រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

ប្រទេសរ៉ុស្ស៊ីបានប្រកាស នៅថ្ងៃពុធនេះ ដកខ្លួនចេញពីអនុសញ្ញាក្រុងរ៉ូម ស្ដីពីសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ (ហៅ​កាត់​ជា​ភាសាអង់គ្លេស ICC និងភាសាបារាំង CPI)។ ប្រទេសនេះបានចោទប្រកាន់តុលាការអន្តរជាតិ ថា​មិន​ឯករាជ្យ និង​មិន​មាន​សមត្ថភាព​ពេញលេញ ដូចទៅនឹង​ក្ដីសង្ឃឹមទាំងឡាយ ដែលបានរំពឹងទុក។
រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)
ការិយាល័យកណ្ដាល របស់សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ នៅក្រុងឡាអេ ប្រទេសហូឡង់។ (រូបថត UN)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៦ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 16, 2016
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គឺប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ជាអ្នកចេញក្រិត្យមួយនៅថ្ងៃពុធនេះ ប្រកាស​ពីការដកខ្លួន របស់ប្រទេសរ៉ុស្ស៊ី ចេញពីអនុសញ្ញាក្រុងរ៉ូម (Rome- រដ្ឋធានីនៃប្រទេសអ៊ីតាលី)។ នៅ​ក្នុង​ក្រិត្យ​នោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergueï Lavrov) ជាអ្នក​ទទួល​បន្ទុក ក្នុង​ការជូនដំណឹង ទៅអង្គការសហប្រជាជាតិ អំពីសេចក្ដីសម្រេចចិត្តនេះ។

កាលពីដើមសប្ដាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ចាត់ទុក​ប្រទេស​រ៉ូស្ស៊ី និងប្រទេសអ៊ុយក្រែង ថាបានជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះយោធាមួយ ដោយយកឧបទ្វីប គ្រីមៀ (Crimée) ជាទឹកដីនៃ​ការប្រទាញប្រទង់គ្នា។

មិនដែលផ្ដល់សច្ចាប័ន...

ប្រទេសរ៉ុស្ស៊ីបានចុះហត្ថលេខា នៅឆ្នាំ២០០០ ទៅក្នុងសន្ធិសញ្ញាក្រុងរ៉ូម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្រាប់ការបង្កើត​ និងដំណើរប្រព្រឹត្តិទៅ នៃតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ប៉ុន្តែ​ប្រទេស​រ៉ុស្ស៊ី មិនដែលបាន​ផ្ដល់សច្ចាប័ន សម្រាប់ការអនុវត្តន៍តាមអនុសញ្ញានេះ ដូចគ្នាទៅនឹងប្រទេស​ចំនួន​៣១ផ្សេង​ទៀត ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល នោះឡើយ។

ផ្ទុយទៅវិញ បណ្ដា​រដ្ឋ​ចំនួន​១២៤ក្នុងលោក ក្នុងនោះមានកម្ពុជាដែរ បានចុះហត្ថលេខា និងបានផ្ដល់​សច្ចា​ប័ន​ជាស្ថាពរហើយ ទៅ​លើ​អនុសញ្ញា​ ស្ដីពីសាលាក្ដីអន្តរជាតិ បើគិតមកដល់ឆ្នាំ២០១៦នេះ។

អនុសញ្ញាក្រុងរ៉ូម បានកំណត់ពីការបង្កើតសាលាក្ដី និងផ្ដល់សមត្ថកិច្ច ទៅឲ្យស្ថាប័នយុត្តិធម៌អន្តរជាតិ​មួយ​នេះ ដោយមានការទទួលស្គាល់ ពីអង្គការសហប្រជាជាតិ ដើម្បីធ្វើកិច្ចការទៅលើសំនុំរឿង ទាក់ទង​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាពិសេស ឧក្រិដ្ឋកម្ម​«នៃ​ការ​ឈ្លាន​​ពាន»។ ឧក្រិដ្ឋកម្ម ដែលសាលាក្ដីទទួលយក​មក​ចាត់​ការ មិនចាំបាច់តែកើតមាន នៅក្នុង​ពេល​សង្គ្រាម​នោះ​​ទេ។

អាចកាត់ទោសជនណាខ្លះ?

តាមអនុសញ្ញាដដែលនេះ សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ មានកាតព្វកិច្ចជាស្វ័យប្រវត្តិ ធ្វើការស្រាវជ្រាវ និង​វិន្និច្ឆ័យទោស ទៅលើពលរដ្ឋសង្ស័យ​ណាមួយ ឬក្រុមសង្ស័យណាមួយ របស់រដ្ឋដែលបានផ្ដល់សច្ចាប័ន ក្លាយ​ជា​សមាជិករបស់សាលាក្ដី។ ដោយឡែក ចំពោះរដ្ឋណា​ ដែលមិនបានផ្ដល់សច្ចាប័ន ឲ្យក្លាយ​ជា​សមាជិក​​​របស់​​អនុសញ្ញា ក៏មិនរួចខ្លួនទាំងស្រុងដែរ ដោយគ្រាន់តែតុលាការ ចាំបាច់ត្រូវមានការស្នើសុំ ពី​អង្គការ​​​សហ​​ប្រជា​​ជាតិ ដើម្បី​​អាចឲ្យ​​បើក​ការ​ស៊ើបអង្កេត និងឈានទៅកាត់ទោស ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​​កើត​​ឡើង នៅក្នុងរដ្ឋនោះ។

ប្រទេសរ៉ុស្ស៊ី ជារដ្ឋទីបួនហើយ ដែលបានប្រកាសដកខ្លួន ពីអនុសញ្ញាក្រុងរ៉ូម។ កាលពីប៉ុន្មានសប្ដាហ៍​មុន និង​នៅថ្ងៃចន្ទមុននេះ  ប្រទេស​ចំនួនបី​នៅក្នុងទ្វីបអាហ្វ្រិក បានប្រកាសដកខ្លួន ចេញពីអនុសញ្ញា​នេះ​រួច​ហើយ បន្ទាប់​ពី​បានចោទ​សាលាក្ដីមួយនេះ ថាមានការរើសអ៊ើង ប្រឆាំងនឹងបណ្ដាជនអាហ្វ្រិក។ ប្រទេស​ទាំង​​នោះ ​មាន​​ប្រទេស ហ្គាំប៊ី (Gambie) អាហ្វ្រិកខាងត្បូង (Afrique du Sud) និង​ប្រទេស​ប៊ួរុនឌី (Burundi)។

សូមបញ្ជាក់ដែរថា ការដកខ្លួន នឹងមានសុពលភាព​ជាផ្លូវការ ក្នុងរយៈពេល១ឆ្នាំខាងមុខ រាប់ពីថ្ងៃ ដែល​​​មហា​សន្និបាត របស់​ក្រុម​ប្រទេសជាសមាជិក (អនុសញ្ញាក្រុងរ៉ូម) បានទទួលការជូនដំណឹងជាផ្លូវការ ពីរដ្ឋ​ដែល​ចង់​ដក​ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...