ក្ដីសុបិន្ត៖ តារាបាល់ទាត់ម៉េស៊ី ទទួលបាល់មាស ជាលើកទី៤
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាបាល់ទាត់ដ៏ល្បី ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី ដែលទាត់នៅខ្សែរប្រយុទ្ធ អោយក្រុមបាសឺឡូន របស់ប្រទេសអេស៉្បាញ ទើបនឹងទទួលបាន ពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០១២នេះទៀត បន្ទាប់ពីទទួលបានបីលើករួចមកហើយ។
កីឡាករ លីយ៉ូនែល ម៉េស៊ី ក្នុងពេលទទួលពានរង្វាន បាល់មាស។
លីយ៉ូនែល ម៉េស៊ី (Lionel Messi) អាយុ២៥ឆ្នាំ បានក្លាយជាកីឡាករទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលទទួលបានពានរង្វាន់នេះ ចំនួនបួនដងជាប់ៗគ្នា។ កីឡាករទាត់នៅខ្សែរប្រយុទ្ធរូបនេះ បានបំបែកឯកគ្គទកម្មក្នុងឆ្នាំ២០១២កន្លងមក នូវការស៊ុតបាល់បញ្ចូលទីបានចំនួន ៩១គ្រាប់ លើសកីឡាករណាៗទាំងអស់។ ចំណែកឯតារាបាល់ទាត់ផ្សេងទៀត ដែលមានឈ្មោះ ក្នុងការប្រកួតប្រជែងយកបាល់មាសដែរ ដូចយ៉ាង គ្រឹស្ទយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៃក្រុមបាល់ទាត់ រៀល ម៉ាឌ្រីត (Real Madrid) និង អ៊េនដ្រេស អ៊ីណេអេស្តា (Andres Iniesta) នៃក្រុមបាសឺឡូន (Barcelone) ដែរនោះ មិនបានឈ្នះពានរង្វាន់បាល់មាសនេះទេ។
ក្ដីសុបិន្ដរបស់កុមារចូលចិត្តបាល់ទាត់ម្នាក់
កុមារគ្រប់រូបដែលចូលចិត្តបាល់ទាត់ តែងតែសុបិន្តចង់ចេះ របៀបវាយលុកទៅលើគូប្រជែងរបស់ខ្លួន ដោយនៅតែគ្រប់គ្រងបាល់អោយជាប់នៅក្នុងជើងជានិច្ច វាមិនខុសណាពីអ្វី ដែលកីឡាករជនជាតិអាហ្សង់ទីនម្នាក់នេះបានធ្វើ តាំងពីគាត់នៅជាងកុមារភាព ជារៀងរាល់សប្ដាហ៍នោះទេ។ ប្រវិត្តិរបស់ ម៉េស៊ី ជារឿងដ៏អស្ចារ្យមួយ ហើយអ្វីដែលយើងអត់ទ្រាំជញ្ជក់មាត់មិនសរសើរមិនបាន គឺសមិទ្ធិផលដែលកីឡាករធ្វើបាន ក្នុងថ្ងៃនេះ។
កុមារភាពរបស់ ម៉េស៊ី ធំរីកចម្រើន តែជាមួយនឹងបាល់ទាត់ នៅជាប់នឹងជើងឆ្វេងរបស់កុមារ។ កុមារដ៏តូចនេះ មិនសូវនិយាយស្ដី ហើយមានមាឌតូចល្អិត បើប្រៀបធៀបនឹងអាយុរបស់ខ្លួន។ កុមារម៉េស៊ី មានជំងឺពីកំណើត ដែលបានបង្អាក់មិនអោយកុមារនេះ រីកធំធាត់ដូចកុមារដទៃទៀត ហើយក៏គ្មាននរណាម្នាក់បានទាយទុកមុនថា កុមារនឹងក្លាយជាកីឡាករ ក៏កំពូលក្នុងថ្ងៃនេះទេ។
ជាមួយនឹងបច្ចេកទេសទាត់ និងបញ្ជាបាល់គ្មានគូរប្រៀប ល្បឿនរត់យ៉ាងរហ័ស និងប្រសិទ្ធិភាព ក្នុងការលេងបាល់ម្នាក់ឯងឬជាក្រុម របស់កីឡាករ ម៉េស៊ី ក្រុមបាល់ទាត់ដ៏រឹងមាំរបស់អេស្ប៉ាញ ដូចក្រុមបាសឺឡូននេះ បានឈ្នះពានរង្វានជាច្រើនលើក។ វាមិនមែនជារឿងចៃដន្យទេ ដែលក្រុមបាល់ទាត់ បាសឺឡូន ជួបជាមួយនឹង លីយ៉ូនែល ម៉េស៊ី ហើយយកកីឡាករដ៏ចំណាន មកចូលក្នុងក្រុមរបស់ខ្លួន។
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី លោកឆាលី រីស្សាច (Charly Rexach) ដែលជាអ្នកទទួលបន្ទុក ខាងរៀបចំក្រុមកីឡាកររបស់ក្រុមបាសឺឡូន ធ្លាប់បានថ្លែងថា លោកផ្ទាល់មិនជឿភ្នែកខ្លួនឯងទេ នៅពេលអញ្ជើញ ម៉េស៊ី អោយចូលមកទាត់ក្នុងក្រុមដំបូងនៅខែតុលាឆ្នាំ២០០០។ ក្នុងពេលនោះ លោកបានធ្វើកិច្ចសន្យា ជាមួយនឹងឪពុករបស់ម៉េស៊ី (ដោយហេតុថា ម៉េស៊ី នៅមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់) ជាមួយតែនឹងក្រដាសជូតដៃមួយ ដោយបាននិយាយសន្យាថា នឹងផ្ដល់ទៅអោយម៉េស៊ី នូវការព្យាបាលខ្លួនដោយមិនគិតថ្លៃ និងអាជីបជាកីឡាករបាល់ទាត់អន្តរជាតិមួយរូប។
១២ឆ្នាំក្រោយមក លីយ៉ូនែល ម៉េស៊ី បានទទួលជោគជ័យ សឹងតែគ្រប់យ៉ាងទាំងអស់។ ក្នុងតួនាទី ជាកីឡាករនៃខ្សែរប្រយុទ្ធ ម៉េស៊ី អាចទម្លោះបានយ៉ាងងាយ នូវរបាំងការពារទាំងឡាយ ទោះជារបាំងនោះមានកីឡាករខ្សែរការពារ យ៉ាងចំណានយ៉ាងណាក៏ដោយ។ ក្នុងស្នាដៃកន្លងមក កីឡាករម៉េស៊ីបានជួយយកជ័យជំនះ មកអោយក្រុមបាលទាត់របស់់ខ្លួន នូវពានរង្វាន់អ៊ឺរ៉ុប ឆមផៀន លីក ចំនួនបីលើក (Champions Ligues ២០០៦, ២០០៩, ២០១១) ពានរង្វាន់ប្រចាំជើងឯកអេស្ប៉ាញ ចំនួនប្រាំដង (២០០៥, ២០០៦, ២០១០, ២០១១) និងពានរង្វាន់នៃប្រទេសអេស្ប៉ាញ ចនួនពីរដង (២០០៩, ២០១២)។ នៅក្នុងល្បែងអូឡាំពិក ទីក្រុងប៉េកាំងឆ្នាំ២០០៥ កន្លងមក ម៉េស្សី ក៏ធ្លាប់ទទួលមេដាយមាស ពីក្នុងវិញ្ញាសារបាល់ទាត់យុវជនផងដែរ។
តែអ្វីដែលកីឡាករ ម៉េស៊ី នៅមិនទាន់មាន គឺដណ្ដើមជ័យជំនះអោយបាន នៅក្នុងការប្រកួតបាលទាត់ យកពានរង្វាន់ពិភពលោក ដែលនឹងប្រព្រឹត្តិទៅ នៅឆ្នាំ២០១៤ ក្នុងប្រទេសប្រេស៊ីល នាពេលខាងមុខ។ បើសិនជាក្ដីស្រមៃនេះ អាចក្លាយជាការពិតនោះ ម៉េស៊ីនឹងបញ្ជាក់អោយគេឯងក្នុងពិភពលោក ស្គាល់ឈ្មោះមួយទៀតរបស់គាត់ ដែលឈ្មោះនេះ អ្នកគាំទ្រក្រុមបាសឺឡូន បានហៅកីឡាកររូបនេះថា ជា«ទេវតាបាល់»រួចហើយ បន្ទាប់ពី«ប៉ឺឡេ» នៃប្រទេសប្រេស៊ីល ក្នុងទស្សវត្តន៍ឆ្នាំ៦០៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ