អ្នក​ស៊ើប​អង្កេត៖ យន្ដហោះ​រ៉ូស្សី​ត្រូវ​បាន​«បំផ្ទុះ» នៅ​ក្នុង​អាកាស

បើតាមអ្នកស៊ើបអង្កេតជាតិរ៉ូស្ស៊ី បានបង្ហើបឲ្យដឹងថា យន្ដហោះអ៊ែរប៊ូស ដែលបានធ្លាក់នៅភាគខាងជើង នៃឧបទ្វីប ស៊ីណាយ (Sinaï ) ប្រទេសអេហ្សីបនោះ ត្រូវបានធ្វើឲ្យបែកបាក់ នៅក្នុងអាកាស មុននឹងធ្លាក់មកដល់ដី។ ការ​បង្ហើប​នេះ ធ្វើ​ឲ្យ​មាន​ការសង្ស័យ កាន់តែខ្លាំងឡើង ទាក់ទងនឹងការវាយប្រហារយន្ដហោះស៊ីវិល ពីសំណាក់​សាខា​មួយ នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០១ ខែវិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 02, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមួយថ្ងៃក្រោយការធ្លាក់យន្ដហោះ អ៊ែរប៊ូស (Airbus A321-200) របស់ក្រុមហ៊ុន​បម្រើសេវាកម្មធូរថ្លៃ «Metrojet» របស់ប្រទេសរ៉ូស្ស៊ី នៅក្នុងឧបទ្វីប ស៊ីណាយ ភាគខាងកើត នៃប្រទេសអេហ្សីប ក្រុមអ្នកស៊ើប​អង្កេត បានថ្លែងអះអាងថា យន្ដហោះទំនងជាបានបាក់បែក (ឬផ្ទុះ) នៅកណ្ដាលអាកាស មុននឹងយន្ដហោះ បាន​ធ្លាក់​មកដល់ដី។

លោក វិចទ័រ សូរ៉ូតឆិនកូ (Viktor Sorotchenko) ជាតិរ៉ូស្សី ដែលជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល នៃអាកាសចរណ៍ស៊ីវិល ដែលកំពុងធ្វើការស៊ើបអង្កេត ពីករណីធ្លាក់យន្ដហោះនេះ បានថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរូស្សី ឲ្យដឹងថា យន្ដហោះបានបែកបាក់ខ្លួន នៅក្នុងអាកាស ប៉ុន្តែនៅមិនទាន់ដឹងថា មកពីមូលហេតុ​អ្វីនៅឡើយ។ លោកបានថ្លែងឡើងថា៖ «បំណែកនិងកំទេចជាច្រើន បានធ្លាក់រប៉ាត់រប៉ាយ នៅលើផ្ទៃក្រឡា ប្រមាណជា២០គីឡូម៉ែត្រការ៉េ»។

យន្ដហោះបានបែកបាក់ នៅកំពស់ដ៏ខ្ពស់...

មកដល់ម៉ោងនេះ អាជ្ញាធរអេហ្សីប និងរ៉ូស្ស៊ី នៅមិនទាន់ធ្វើការអះអាង ជាផ្លូវការ អំពីមូលហេតុនៃការធ្លាក់​យន្ដហោះនេះទេ។ ប៉ុន្តែអំពើ«ភេរវកម្ម» នៅតែស្ថិតជាការសង្ស័យដ៏ធំមួយ របស់ក្រុមអ្នកស៊ើបអង្កេត បន្ទាប់​ពីការប្រកាសទទួលស្គាល់ របស់សាខាមួយ ប្រចាំនៅប្រទេសអេហ្សីប នៃក្រុមរដ្ឋអ៊ីស្លាម (បារាំងហៅ​កាត់​ថា EI អង់គ្លេសហៅកាត់ថា ISIS) ដែលអះអាងថា ក្រុមខ្លួនបានបាញ់ទម្លាក់យន្ដហោះ។ ក្រុមរដ្ឋអ៊ីស្លាមនេះ បាន​បង្ហាញមូលហេតុ នៃការទម្លាក់យន្ដហោះស៊ីវិល ថាជាការឆ្លើយតប ទៅនឹងអន្តរាគមន៍យោធារ៉ូស្ស៊ី នៅក្នុង​ប្រទេស​ស៊ីរី។

ប្រធានភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរ៉ូស្ស៊ី លោក អាឡិចសដ្រ ណេរ៉ាកូ (Alexandre Neradko) បាន​អះអាង​ដូច​គ្នា ប្រាប់ទូរទស្សន៍រ៉ូស្ស៊ី ​ពីការបាក់បែកនេះ និងនិយាយថា ការបាក់បែកយន្ដហោះ បាន​កើត​ឡើង​នៅ​កំពស់​ដ៏ខ្ពស់​មួយ។

គ្រាប់បែកក្នុងយន្ដហោះ?

យ៉ាងណក៏ដោយ ប្រធានាធិបតីអេហ្សីប លោក អាបដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sissi) បានអំពាវនាវឲ្យរងចាំ នូវលទ្ធផលនៃការស៊ើបអង្កេត ដែលមានលក្ខណៈស្មូគ្រស្មាញ មុននឹងឈាន ទៅដល់​សេចក្ដីសន្និដ្ឋាន ទាក់ទងនឹងមូលហេតុ បង្កឲ្យមានគ្រោះថ្នាក់ ដ៏អាណោចអាធមនេះ។ យន្ដហោះ ដែល​មាន​ដឹកមនុស្ស ២២៤នាក់ ឆ្ពោះទៅកាន់ក្រុង «Saint-Pétersbourg» ប្រទេសរ៉ូស្ស៊ី បានហោះងើបខ្លួន ចេញពី​ព្រលាន​យន្ដហោះ ក្រុង «Charm el-Cheikh» ប្រទេសអេហ្សីប ដែលស្ថិតជាប់នឹងសមុទ្រក្រហម វេលាព្រឹក​ម៉ោង ៥និង៥១នាទី ហើយបានបាត់ការទាក់ទង មកការិយាល័យត្រួតពិនិត្យអាកាស (នៅលើដី) នៅ​២៣នាទី​ក្រោយ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ជំនាញការយោធាអេហ្សីបជាច្រើននាក់ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថាសមាជិក​សាខា​របស់ក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងជើង នៃឧបទ្វីបស៊ីណាយ មិនមានសមត្ថភាព ដល់ថ្នាក់បំពាក់​ដោយ​កាំជ្រួច​រយៈឆ្ងាយ ដើម្បី​បាញ់​យន្ដហោះនោះទេ។ ប៉ុន្តែអ្នកជំនាញទាំងនោះ បានអះអាងបន្ថែមថា យន្ដហោះអាច​ត្រូវបាញ់ឲ្យធ្លាក់ ដោយរ៉ុកែត ឬកាំជ្រួចរយៈខ្លី នៅពេលដែលយន្ដហោះ បានហោះបន្ទាបខ្លួន ព្រោះមានបញ្ហា​បច្ចេកទេស។ ករណីមួយទៀត ដែលអាចធ្វើឲ្យយន្ដហោះផ្ទុះដែរនោះ គឺការបំផ្ទុះគ្រាប់បែក ក្នុងយន្ដហោះ។ គ្រាប់បែកនេះ ទំនងជាត្រូវបាននាំចូល មកក្នុងយន្ដហោះ តាមរយៈកេសឬហិបឥវ៉ាន់ របស់អ្នកដំណើរ តាំង​ពី​នៅ​ព្រលានយន្ដហោះ ក្រុង «Charm el-Cheikh»។

កុមារ១៧នាក់ ក្នុងនោះទារិកាអាយុ១០ខែម្នាក់...

ពីក្នុងចំណោមមនុស្សទាំង២២៤នាក់ នៅលើយន្ដហោះ មាន​២១៧​នាក់​ជាអ្នកដំណើរ ក្នុងនោះ២១៤នាក់ជា​ជនជាតិរ៉ូស្ស៊ី និង៣នាក់ជាជនជាតិអ៊ុយក្រែន។ សាកសពជនរងគ្រោះចំនួន១៦២នាក់ ត្រូវបានរកឃើញ និង​បញ្ជូនកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកានេះ តាមយន្ដហោះប្រភេទ «Iliouchine 76» មួយគ្រឿង ឆ្ពោះទៅកាន់ក្រុង «Saint-Pétersbourg» ប្រទេសរ៉ូស្ស៊ី។ ពីក្នុងចំណោមជនរងគ្រោះទាំងនេះ មាន១៧នាក់ជាកុមារ ក្នុងនោះ​ម្នាក់​ជា​ទារិកា ទើបនឹងមានអាយុ១០ខែ។ គ្រោះថ្នាក់យន្ដហោះនេះ ក្លាយជាគ្រោះថ្នាក់ដ៏អាក្រក់ជាងគេ សម្រាប់​ប្រវត្តិសាស្ត្រនៃប្រទេសរ៉ូស្ស៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...