បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ

នៅក្នុងពូល D ខណៈក្រុមអាហ្សង់ទីន និងអ៊ីស្លង់ បានប្រកួតត្រឹមស្មើគ្នា កាលពីពេលរសៀលនោះ ក្រុម ក្រូអាស៊ី ឯណេះបានយកឈ្នះលើក្រុម នីហ្សេរីយ៉ា យ៉ាងងាយ នៅក្នុងការប្រកួតមួយផ្សេង ក្នុងយប់ថ្ងៃដដែល។ ជ័យជំនះនេះ ធ្វើឲ្យក្រុម ក្រូអាស៊ី ទទួលបានបីពិន្ទុ ឡើងមកឈរលើគេ នៅក្នុងពូល។
បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ
កីឡាករ «Luka Modric» (ខាងឆ្វេង) របស់ក្រុម ក្រូអាស៊ី ដែលបានយកឈ្នះលើក្រុម នីហ្សេរីយ៉ា យ៉ាងងាយ នៅក្នុងការប្រកួតជុំដំបូង នៃវគ្គជម្រុះ។ (រូបថត ​Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 17, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជម្រើសជាតិ នីហ្សេរីយ៉ា ដែលជាក្រុមខ្លាំងមួយ របស់ទ្វីបអាហ្វ្រិក ហាក់បានចូលមកប្រកួត នៅក្នុងបាល់ទាត់ពិភពលោកលើកនេះ ដោយមិនបានត្រៀមអ្វីទាំងអស់។ បច្ចេកទេសគ្រប់គ្រងបាល់ ក៏មិនមាន សាច់បាល់ក៏មិនឃើញ ហើយប្រតិកម្មតបតរ នៅក្រោយការនាំមុខ របស់ក្រុមគូប្រជែង ក៏ដូចជាយឺតយ៉ាវជាទីបំផុត។ ផ្ទុយទៅវិញ គឺក្រុមនេះខ្លួនឯង ដែលផ្ដល់គ្រាប់បាល់ ឲ្យក្រុម ក្រូអាស៊ី ដល់ទៅពីរគ្រាប់ យ៉ាងងាយស្រួល នៅក្នុងការប្រកួត កាលពីយប់ម៉ិញ។

គ្រាប់បាល់ទីមួយ របស់ក្រុមក្រូអាស៊ី នៅនាទីទី ៣៩ ថ្វីត្បិតតែជាការប្រើក្បាលរុញបាល់ តែបាល់នេះបានទៅប៉ះជើងខ្សែការពារ របស់ក្រុម នីហ្សេរីយ៉ា កីឡាករ «Etebo» ដែលធ្វើឲ្យបាល់ ងាកទៅចូលសំណាញ់ខ្លួនឯង បែបវាហី។ រីឯគ្រាប់បាល់ទីពីរ នៅនាទីទី៧០ របស់ក្រុម ក្រូអាស៊ី ដដែល ដែលជាគ្រាប់បាល់ពិន័យ ទាត់បញ្ចូលទី ដោយកីឡាករ «Luka Modric» នោះ ក៏បានកើតឡើង ពីកំហុសរបស់ខ្សែការពារ នីហ្សេរីយ៉ា ដែរ ដែលបានទៅចាប់អោប ខ្សែប្រយុទ្ធ ក្រូអាស៊ី ដែលធ្វើឲ្យកីឡាកររូបនេះ លោតឡើងទទួលបាល់មិនបាន។ 

តែសម្រាប់ក្រុម ក្រូអាស៊ី វិញ ដែលសម្បូរដោយកីឡាករល្បីៗ មកពីក្រុមធំៗ នៅអ៊ឺរ៉ុប បានចាប់ផ្ដើមការប្រកួត ជាមួយនឹងបច្ចេកទេសទាត់ ការគ្រប់គ្រងបាល់ និងក្រឡាបាល់បានយ៉ាងល្អ។ ជាពិសេស ខ្សែបម្រើដ៏ល្បីរបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) កីឡាករ «Luka Modric» បានចុះមកជួយការពារយ៉ាងរហ័ស ហើយដណ្ដើមយកបាល់ និងបណ្ដើរឡើងទៅលើវិញ ដ៏គួរឲ្យកោតស្ងប់ស្ងែង។ និយាយទៅ អ្វីដែលក្រុម នីហ្សេរីយ៉ា មិនអាចធ្វើអ្វីកើត នៅក្នុងការប្រកួតទាំងមូល គឺក្រុមនេះ គ្មានខ្សែបម្រើខ្លាំង និងខ្សែបម្រើ ដែលគ្រប់គ្រងបាល់ល្អ ដូចជាក្រុម ក្រូអាស៊ី ទេ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ក្រូអាស៊ី និងក្រុម នីហ្សេរីយ៉ា៖

ជ័យជំនះរបស់ក្រុម ក្រូអាស៊ី បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ ឡើងមកឈរនៅខាងលើបំផុត នៃតារាងពូល D ពីលើក្រុម អាហ្សង់ទីន និងក្រុម អ៊ីស្លង់  ដែលបានប្រកួតគ្នា យកបានលទ្ធផលត្រឹមតែស្មើ (១-១) ប៉ុណ្ណោះ កាលពីរសៀលមុននេះ។ ក្រុម អាហ្សង់ទីន របស់កីឡាករ លីយ៉ូនែល ម៉េស៊ី និងក្រុម «Vikings» របស់ប្រទេសប៉ូលខាងជើងបំផុត នៃផែនដី ទទួលបាន១ពិន្ទុម្នាក់។ ចំណែកឯក្រុម នីហ្សេរីយ៉ា វិញ ទទួលបាន សូន្យពិន្ទុ។

គេនឹងរង់ចាំមើល ពីប្រតិកម្មរបស់ក្រុមទាំងបី ខាងក្រោយ នៅក្នុងការប្រកួត ក្នុងវគ្គជម្រុះនេះ ចំនួនពីរដង នាពេលខាងមុខទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...