ជាប់ទោសមួយឆ្នាំ ដោយសារលួចថតមនុស្សស្រីក្នុងបន្ទប់ទឹក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនដែលធ្លាប់មាន នៅក្នុងផ្សារទំនើបជាច្រើន នៃតំបន់ជុំវិញទីក្រុងកាំប៉ែ (Quimper) និងប្រ៊េស្ត៍ (Brest) នៃប្រទេសបារាំង។ គេបានរកឃើញ ពីជនប្រព្រឹត្តិ នូវវីដេអូ ដែលលួចថតបាន ប្រមាណជាជាង ១៥០០វគ្គ។
ផ្លាកបង្ហាញទិសដៅ ឆ្ពោះទៅកាន់កន្លែងបន្ធូរអារម្មណ៍សាធារណៈ ក្នុងប្រទេសបារាំង។
បុរសមានវ័យចន្លោះពី៥០ទៅ៦០ឆ្នាំម្នាក់ ត្រូវបានតុលាការនៃទីក្រុងប្រ៊េស្ដ៍ ផ្ដន្ទាទោសកាលពីថ្ងៃព្រហស្បត្តិ៍ទី១៤ខែមិនា អោយជាប់ពន្ធនាគារ ដោយការព្យួរទោស ចំនួនរយះពេលមួយឆ្នាំ ពីបទបានថតមនុស្សស្រី ច្រើនជាង ១៥០០នាក់ នៅក្នុងបន្ទប់ទឹក នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងតំបន់ ហ្វីនីស្ទែរ (Finistère) ជាប់នឹងមហាសមុទ្រអាត្លង់ទីក ភាគខាងលិចទីក្រុងប៉ារីស។
ប្រភពដែលស្និតនឹងតុលាការ បាននិយាយប្រាប់ថា បុរសអ្នករស់នៅជាយក្រុង នៃទីក្រុងប៊្រេស្ដ៍រូបនេះ ត្រូវបានជាប់ទោស ដោយតុលាការរកឃើញថា បាន«ឆាឆៅ» ភាពលាក់កំបាំងផ្ទាល់ខ្លួន នៃជីវិតឯកជនរបស់ស្ត្រីរងគ្រោះទាំងនោះ។ សាលក្រមក៏បានកំណត់អោយ បុរសអស្ចារ្យ ត្រូវស្ថិតក្នុងការត្រួតពិនិត្យ ចំនួនពីរឆ្នាំ ហើយតម្រូវអោយគាត់ ត្រូវចូលទៅធ្វើការព្យាបាលខ្លនផង ក្នុងរយះពេលនេះ។
រដ្ឋអាជ្ញារងនៃសាធារណរដ្ឋបារាំង ប្រចាំតំបន់ លោក បាស្ទៀន ឌីយ់ាកូណូ ( Bastien Diacono ) បានពន្យល់ថា ជនប្រព្រឹត្តិរឿងចំលែកនេះ បានធ្វើអោយសម្រេច នូវស្នាដៃពិសេសរបស់គាត់ ពីក្នុងចំនួន១៥៣៥វិដេអូ ដែលភាគច្រើនថតតាមទូរស័ព្ទដៃ ចន្លោះពីខែមិនាឆ្នាំ២០១០ មកដល់ខែឧសភាឆ្នាំ២០១១។
«សកម្មភាពរបស់គាត់បានបែកការណ៍ ដោយសារតែស្ត្រីម្នាក់ បានភ្ញាក់ព្រើត ដោយឃើញមានម៉ាស៊ីនថតមួយ ចេញពីបន្ទប់ទឹកម្ខាងទៀត ស្ថិតនៅជាប់ក្បែរ។ ស្ត្រីនោះបានចេញមកវិញ ហើយបានខ្ទប់ទ្វាបន្ទប់ទឹកនេះ មុននឹងរកកិច្ចអន្តរាគមន៍ ពីកងកម្លាំងសន្តិសុខ។»
លោកឌីយ៉ាកូណូ បានបន្តថា បុរសវ័យច្រើនជាង៥០ឆ្នាំរូបនេះ បានប្រព្រឹត្តិ«ល្មើស» យ៉ាងចាស់ដៃ នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ក្នុងតំបន់ជុំវិញទីក្រុងកាំប៉ែ និងទីក្រុងប្រ៊េស្ដ៍។ មិនត្រឹមតែប៉ុណ្ណោះ បុរសនេះនឹងត្រូវត្រៀមប្រឈមមុខ នឹងការជំនុំជម្រះដូចគ្នា ទាក់ទងសំនុំរឿងមួយទៀត ដែលខ្លួនគាត់បានធ្វើអោយអោយកំពប់ ទឹកអាស៊ីដសុលផួរិក ទៅលើខោអាវរបស់នារីវ័យក្មេងម្នាក់ ក្នុងបំណងលួចថតនាង នៅក្នុងបន្ទប់ទឹក នៅពេលនាងទៅដូរខោអាវភ្លាមៗនោះ។
លោករដ្ឋអាជ្ញារងបានបញ្ជាក់ថា «ក្នុងគំនិតរបស់ជននេះ គឺបានគិតថា នាងនឹងទៅដោះខោអាវចេញ នៅក្នុងបន្ទប់ទឹក»៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ