ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​«ពហុជំនាញ»​ពីរ​នាក់ ចេញ​ពី​ក្របខណ្ឌ​យោធា

មន្ត្រីយោធាទាំងពីរនាក់ ដែលមានឈ្មោះល្បី នៅលើបណ្ដាញសង្គម តែងបង្ហោះជារឿយៗ នៅលើទំព័រហ្វេសប៊ុករបស់ផងខ្លួន នូវព្រឹត្តិការណ៍នានា ដែលភាគច្រើន មាននិន្នាការ​«ឱបដៃជើង» លោក ហ៊ុន សែន និងរដ្ឋាភិបាល-​គណបក្ស​ប្រជាជន​កម្ពុជា​។ តែនៅថ្ងៃចន្ទនេះ មន្ត្រី«ពហុជំនាញ»ទាំងពីរនាក់ ស្រាប់តែទទួលបានមកវិញ នូវការព្រមាន​ពីបុរសខ្លាំងកម្ពុជា ថានឹងត្រូវ​ដកចេញ ពីក្របខណ្ឌយោធា ប្រសិនជាអ្នកទាំងពីរ មិនបញ្ឈប់ករណី «ព្រះសង្ឃលិតពោត» ទេនោះ។
ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​«ពហុជំនាញ»​ពីរ​នាក់ ចេញ​ពី​ក្របខណ្ឌ​យោធា
ពីឆ្វេងទៅស្ដាំ៖ លោក ខ័ណ្ឌ ច័ន្ទសុផល - លោក ហ៊ុន សែន និងលោក ផែង វណ្ណៈ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 12, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះអាចជាការព្រមានមួយ សម្រាប់មន្ត្រី«ពហុជំនាញ»មួយចំនួន ដែលមានមុខនាទីមួយហើយ មិនអនុវត្តមុខនាទីហ្នឹង ឲ្យខ្ជាប់ខ្ជួនទេ តែចេះតែចង់ទៅធ្វើអ្វីផ្សេង ដែលមិនមែន​ជាមុខនាទីរបស់ខ្លួន។ ហើយការព្រមាននេះ ចេញពីមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ភោធ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៦ ​នៅ​ឯ​ខេត្ត​កំពង់ធំ​​ ដែលធ្វើទៅ​កាន់​មន្ត្រី​យោធា​ពីរនាក់ គឺលោក ផែង វណ្ណៈ និងលោក ខ័ណ្ឌ ច័ន្ទសុផល។

ការថ្លែងព្រមាន របស់បុរសខ្លាំងកម្ពុជា ធ្វើឡើងបន្ទាប់ពី អ្នកប្រើប្រាស់សង្គម ដ៏ល្បីឈ្មោះទាំងពីរនាក់ខាង​លើ​ បានធ្វើការសម្ភាស​មនុស្ស​ពីរនាក់ ដែលជាតួអង្គដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍ «ព្រះសង្ឃ​លិត​ពោត» ដែលត្រូវបានបែកធ្លាយ កាលពីសប្ដាហ៍មុន។ ហើយកិច្ចសម្ភាស របស់មន្ត្រីយោធាទាំងពីរ ដែលធ្វើឡើងផ្សេងគ្នា ត្រូវបានផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម ខណៈតួអង្គទាំងពីរនាក់ បានស្រុះស្រួលគ្នារួចរាល់ នៅចំពោះអាជ្ញាធរខេត្តហើយនោះ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «រឿង​ដែល​កើត​ឡើង​ នៅ​បន្ទាយមានជ័យ​ ​អារឿង​បញ្ហា​ពោតស្ងោរ​ ពោត​ដុត​នេះ!​ ខ្ញុំ​សូម​អំពាវនាវ ​ឱ្យ​បញ្ចប់​រឿង​នេះ​បាន​ទេ​ ​ដើម្បី​ការពារ​ នូវ​តម្លៃ​របស់​ព្រះ​ពុទ្ធសាសនា​ ​និង​ការពារ​នូវ​តម្លៃ​របស់​ស្ត្រី​ខ្មែរ។ ​រឿង​មនុស្ស​តែ​ពីរ​នាក់​សោះ​ បង្កើត​រញ្ជួយ​មេឃ​ រញ្ជួញ​ផែនដី​ ​ធ្វើ​ឱ្យ​ពោត​ឡើង​ថ្លៃ​ ​ធ្វើឱ្យពោត​ចុះថ្លៃ។​ រឿង​នេះ​គឺជា​រឿង មិន​សម​ហេតុផល​ទាល់តែសោះ​ហើយ! ​មិន​សមហេតុផល​ ទាល់​សោះ​ហើយ។»។

លោក ហ៊ុន សែន បន្តថា៖ «បើ​ថា ​ស៊ីវិល​ទៅខ្ញុំ​មិន​ថា​ ទេ!​ ​តែ​មន្ត្រី​យោធា មន្ត្រីយោធា!​ ​ហេតុ​អ្វី​ បាន​ទៅ​ធ្វើ​រឿង​ហ្នឹង​​កើត? អីចឹង​ ខ្ញុំប្រដៅ​ហើយ។​ នេះ​មិនមែន​ ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ​ណា!​ ​អ្នក​ឯង​បង្កើត​រឿង​ ​អ្នក​បំពាន​ទៅ​លើ​សេរីភាព​ របស់​អ្នក​ដ​ទៃ​ផង​ ​ព្រោះ​វា​អីចេះ​ ​បើ​លោក​ ​ផែង វណ្ណៈ​ទៅ​កាន់​ជើង​លោក​សង្ឃ​ ​មិន​ទៅ​បំពាន​ខាងស្រី? ​ហើយ​ដល់​លោក​ ​ខ័ណ្ឌ ច័ន្ទសុផល​ ​ទៅ​កាន់​ជើង​ខាង​ស្រី​ មិន​បំពាន​ខាង​លោក?»។

នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថា៖ «ហើយ​ព្រះពុទ្ធ​សាសនា​ មិន​គួរ​ទៅ​ជា​អាប់​អោន​ ដោយ​សារ​ការ​ប្រព្រឹត្តិ​​មិន​គប្បី​ ចំពោះ​ព្រះសង្ឃ​មួយ​អង្គ ឬ​ពី​រអង្គទេ ហើយ​ស្ត្រី​ខ្មែរ ​គប្បី​មិន​ត្រូវ​បាន​បង្ខូចកិត្តិ​យស ដោយ​សារ​ទង្វើ​​ខុស​ឆ្គង របស់​ស្ត្រី​ម្នាក់ ​ឬ​ពីរ​នាក់​ដែរ។ តើ​ខ្ញុំ​អាច​សុំ​បាន​ទេ ​ពី​មន្ត្រី​យោធា​ទាំង​ពីរ​នេះ បើ​សុំមិន​បាន ជម្រើស​ដែល​នៅ​សេស​សល់ ​មាន​តែ​ដេញ​ចេញពី​ជួរ​ ឲ្យ​ទៅ​ធ្វើ​អ្នក​ហ្វេសបុក​បណ្តោយ​ទៅ។»។

លោក ផែង វណ្ណៈ ​ជា​មន្ត្រី​យោធា​ស័ក្តិ ៤​កន្លះ បន្ទាប់​ពី​ផ្ទេរ​ពី​ក្រសួង​មហាផ្ទៃ រីឯ​លោក ខ័ណ្ឌ ច័ន្ទសុផល វិញ ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ ៤ នៅ​ខុទ្ទកាល័យ​​អគ្គមេ​បញ្ជាការ​យុទ្ធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​ថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយថា មន្ត្រីយោធាទាំងពីរនាក់ នឹងរងការចាត់វិធានការ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការ ដោយហៅពួកគេ ទៅធ្វើការណែនាំ ឬទៅអនុវត្តតាមបទបញ្ជា របស់ក្រសួងការពារជាតិ។

តាមពិតទៅ ពាក្យហៅថា មន្ត្រី«ពហុជំនាញ»ប៉ុន្មានម៉ាត់នេះ ត្រូវបានបង្កើតឡើង ដោយមន្ត្រីជិតដិត និងអ្នកគាំទ្រ​ រដ្ឋាភិបាល-គណបក្សប្រជាជនកម្ពុជា។ ដំបូងឡើយ ពាក្យនេះ ត្រូវបានបង្កើតឡើង ដើម្បីហៅក្រុមសកម្មជន ដែលឧស្សាហ៍ចេញមុខ ធ្វើបាតុកម្មតវ៉ាអ្វីមួយ ឬហៅក្រុមអ្នកវិភាគ​មួយចំនួន នៅលើបណ្ដាញសង្គម។ ប៉ុន្តែ នៅពេលនេះ ពាក្យ«ពហុជំនាញ»នេះ ក៏ត្រូវបានមនុស្សជំនិតនាយករដ្ឋមន្ត្រីផ្ទាល់ យកមកប្រើប្រាស់ ដើម្បីហៅមន្ត្រី​យោធា​ទាំងពីរ​ខាងលើ​ដែរ។

លោក ជុំ កុសល អ្នកធ្វើអត្ថាធិប្បាយនយោបាយ តាមកញ្ចក់ទូរទស្សន៍ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី បានសរសេររិះគន់មន្ត្រី «ពហុជំនាញ» ទាំងនេះ នៅលើគណនីហ្វេសប៊ុក របស់លោកដូច្នេះ៖ «សម័យហ្វេសបុក សំបូរណាស់មនុស្សពហុជំនាញ។ មានករណីខ្លះ គូវិវាទបានស្រុះស្រួលឯកភាពគ្នាបញ្ចប់បញ្ហាទៅហើយ ប៉ុន្តែបែរជាអ្នកលេងហ្វេសបុកខ្លះ ព្រោះតែចង់បានល្បីផេកខ្លួន ក៏បានទៅជួបភាគីណាមួយ ឲ្យបំភ្លឺឡើងវិញ។»

 

ចំពោះម្ចាស់ខ្លួនវិញ បានចេញមុខមកប្រកាស នៅលើបណ្ដាញសង្គមម្នាក់ម្ដងៗ ថាខ្លួនសុំ​ការ​អភ័យទោស ពីសំណាក់លោក ហ៊ុន សែន ហើយសន្យាឈប់ធ្វើសកម្មភាព ផ្សព្វផ្សាយពីករណី «ព្រះសង្ឃលិតពោត» នេះតទៅទៀត។ លោក ផែង វណ្ណៈ បានថ្លែងថា៖ «ខ្ញុំបាទ​សូមគាំទ្រ​ និងទទួលយកទាំងស្រុង ចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់ [របស់]សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយខ្ញុំបាទ​​នឹងមិន​បន្តការផ្សាយ អំពីរឿងទាំង២នេះ តទៅទៀត​ទេ​»។ សម្រាប់លោក ខ័ណ្ឌ ច័ន្ទសុផល វិញ បានសរសេរថា៖ «ខ្ញុំបាទសូមសន្យាថា នឹងឈប់ពីពេលនេះតទៅ ក្នុងការនិយាយអ្វី ឲ្យប៉ះពាល់តម្លៃនៃព្រះពុទ្ធសាសនា របស់ជាតិយើងទៀត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...