ឥណ្ឌា៖ កំហឹងផ្ទុះជាថ្មី ក្រោយពីក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវបានរំលោភ
ក្មេងស្រីក្នុងរដ្ឋធានីញ៉ូដេលី មួយរូបអាយុ៥ឆ្នាំ បានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅថ្ងៃសៅរ៍ទី២០ខែមេសានេះ បន្ទាប់ពីនាងតូចត្រូវបាន«រំលោភ» និងធ្វើ«ទារុណកម្ម» កាលពីដើមអាទិត្យ ដោយជនម្នាក់ ដែលជាអ្នករស់នៅជិតខាងផ្ទះរបស់នាង ហើយបានចាប់នាងបង្ខាំងទុក ចំនួនពីរថ្ងៃនៅក្នុងបន្ទប់។
បន្ទាប់ពីបានរកឃើញ បង្ខាំងនៅក្នុងបន្ទប់ នាងតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ភ្នាក់ងារនគរបាល បានអោយដឹងថា នាងតូចដែលទើបតែមានអាយុ៥ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃច័ន្ទទី១៥ខែមេសា ហើយត្រូវបានរកឃើញមកវិញ ដោយអ្នកជិតខាងរបស់នាងម្នាក់ទៀត នៅថ្ងៃពុធទី១៧ខែមេសា។ អ្នកជិតខាងនោះ បានលឺសម្លេងយំខ្សាយៗ ខណៈដែលនាងត្រូវបានបង្ខាំងទុក នៅក្នុងបន្ទប់មួយ ស្ថិតក្នុងអាគារស្នាក់នៅតែមួយ នឹងលំនៅដ្ឋានរបស់ឪពុកម្ដាយនាង ដែលប្រកបរបរជាកម្មករ រស់នៅក្នុងសង្កាត់ដ៏ក្រីក្រនេះ។
ជនសង្ស័យអាយុ២២ឆ្នាំ មិនមានវត្តមាននៅនឹងកន្លែងទេ នៅពេលដែលកម្លាំងសមត្ថកិច្ច បានចូលទៅដល់។ ប៉ុន្តែជននេះ ត្រូវបានចាប់ខ្លួន នៅថ្ងៃសៅរ៍នេះ នៅរដ្ឋប៊ីហារ (Bihar) មានចម្ងាយប្រមាណជា១០០០គីឡូម៉ែត្រ ខាងកើតនៃរដ្ឋធានីរបស់ប្រទេសឥណ្ឌា។ ជននេះ បានគេចខ្លួនទៅទីនោះ ដោយទំនងជាចង់ទុកអោយ នាងតូចរងទុក្ខ រហូត«ស្លាប់»តែម្នាក់ឯង។ នៅថ្ងៃទី១៥ខែមេសា ថ្ងៃដែលក្មេងស្រីបាត់ខ្លួន នគរបាលបាននិយាយថា ជននេះបានទាក់ទាញនាងតូច ជាមួយនឹងប្រដាប់ក្មេងលេង ហើយលូកស្ទាបនាងតូច ជាច្រើនដង។
តាមរូបភាពបញ្ចាំងនៅតាមទូរទស្សន៍ គេឃើញមានមនុស្សជាច្រើន បានព្យាយាមតាមវាយជនសង្ស័យ ហើយខ្លះទៀតបានព្យាយាមគប់នឹងស្បែកជើង ក្នុងខណៈពេលដែលនគរបាល ដឹកជននេះទៅកាន់អាកាសយាន្ដដ្ឋាន បញ្ជូនទៅរដ្ឋធានីវិញ។
អ្នកទទួលខុសត្រូវម្នាក់នៅមន្ទីរពេទ្យនៃរដ្ឋាភិបាលឥណ្ឌា លោកស្សាម៉ា (D.K. Sharma) បានប្រកាសថា នាងតូចបានរងមុខរបួសយ៉ាងធ្ងន់ធ្ងរ ជាពិសេសមុខរបួសដែលបង្កពី«មួយកាំបិត» ចំបំពង់ករ និង«ស្នាមខាំ»ជាច្រើន។
ហុចលុយ២៨អ៊ឺរ៉ូ (ប្រមាណជា ៣៥ដុល្លា) ដើម្បីកុំអោយបន្តសំនុំរឿង
ក្រៅពីអំពើហឹង្សា ដែលមិនអាចស្មានដល់នេះ សកម្មភាពរបស់អាជ្ញាធរ នៅចំពោះឪពុកម្ដាយក្មេងស្រីរងគ្រោះ ក៏បានបញ្ឆេះអោយមានកំហឹងកើតឡើងជាខ្លាំងដែរ។ ថ្ងៃដែលនាងតូចបាត់ពីផ្ទះដំបូង ឪពុកម្ដាយរបស់នាង ត្រូវបានទទួលដោយភ្នាក់ងារនគរបាល ដែលហាក់ដូចជាមិនយកចិត្តទុកដាក់អ្វីសោះ ហើយបានប្រើពេលជាច្រើនម៉ោង ដើម្បីពាក្យបណ្ដឹងបាត់កូនរបស់ឪពុកម្ដាយ ត្រូវបានទទួលទុកដោយពួកនគរបាលទាំងនោះ។
នៅពេលដែលឪពុកម្ដាយ បានទទួលកូនស្រីមកវិញ និងយល់ពីសភាពដ៏រន្ធត់របស់នាង ពួកគាត់បានត្រឡប់ទៅទៅស្នងការនគរបាលវិញ ដើម្បីដាក់ពាក្យបណ្ដឹងជាថ្មី ប្ដឹងពីបទរំលោភ។ ព័ត៌មានមិនផ្លូវការជាច្រើន បាននិយាយពីមាត់មួយទៅមាត់មួយ ថា ភ្នាក់ងារនគរបាលម្នាក់ បានហុចលុយ ២០០០រូពី (ប្រមាណជា២៨,៤អ៊ឺរ៉ូ ឬ៣៥ដុល្លាអាមេរិក) ទៅឲ្យឪពុកម្ដាយ ដើម្បីសុំកុំអោយបន្តសំនុំរឿង។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេស លោក ស៊ុយស្សីល កូមារ ស្សាញឌី (Sushil Kumar Shinde) បានប្រកាសបើកការស៊ើបអង្កេតមួយឡើង ដើម្បីរកអោយឃើញពិតប្រាកដ ទាក់ទងនឹងការខ្ជីខ្ជាររបស់ពួកនគរបាលទាំងនេះ។
កំហឹងផ្ទុះឡើងនៅតាមផ្លូវ
បួនខែបន្ទាប់ពីការរំលោភជាក្រុម ប្រព្រឹត្តទៅលើនិស្សិតពេទ្រស្រីម្នាក់ នៅញ៉ូដេលីនោះមក អំពើហឹង្សាដោយការរំលោភផ្លូវភេទ នៅប្រទេសឥណ្ឌា មិនបានថមថយកម្លាំងឡើយ។ មនុស្សរាប់ពាន់នាក់ បានប្រមូលគ្នាចុះនៅតាមដងផ្លូវ នៅថ្ងៃសៅរ៍នេះ ដើម្បីសម្ដែងពីកំហឹង នៅចំពោះករណីថ្មី ដ៏«ស្មោគរោគ»នេះ។ ក្រៅពីរបៀបធ្វើការ ដែលនិយមការិយាធិបតេយ្យជ្រុលនោះ ពួកគេបានចោទអាជ្ញាធរបន្ថែមទៀត ថាបានប្រើពេល«យូរជ្រុល» ដើម្បីចាត់វិធានការឆ្លើយតប ទល់នឹងអំពើអមនុស្សធម៌អស់ទាំងនេះ។
ការចុះធ្វើបាតុកម្មនេះ បានកើតឡើងតាំងពីថ្ងៃសុក្រ តែបានរីកឥទ្ធិពលខ្លាំងឡើង នៅថ្ងៃសៅរ៍នេះ នៅពេលដែលមានវីដេអូមួយ បានបង្ហោះនៅលើបណ្ដាញអាំងធើណែត បង្ហាញពីនគរបាលម្នាក់ ដែលទំនងជាបានទះកំផ្លៀងបាតុករ ជាស្ត្រីមួយរូប៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ