យុទ្ធនាកា១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងកុមារ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 07, 2014
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចូលរួមពីសំណាក់យុវជនយុវនារី ប្រមាណជាជាង៥០០នាក់ នាកណ្តាលរាជធានីភ្នំពេញ មានគោលបំណងតែមួយគត់ គឺរួមគ្នាដើម្បីលុបបំបាត់ អំពើហឹង្សាលើស្ត្រី និងកុមារ នៅទូទាំងពិភពលោក។ ក្នុងកម្មវិធីនោះ មានការរាំជាចង្វាក់ ម៉ាឌីហ្សុន នៅទីធ្លាខាងមុខវត្តបទុមវតី ចាប់ពីម៉ោង២រសៀល រហូតម៉ោង៦ល្ងាច ថ្ងៃទី៦ ខែធ្នូនេះ និងប្រើប្រាស់ឯកសណ្ឋានអាវយឺត តែមួយពណ៌គ្រប់គ្នា ដោយមានសរសេរសារថា៖ «រួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី»។
លោកស្រី នី ម៉ារ៉ាឌី មកពីក្រសួងកិច្ចការនារី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា យុទ្ធនាការនេះមិនមែនធ្វើឡើង តែនៅប្រទេសកម្ពុជានោះទេ តែបានប្រព្រឹត្តឡើងនៅទូទាំងពិភពលោក ព្រមទាំងមានអង្គការជាច្រើនចូលរួមដូចជា អង្កការសហប្រជាជាតិ អង្គការ យូអិន វូមែន (UN Woman - កម្មវិធីទប់ស្កាត់អំពើហិង្សាលើស្ត្រីនៃមូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិ) ដែលជាម្ចាស់គម្រោង និងអង្កការជាដៃគួរមួយចំនួនទៀត។ លោកស្រីបានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីឲ្យពិភពលោកទទួលស្គាល់ លើតម្លៃស្ត្រី និងកុមារ ថាជាកោសិការឹងមាំ មិនមែនទន់ខ្សោយនោះទេ ហើយត្រូវលើកដំកើងឲ្យមានតម្លៃ នៅក្នុងសង្គម និងទូទាំងពិភពលោក។
កំពុងតែដឹកនាំយុវជន ឲ្យរាំចង្វាក់ម៉ាឌីហ្សុន លោក ផុន វុត្ថា ជាមន្រ្តីនៃអង្កការ យូអិន វូមែនន បានស្រដីឡើងថា ការរាំរែកនៅក្នុងថ្ងៃនេះ មិនមែនជាលើកទីមួយនោះទេ តែបានប្រព្រឹត្តិទៅ ជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃ០៦ ខែធ្នូ។ លោកនិយាយថា កម្មវិធីយុទ្ធនាការ ១៦ថ្ងៃនេះ ក៏មានការប្រារព្ធធ្វើ នៅក្រៅប្រទេសដែរ និងមានអង្គការស្ថាប័នធ្វើការងារពាក់ព័ន្ធ នឹងការលើកកម្ពស់សិទ្ធិស្ត្រី ជាដៃគូរបស់ យូអិន វូមែន ចំនួន៣៤ បានចូលរួម។
មន្ត្រីរបស់កម្មវិធី យូអិន វូមែនន រូបនេះ បានថ្លែងឡើងថា៖ «ប្រធានបទសំខាន់របស់យើងមួយ ដែលបានផ្ញើជូនអ្នកចូលរួម និងចង់លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ គឺត្រូវចាប់ផ្ដើមខ្លួនយើង។ យើងត្រូវធ្វើម៉េចកសាងសន្តិភាពក្នុងគ្រួសារ ក្នុងសហគមន៍ ជាពិសេសនៅក្នុងខ្លួនរបស់យើងគ្មានអំពើហិង្សា។ យើងអាចនិយាយបានថា នៅជុំវិញខ្លួនយើងក៏គ្មានអំពើហិង្សាដែរ សហគមន៍យើងមានសន្តិភាព នោះជាអ្វីដែលយើងចង់បាន។»៕