សុខ ប៊ុន ស្នើ ហ៊ុន សែន រស់ជាមួយប្រពន្ធកូន ខណៈ ស ខេង ប្រកាសតាមចាប់ខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 14, 2015
- ប្រធានបទ: អំពើហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សុខ ប៊ុន ដែលបានអះអាងថា ខ្លួនជាប្រធានក្រុមហ៊ុន TEHO-SBG Develobment Co…Ltd ហើយគ្រោងវិនិយោគ លើវិស័យចលនទ្រព្យ ចំនួនប្រមាណ ៥០០លានដុល្លា នៅកម្ពុជានោះ បានសរសេរលិខិតមួយ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈមេធាវីលោក យិន សុភ ដើម្បីសូមទោស អតីតពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា ដែលរងនូវការវាយតប់ បោចសក់ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ។
លោក សុខ ប៊ុន បានបញ្ជាក់ថា ក្នុងគម្រោងដែលលោកលាលែងឈប់នោះ នឹងផ្តល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ និងចំណូលសារពើពន្ធ ជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាមួយ និងតួនាទីជាប្រធានក្រុមហ៊ុនខាងលើ លោកបានសុំលាលែងតំណែងជា «ឧកញ៉ា» និង ជា«ប្រធានសមាគម វាយតម្លៃអចលនវត្ថុ»នៅកម្ពុជា។ លោកបានអះអាងថា ការលាលែង និងលាឈប់ទាំងអស់នេះ ដើម្បីជាថ្នូរ នឹងការលុបលាងនូវកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នូវអំពើហិង្សា លើអតីតពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា ហើយបានសន្យាថា នឹងមិនបង្ករឿងបែបនេះ អស់មួយជីវិត។
លិខិតបំភ្លឺ ចុះហត្ថលេខា (បានឃើញ) ដោយលោក មេធាវី យិន សុភ, លោក សុខ ប៊ុន បានបង្ហាញនូវការសោកស្តាយ ចំពោះទង្វើរបស់ខ្លួន ហើយដើម្បីជាការសុំទោស បានប្រកាសថា ចូលរួមជាវិភាគទានដើម្បីព្យាបាលសុខភាព និងដោះស្រាយជីវភាពក្រុមគ្រួសារ ក៏ដូចជាជូនចំពោះកញ្ញា សាសា ដោយសុំនូវការយោគយល់ ការឈប់ប្រកាន់គ្នា និងការមិនសងសឹកគ្នា នូវទឹកប្រាក់ចំនួន ចំនួន ១០០.០០០ ដុល្លារអាមេរិក។
សេចក្ដីបំភ្លឺជូនសាធារណៈជន របស់លោក សុខ ប៊ុន តាមយរៈលិខិតនោះ មានសរសេរដូច្នេះថា៖ «ខ្ញុំបាទ សុំធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសនេះ ហើយសន្យាថា នឹងមិនឱ្យមានរឿងនេះ កើតឡើង ក្នុងមួយជីវិតនេះទៀតទេ។ (…) ខ្ញុំបាទសុំអនុញ្ញាត ដ៏ខ្ពស់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអាចរួមរស់ជាមួយប្រពន្ធកូន ឡើងវិញក្នុងសេរីភាព។»
ដោយឡែក ក្នុងថ្ងៃតែមួយ ដែលលិខិតនេះ ត្រូវបានផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មាននោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់«បញ្ជា» ឲ្យកងកម្លាំងអាជ្ញាធរ តាមចាប់លោក សុខ ប៊ុន មកផ្តន្ទាទោសតាមផ្លូវច្បាប់ បើទោះជាបុគ្គលនោះ ទៅលាក់ខ្លួន នៅទីណា ស្រុកណា ឬប្រទេសណាក៏ដោយ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ។ លោក ស ខេង មានថ្លែងថា ការប្រកាសលាលែង ពីតំណែងរបស់ឧកញ៉ា សុខ ប៊ុន និងការបង់ថ្លៃជំងឺចិត្ត មិនទាន់គ្រប់គ្រាន់នោះទេ តែអ្វីដែលសំខាន់ គឺតុលាការ។ លោករដ្ឋមន្ត្រី បាននិយាយថា ករណីនេះ លោកដឹងថាមានអ្នករារាំងនៅពីក្រោយ ប៉ុន្តែលោកថា កុំឲ្យ«កាង»រឿងនេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីមេធាវី យិន សុភ បានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល៕
» សូមអានខ្លឹមសានៃលិខិតទាំងស្រុងដូចតទៅ៖