផ្ដល់ហិរញ្ញវត្ថុដោយសភាអាមេរិកមួយនេះ បានលើកយកសម្ដីរបស់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មកផ្សាយថា មតកថ្ងៃ៧មករា បន្សល់ទុកនូវប្រវត្តិសាស្ត្រថ្មីមួយដែលនាំកម្ពុជា ឲ្យចេញផុតពីរបបខ្មែរក្រហម នាំមកនូវក្ដីសង្ឃឹមជាថ្មីសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែមិនមែនបានន័យថា គណបក្សកាន់អំណាចធ្វើអ្វី ត្រឹមត្រូវទាំងអស់នោះឡើយ ដូចនេះប្រទេសកម្ពុជា ត្រូវតែប្រកាន់យកនីតិរដ្ឋ និងការគោរពច្បាប់ជាចម្បង។ លោក សុខ ទូច ថ្លែងថា ពលរដ្ឋមិនត្រូវដឹងគុណវៀតណាមនោះទេ ព្រោះវៀតណាម លើកទ័ពមកវាយខ្មែរក្រហម ក៏ដើម្បីតែផលប្រយោជន៍គេដែរ៖ «យើងមិនអាចបំភ្លេចបានទេ ជាលក្ខណៈប្រវត្តិសាស្ត្រ ការចែករំលែក ហើយនិងតម្លៃដែលពិភពលោកមិនអើពើចំពោះការរងទុក្ខរបស់កម្ពុជា។ ក្រៅពីរណសិរ្សសាមគ្គីសង្គ្រោះជាតិ វៀតណាមយើងមិនត្រូវដឹងគុណទេ»។
ចំណែក វិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយជាភាសាខ្មែរ ក្រោមចំណងជើងថា «គណបក្សកាន់អំណាចប្រារព្ធមីទ្ទិញ រំឭកខួបទិវាជ័យជំនះថ្ងៃ៧មករា» បានចាប់អារម្មណ៍ ថាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានបង្ហាញវត្តមាន ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ ព្រមទាំងអង្គទូតជាច្រើន នៅក្នុងអង្គមីទ្ទិញប្រចាំឆ្នាំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ តែស្ថិតក្នុងវ័យ ៨០ឆ្នាំ លោកត្រូវដើរ ដោយគេកាន់ដៃអមសងខាង និងមិនអាចឡើងថ្លែងសន្ទរកថាបានទេ។ ចំណែកឯលោក ហេង សំរិន ដែលជាមន្ត្រីចំណាស់ម្នាក់ ពីជំនាន់នោះដែរ បានសរសើរថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ថាបានធ្វើឱ្យប្រជាជនកម្ពុជា មានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។ ក្នុងនោះ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ក៏បានកើតចេញពីជ័យជំនះ ថ្ងៃ៧មករា ក្រោយពីការផ្តួលរំលំ របបខ្មែរក្រហមផងដែរ។
ក្រៅពីរមឹ្លកពីប្រវត្តិនៃការផ្តួលរំលំរបបខ្មែរក្រហម លោក ហេង សំរិន ក៍បានលើកពីសមិទ្ធិផលក្នុង ឆ្នាំ២០១២ ដែលគណបក្សប្រជាជនសម្រេចបានកន្លងមក។ លោក ហេង សំរិន បានយកវេទិកា ៧ មករា ដើម្បីប្រកាសចេញ នូវការសន្យាមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា អាណត្តិទី៥ នៅខែកក្កដាខាងមុខ ក្នុងនោះរួមមានការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រឆាំងអំពើពុករលួយ ព្រមទាំងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ នេះជារបាយការណ៍ របស់វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយចេញពីទីក្រុងប៉ារីស និងមានបណ្ដាញរបស់ខ្លួន នៅជុំវិញពិភពលោក។
ចំណែកសារពត៌មានក្នុងស្រុក វាយោ បានមានចំណាប់អារម្មណ៍ ទៅលើអតីតទាហានខ្មែរក្រហម ហើយដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា «អតីតទាហានខ្មែរក្រហម ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃមានសេរីភាពនិងជាថ្ងៃវៀតណាមឈ្លានពាន»។ អត្ថបទបានសរសេរថា អតីតទាហានខ្មែរក្រហម ដែលកំពុងរស់នៅខេត្តប៉ៃលិនយល់ថា ៧មករា ជាថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានសេរីភាព និងប្រទេសមានការអភិវឌ្ឍ តែក៏ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។ ទាហានរូបនេះកត់សម្គាល់ថា ការអនុវត្តច្បាប់មិនបានត្រឹមត្រូវ នាំឲ្យកើតមានបទល្មើសនានា ដូចជា លួច ប្លន់ និងការកេងប្រវ័ញ្ចកើតឡើងច្រើន។ អតីតទាហានខ្មែរក្រហមថា ដោយសារថ្ងៃ៧មករា ទើបនាំឲ្យវៀតណាម នៅតែមានឥទ្ធិពល លើរដ្ឋាភិបាលកម្ពុជា តាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន និង ជាថ្ងៃដែលកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម វាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ ។
ឯសារព័តមាន មនសិការខ្មែរ ដែលជាសារព័តមានមាននិន្នាការ ស្និតនឹងគណបក្សប្រឆាំង បានផ្សាយនូវអត្ថបទរបស់ខ្លួនមួយ មានចំណងជើងថា«គង់ គាំ ៖ អ្នកមិនគាំទ្រថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ និងបក្សប្រជាជន ជាមនសិការបុគ្គលម្នាក់ៗ មិនអាចបង្ខំឲ្យគេទទួលស្គាល់បានទេ» ។ ព័ត៌មាននេះសរសេរថា គណបក្សប្រជាជន តែងតែអួតអាង និងមិនឲ្យប្រជាពលរដ្ឋបំភ្លេចថ្ងៃ ៧មករា ក្នុងន័យ កេងចំណេញនយោបាយ ដោយលេសថាជាថ្ងៃកំណើតទី២របស់ពលរដ្ឋខ្មែរ។ លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី លើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជន បានលើកនិងនិយាយដដែលៗថា បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ក៏គ្មានថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ។ លោកថា ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមានចំនួន១២ឆ្នាំហើយ ដែលកម្ពុជានៅឯកោ និងទន់ខ្សោយណាស់មិនមានអ្នកណាទាក់ទង ឬរាប់អានកម្ពុជានោះទេ គឺគេថាយួនឈ្លានពានកាន់កាប់ត្រួតត្រាកម្ពុជា ក្រោយពីឆ្នាំ១៩៧៩មក។ ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺ មានតែ«ក៥» និងដាំមីនតែប៉ុណ្ណោះ។ «គ្រាន់តែយើងចំណាយ លុយដោះមីនវិញមិនដឹងជាចំណាយ អស់ប៉ុន្មានឡើយ ហើយនេះគឺជាសមិទ្ធផលរបស់ ៧មករាឆ្នាំ១៩៧៩ មុនកិច្ចព្រម ព្រៀងទីក្រុងប៉ារីសនោះ។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ មករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ