ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០២ មករា ២០១៦
- កែប្រែចុងក្រោយ: January 03, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើសមាជិកក្រុមស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ ឬជីហាដ (djihad) អាចចាប់ស្ត្រីរំលោភ យ៉ាងដូចម្ដេច និងនៅពេលណា? ដើម្បីរកចម្លើយនេះឃើញ គេត្រូវចូលទៅអានអត្ថបទ នៅក្នុងឯកសារដ៏ពិសេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលត្រូវបានរឹបអូសបាន ដោយកងកម្លាំងអាមេរិក នៅក្នុងប្រតិបត្តិការវាយសន្ធាប់មួយ ទៅលើមូលដ្ឋានរបស់ក្រុមនេះ ស្ថិតក្នុងប្រទេសស៊ីរី។
ឯកសារពិសេស ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) យកមកធ្វើសេចក្ដីរាយការណ៍លំអិតនោះ រៀបរៀងឡើងដោយ គណៈកម្មការស្រាវជ្រាវ និងអំពីក្បួន ហ្វាវ៉ា (Fatwa = ក្បួនច្បាប់ដ៏កម្រមួយ របស់សាសនាអ៊ីស្លាម) របស់ក្រុមភេរវជន។ ហើយដោយឈរលើមូលដ្ឋាន នៃក្បួន ហ្វាវ៉ា នេះហើយ ទើបក្រុមរដ្ឋអ៊ីស្លាម ដាក់ចេញនូវរបៀបរបប ប្រមាណជា១៥បែប ដើម្បីចាប់ស្ត្រីដែលជាទាសី មកធ្វើការរំលោភ។
របៀបរបបនេះ មានសរសេរដូចយ៉ាង៖ «បើម្ចាស់ទាសី របស់ស្ត្រីចំណាប់ខ្មាំងម្នាក់ បានរួមភេទជាមួយកូនស្រីគ្រប់ការ របស់ស្ត្រីម្នាក់នោះ ម្ចាស់ទាសីនោះ នឹងលែងមានសិទ្ធប៉ះពាល់ ឬរំលោភលើខ្លួនប្រាណស្ត្រី ជាម្ដាយនោះទៀតហើយ» ដែលបានសេចក្ដីថា ម្ចាស់ទាសីមិនអាចធ្វើការរួមរ័ក្ស ជាមួយម្ដាយផង និងជាមួយកូនស្រីផងបានឡើយ។
ឯកសារបានបញ្ជាក់បន្ថែម ពីការហាមឃាត់មួយចំនួន ដូចជាបម្រាម មិនឲ្យធ្វើការរំលោភ លើបងប្អូនទាសីស្រី ក្នុងពេលតែមួយ និងបម្រាមមិនឲ្យបញ្ជូនខ្លួនទាសី ទៅឲ្យសាច់ញាតិផ្សេងទៀតជាដើម។
ចាប់រំលោភតាមរន្ធគូទ មិនបរិសុទ្ធ...
របៀបរបបក្បួនខ្នាត បានធ្វើការហាមឃាត់ ជាកំហិតនូវការរួមរ័ក្សតាមរន្ធគូទ ដែលត្រូវបានវាយតម្លៃថា «មិនបរិសុទ្ធ»។ រីឯកូនដែលកើតចេញ ដោយការរំលោភ ត្រូវតែរក្សាទុក និងត្រូវដោះលែង នៅពេលម្ចាស់ទាសីស្លាប់។ ម្ចាស់ទាសី ដែលជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម មិនអាចលក់ទាសីរបស់ខ្លួន ទៅឲ្យនរណាផ្សេង ដែលអាចនឹងធ្វើទុក្ខបុកម្នេញ លើពួកនាងបានឡើយ។ ឯកសារបានសរសេរថា៖ «ម្ចាស់ទាសី ត្រូវមានចិត្តករុណាធម៌ ចំពោះភរិយាទាសីរបស់ខ្លួន ដោយមិនត្រូវជេរផ្ដាសារ ឬបង្ខំឲ្យធ្វើការអ្វីមួយ ដែលនាងគ្មានសមត្ថភាព នឹងធ្វើនោះឡើយ»។
ឯកសារជាច្រើនផ្សេងទៀត ដែលត្រូវបានរឹបអូសបាន នាពេលកន្លងមក ក៏បានអះអាងដែរថា ក្រុមរដ្ឋអ៊ីស្លាមបានចាប់ស្ត្រីជាច្រើនរយពាន់នាក់ ជាចំណាប់ខ្មាំង ដើម្បីទុកធ្វើជាទាសី និងរំលោភ។ ស្ត្រីមួយចំនួន ដែលបានរត់គេចខ្លួនផុត ពីក្រញ៉ាំរបស់សមាជិក នៃក្រុមភេរវជនទាំងនេះ បានរៀបរាប់សឹងតែប្រហាក់ប្រហែលគ្នា ពីបែបផែនជាប្រព័ន្ធ ឬពីស្ថាននរកអវិចិ ដែលពួកខ្លួន មានទាំងម្ដាយ ទាំងកូនស្រី ត្រូវបានក្រុមនេះចាប់យកទៅឃុំទុក ដើម្បីបម្រើកាមគុណ។ ពួកនាងមួយចំនួនទៀត ត្រូវបានក្រុមរដ្ឋអ៊ីស្លាម លក់ដូរបន្តពីមួយទៅមួយ ដោយមានតម្លៃខ្លួន ត្រឹមតែបារីមួយកញ្ចប់ប៉ុណ្ណោះ។
សូមជម្រាបជូនដែរថា ឯកសារខាងលើនេះ ត្រូវបានរឹបអូសយក កាលពីក្នុងការវាយប្រហារ របស់កងទ័ពអាមេរិក នាខែឧសភាកន្លងទៅ។ នៅក្នុងការវាយប្រហារនោះ អ្នកទទួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម និងរបស់ក្រុម អាប៊ូសាយ៉ាហ្វ (Abu Sayyaf = ក្រុមអ៊ីស្លាមនិយមជ្រុលមួយ នៅភាគខាងត្បូងប្រទេសហ្វីលីពីន) ត្រូវបានសម្លាប់ ហើយស្ត្រីជាទាសីម្នាក់ ត្រូវបានដោះលែង៕