វីយ៉ូឡុងនៃនាវាទីតានីក៖ ប្រវត្តិអស្ចារ្យ មានអាយុ១០១ឆ្នាំក្រោយមក
១០១ឆ្នាំក្រោយពីការលិច មហានាវាកំសាន្ដធំជាងគេក្នុងពិភពលោក វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូកមួយ កម្មសិទ្ធិរបស់អ្នកដឹកនាំភ្លេង នៅលើនាវានេះ ត្រូវបានគេដឹងពីអត្តសញ្ញាណរបស់វា នៅថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណឹង ឧបករណ៍ភ្លេងមួយនេះ ក៏បាននាំមកជាមួយ អោយយើងដឹង នូវ«ប្រវត្តដ៏អស្ចារ្យ» គួរអោយចង់តាមដាននោះផង។
វីយ៉ូឡុងនៃនាវាទីតានីក។
វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូក កម្មសិទ្ធិរបស់អ្នកដឹកនាំភ្លេង នៅលើនាវា«ទីតានីក» ត្រូវបានរកឃើញនៅក្នុងឃ្លាំងផ្ទុកឥវ៉ាន់ចាស់ៗមួយ នៅអង់គ្លេស ហើយដឹងពីអត្តសញ្ញាណរបស់វា ១០១ឆ្នាំក្រោយពីការលិច នាវាយក្សសម្រាប់ធ្វើដំណើរកំសាន្ដនេះ។ ជាការថ្លែងអោយដឹង របស់គ្រឹស្ថានដេញថ្លៃមួយ ក្នុងប្រទេសនេះ ឈ្មោះ ហង់រី ហាតឡី អេន សាន់ (Henry Aldridge & Son) ដោយបានបញ្ជាក់ថា គេបានចំណាយពេល ៧ឆ្នាំ ដើម្បីស្វែងយល់ពីអត្តសញ្ញាណ នៃសម្ភារះភ្លេងនេះ ខណៈឧបករណ៍ភ្លេង បានរួចរស់យ៉ាងអស្ចារ្យ ពីហេតុការណ៍ដ៏រន្ធត់ប្រចាំសតវត្សន៍។
វីយ៉ូឡុង ជាកម្មសិទ្ធិរបស់ វ័លឡេស៍ ហាតឡី (Wallace Hartley) អ្នកដឹកនាំវង់ភ្លេងតូចមួយ នៃនាវា ទីតានីក ហើយក៏ជាអ្នកដែលបានលេង កំដរព្រឹត្តិការណ៍ខែមេសាឆ្នាំ១៩១២ រហូតដល់នាទីចុងក្រោយ ដែលនោះជាការលិចនាវាដ៏ធំសម្បើម ទៅក្នុងមហាសមុទ្រអាត្លង់ទីក។ លោកអេនដ្រូវ អាលដ្រីជ (Andrew Aldridge) នៃគ្រឹស្ថានដេញថ្លៃ បានតំណាលថា ដងខ្លួនរបស់វ័លឡេស៍ បានលិចទៅជាមួយនាវា ក្នុងអំឡុងពេល១០ថ្ងៃ ហើយវីយ៉ូឡុងនេះ ត្រូវបានគេរកឃើញ នៅក្នុងហិបមួយធ្វើពីស្បែក ដែលចងភ្ជាប់នឹងខ្លួនរបស់គាត់។ បន្តិចក្រោយមក ម្ដាយរបស់វ័លឡេស៍ បាននិយាយប្រាប់អ្នកកាសែតថា «ខ្ញុំដឹងថា កូនខ្ញុំស្លាប់ យកវីយ៉ូឡុងនេះទៅជាមួយ។ កូនខ្ញុំ មានចំណងស្អិតរមួតណាស់ ជាមួយនឹងឧបករណ៍ភ្លេងនេះ។»
ជាអំណោយ ក្នុងពិធីភ្ជាប់ពាក្យ
វីយ៉ូឡុងនេះ ជាអំណោយរបស់គូរដណ្ដឹងរបស់វ័លឡេស៍ មានឈ្មោះថា ម៉ារៀ រ៉ូប៊ីនសុន (Maria Robinson)។ នៅពីលើវីយ៉ូឡុង មានផ្លាកតូចមួយធ្វើពីប្រាក់ មានចារិកអក្សរនៅពីលើនោះថា «សម្រាប់ វ័លលី ក្នុងឱកាសនៃការភ្ជាប់ពាក្យរបស់យើង។ ពីម៉ារៀ។» ហើយដោយសារតែផ្លាកនេះហើយ ទើបគេដឹងពីអត្តសញ្ញាណរបស់វា យ៉ាងច្បាស់នោះ។
លោកអេនដ្រូវ អាលដ្រីជ បានបញ្ជាក់បន្ថែមថា អ្នកវិទ្យាសាស្ត្រដែលសិក្សាពីឧបករណ៍នេះ ក៏បានសន្និដ្ឋានដូចគ្នាដែរ ពី«ស្នឹម និងច្រែស» ដែលមាននៅលើវីយ៉ូឡុង ថាវាត្រូវគ្នានឹងការត្រាំទុកដ៏យូរមួយ នៅក្នុងទឹកសមុទ្រ។ បន្ទាប់ពីស្រង់ឧបករណ៍ពីក្នុងទឹកមក អាជ្ញាធរកាណាដា ក្នុងសម័យនោះ បានផ្ញើរវាត្រឡប់មកអោយនាង ម៉ារៀ រ៉ូប៊ីនសុន ដែលជាម្ចាស់ដើមវិញ។
មកដល់មរណភាពរបស់នាងម៉ារៀ នាឆ្នាំ១៩៣៩ វីយ៉ូឡុងត្រូវបានប្រគល់បន្តមកទៀត ទៅអោយសមាគមមនុស្សធម៌ មួយដែលជួយអ្នកទន់ខ្សោយ ហើយមានបណ្ដាញនៅពេញទ្វីបអ៊ឺរ៉ុបខាងលិច។ ប៉ុន្តែក្នុងទសវត្សន៍ឆ្នាំ៤០ សាស្ត្រាចារ្យភ្លេងម្នាក់របស់សមាគមនេះ បានសរសេរក្នុងសំបុត្ររបស់ខ្លួនថា «វិយ៉ូឡុង សឹងតែមិនអាចលេងបានទេ ដោយសារតែវ័យដ៏ចំណាស់របស់វា»។ ហើយជាចុងក្រោយ ឧបករណ៍ភ្លេងត្រូវបានគ្រួសារមួយ ទទួលយកទៅទុក នៅក្នុងឃ្លាំងផ្ទុកសម្ភារះចាស់ៗ ប្រចាំគ្រួសារ។
លោកអេនដ្រូវ អាលដ្រីជ បានពន្យល់ថា «វាជាប្រវត្តិដ៏អស្ចារ្យ របស់មនុស្សជាតិ»។ «លោក វ័លឡេស៍ ហាតឡី ជាបុរសម្នាក់ ក្នុងចំណោមមនុស្សដ៏សំខាន់ផ្សេងទៀត នៃប្រវត្តិរបស់នាវាទីតានីក ជាពិសេស ជាមួយនឹងមូលហេតុមួយ ដែលថាលោកវ័លឡេស៍ មានសេចក្ដីក្លាហានលេងភ្លេងកំដរ រហូតដល់ចុងបញ្ចប់»។ លោកអេនដ្រូវ គិតថា វីយ៉ូឡុងមានភ្ជាប់មកជាមួយ នូវអនុស្សាវរីយ៍ ដែលគេស្គាល់យ៉ាងច្រើន នៅមុន និងក្រោយការលិចនាវាដ៏ធំនេះ។
តម្លៃរបស់វា ត្រូវគេវាយតម្លៃថា មិនតិចជា ១០០ពាន់អ៊ឺរ៉ូឡើយ តែលោកអេនដ្រូវ អាលដ្រីជ និយាយថា នឹងមិនលក់វា ឬដាក់វាទៅក្នុងការដេញថ្លៃណាមួយឡើយ។ លោកថា ស្ថាប័នរបស់លោក កំពុងជជែកចរចាជាមួយនឹងសារមន្ទីនានា ដើម្បីអនុញ្ញាតអោយឧបករណ៍នេះ បានយកទៅតាំងបង្ហាញ។ ក្នុងជំហានដំបូង វីយ៉ូឡុង នឹងត្រូវដាក់តាំងពិពណ៌ នៅដើមខែមេសាខាងមុខ ក្នុងសាលាក្រុងប៊ែលហ្វាស (Belfast) ទីកន្លែងដែលបានសាងសង់នាវាទីតានីក។
ក្នុងដំណើរកំសាន្ដដំបូង ដើម្បីដាក់សម្ភោធអោយប្រើប្រាស់វាផងនោះ នាវាយក្សទីតានីកបានចេញពីប្រទេសអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ដោយឆ្លងកាត់តាមសមុទ្រខាងជើង ជាមួយនឹងធាតុអាកាសត្រជាក់ដូចទឹកកក នៃមហាសមុទ្រអាត្លង់ទីក។ នៅយប់ថ្ងៃទី១៤ឈានចូលមក ថ្ងៃទី១៥ខែមេសាឆ្នាំ១៩១២ បន្ទាប់ពីបានប៉ះទង្គិចជាមួយ ដុំផ្ទាំងទឹកកកដ៏ធំរួចមក នាវាកំសាន្ដដ៏ធំជាងគេក្នុងពិភពលោក បានលិចចុះទៅបាតសមុទ្រ ដោយបាននាំទៅជាមួយ នូវជីវិតមនុស្សប្រមាណជា១៥០០នាក់ ដោយមាន៨នាក់ជាតន្ត្រីករផង ពីក្នុងចំណោមអ្នកដំណើរទាំងអស់ចំនួនជាង២២០០នាក់៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ