ឥណ្ឌា៖ ទេសចរណ៍ស្វីស រងគ្រោះនឹងការរំលោភជាក្រុម ជាថ្មីទៀត
ស្ត្រីជនរងគ្រោះ អាយុ៤០ឆ្នាំ ត្រូវបានជនល្មើសរំលោភ នៅនឹងមុខស្វាមីរបស់គាត់។ ក្នុងខណៈនេះ ពួកគាត់កំពុងស្នាក់សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង ជ្វាលីយ័រ ដែលស្ថិតនៅផ្នែកកណ្ដាលប្រទេស។
ស្ត្រីឥណ្ឌាបួងសួង នៅក្រោយនិស្សិតស្ត្រីស្លាប់ និងការរំលោភជាក្រុម។
ទេសចរណ៍ជនជាតិស្វីស ជាស្ត្រីរូបនេះ ត្រូវបានរងគ្រោះនឹង«ការរំលោភជាក្រុម» នៅចំពោះមុខប្ដីរបស់គាត់ កាលពីថ្ងៃសុក្រ នៅក្នុងតំបន់មួយផ្នែកកណ្ដាលប្រទេសឥណ្ឌា។ នេះជាការអោយដឹងរបស់ នគរបាលមួយថ្ងៃក្រោយហេតុការណ៍។ ជនល្មើសប្រមាណជាពី៧ទៅ៨នាក់ បានវាយបុរសជាប្ដី និងបានរំលោភស្ត្រីជាប្រពន្ធ ក្នុងខណៈជនរងគ្រោះទាំងពីរនាក់ កំពុងជិះកង់ នៅយប់ថ្ងៃសុក្រ ក្នុងរដ្ឋម៉ាហីយ៉ា ប្រាដេស (Madhya Pradesh)។
ភ្នាក់ងារនគរបាលមួយរូប បានបញ្ជាក់ថា បន្ទាប់ពីប្រព្រឹត្តិល្មើសរួច ពួកអ្នកបំពារបំពាននេះ បានប្រមែប្រមូលយក វត្ថុមានតម្លៃរបស់ពីរនាក់ប្ដីប្រពន្ធ ហើយគេចខ្លួនចេញទៅ។ ជនរងគ្រោះបានប្រកាសថា ខ្លួនជាជនជាតិស្វីស ប៉ុន្តែខាងនគរបាល និយាយថានៅមិនទាន់បានឃើញដោយផ្ទាល់ភ្នែក នូវលិខិតឆ្លងដែនរបស់ពួកគាត់នៅឡើយ។
ទេសចរណ៍ទាំងពីរនាក់ បានទៅលេងប្រាសាទតៃ ម៉ាហាល (Taj Mahal) នៅអាហ្គ្រា (Agra) ផ្នែកខាងជើងប្រទេស ដែលជាកន្លែងមួយទាក់ទាញទេសចរណ៍ បានច្រើនបំផុត នៅឥណ្ឌា។ នគរបាលបាននិយាយទៀតថា បន្ទាប់មកពួកគាត់បានឆ្លងកាត់ទីក្រុងតូចមួយ នៃរដ្ឋម៉ាហីយ៉ា ប្រាដេស ដើម្បីសម្រាកមួយយប់ នៅក្រោមក្រណាត់តង់។ ហេតុការណ៍ដ៏រន្ធត់នេះ បានបន្តប្រវត្តិដ៏សោកសៅជាច្រើន ដែលតែងកើតមានជារឿយៗ នៅក្នុងប្រទេសមួយនេះ។
កាលពីថ្ងៃ១៦ធ្នូកន្លងទៅ ការរំលោភជាក្រុមបែបនេះ បានប្រព្រឹត្តធ្វើទៅលើនិស្សិតស្ត្រីជនជាតិឥណ្ឌាម្នាក់ អាយុ២៣ឆ្នាំ នៅកណ្ដាលទីក្រុងញ៉ូ ដេលី បានបង្កអោយផ្ទុះជារលកចលនាប្រឆាំង នឹងអំពើដ៏ស្មោគរោគនេះ នៅពេញទូទាំងប្រទេសឥណ្ឌា។ មិត្តប្រុសរបស់និស្សិតស្ត្រី ដែលនៅក្នុងហេតុការណ៍នោះដែរ តែត្រូវក្រុមជនល្មើសវាយផ្ដួល មិនអាចការពារមិត្តស្រីខ្លួនបាននោះ បានរៀបរាប់ព្រឹត្តិការណ៍នេះឡើងវិញ បង្កអោយកំហឹងដែលមានប្រឆាំងនឹងជនល្មើសកើនឡើង មិនត្រឹមតែនៅក្នុងប្រទេស តែនៅក្នុងពិភពលោកទាំងមូល។
ជនល្មើសទាំងក្រុម នៅក្នុងព្រឹត្តិការណ៍ខែធ្នូរ ត្រូវបានចាប់ខ្លួនទាំងអស់ និងឡើងបញ្ជូនខ្លួន ទៅជំនុំជម្រះនៅចំពោះមុខតុលាការ។ តែម្នាក់ពីក្នុងនោះ ដែលគេសង្ស័យថាជាមេគំនិត ត្រូវបានគេរកឃើញស្លាប់ដោយព្យួរករ នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១១ខែមិនាកន្លងទៅ។ អាជ្ញាធរខាងកោសល្យវិច្ច័យ បានអះអាងពី«ការសម្លាប់ខ្លួន» ហើយបន្ទាប់មកបន្តិច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា ក៏បានទទួលស្គាល់ដែរ ពីចន្លោះប្រហោងនៃការគ្រប់គ្រង ទៅលើពន្ធនាគារ ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ