ប្រតិកម្ម​ក្នុង​ស្រុក ជុំ​វិញ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ NGO

ខណៈពេល ដែលរដ្ឋសភាកម្ពុជា កំពុងពិភាក្សា និងអនុម័តច្បាប់ដោយរដ្ឋសភា ដែលមានតែតំណាងរាស្រ្ត តែ​៦៨​រូប មក​ពី​គណបក្ស​ប្រជាជនកម្ពុជានោះ នៅខាងក្រៅរដ្ឋសភាវិញ ក្រុមអង្គការសង្គមស៊ីវិល ជាច្រើន បាន​ជួបជុំ​គ្នា​ធ្វើការ​តវ៉ា និងបានសម្ដែងប្រតិកម្ម យ៉ាងខ្លាំងក្លា ជុំវិញការអនុម័តឲ្យខាងតែបាន នូវសេចក្ដីព្រាងច្បាប់ ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ពីសំណាក់រដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 13, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការរឹតបន្តឹង សន្ដិសុខសណ្ដាប់ធ្នាប់ ពីសំណាក់កងកម្លាំងអាជ្ញាធរនោះ ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋ ជាច្រើនរយនាក់ បានមកជួបជុំគ្នា ដើម្បីសម្ដែង នូវការជំទាស់របស់ពួកគេ អំពើសេចក្ដីព្រាងច្បាប់ ដ៏ចម្រូង​ចម្រាស ស្ដីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលរដ្ឋសភាកម្ពុជា កំពុងជជែក និងធ្វើការ​អនុម័ត។ ពីក្នុងចំណោមនោះ មន្ត្រីទទួលខុសត្រូវ នៃអង្គការសង្គមស៊ីវិល ជាច្រើននាក់ បានបញ្ចេញ​ប្រតិកម្ម​របស់ពួកគេ ប្រឆាំងទៅនឹងច្បាប់នេះ នៅចំពោះមីក្រូ និងម៉ាស៊ីនថត របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ សូម​តាមដាន ការលើកឡើង របស់មន្ត្រីនោះមួយចំនួន ដូចខាងក្រោម៖

លោក មឿង តុលា មន្ត្រីសម្របសម្រួល របស់មជ្ឈមណ្ឌលអប់រំ សម្រាប់សហគមន៍ បានលើកឡើងថា អ្វី​ដែល​រដ្ឋាភិបាល បាននឹងកំពុងធ្វើនេះ ផ្ទុយទៅនឹងអ្វី ដែលម្ចាស់ឆ្នោតចង់បាន។ ហើយនេះ មិនមែនបញ្ជាក់ថា រដ្ឋាភិបាលកំពុងចង់បាន លិទ្ធិប្រជាថិបតេយ្យឡើយ។ តាមពិត រដ្ឋាភិបាលចង់បាន ការបិទសម្លេងរបស់​សមាគម និងអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ តាមរយៈច្បាប់មួយ ដែលបានដកហូត នូវសិទ្ធិ និងសេរីភាព​ពលរដ្ឋ ដែលជាច្បាប់អធម្មនុញ្ញភាព។

សូមស្តាប់ការបកស្រាយទាំងស្រុង៖

ប្រធានអង្គការវូមិន (women) លោក ជា សារិត បានបង្ហាញនូវការខកចិត្ត ចំពោះសេចក្តីព្រាងច្បាប់ខាងលើ ដោយសារមានសម្លេង មកពីគណបក្សតែមួយ ក្នុងការអនុម័ត។ លោកថា «ការឯកភាព តែមួយបក្សមិនគ្រប់​គ្រាន់ទេ។ លុះណា តែមានការចូលរួម បើទោះបីសម្លេងភាគតិចក៏ដោយ ក្នុងចំណោមគណបក្ស ដែលមាន​សម្លេងក្នុងរដ្ឋសភា ទើបច្បាប់នេះ អាចសម្រេចបាន និងទទួលជោគជ័យ និងការឯកភាពក្នុងប្រទេស​ទាំង​មូល។ ការសម្រេចដោយឯកបក្ស មិនមែនជាការឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឡើយ។»

សូមស្តាប់កិច្ចសម្ភាស៖

ព្រះតេគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក បណ្តាញព្រះសង្គឯករាជ្យ មានសង្ឃដីកាថា ប្រទេសនីតិរដ្ឋ ត្រូវយក​ច្បាប់​ជាធំ។ ព្រះអង្គឯកភាពឲ្យមានច្បាប់ តែមិនមែនច្បាប់លាក់លៀម របៀបនេះទេ ហើយក៏មិនមែន ជាច្បាប់​«កាំជ្រួច»ដែរ។ ព្រះអង្គថាច្បាប់នេះ ត្រូវបានតាក់តែង និងធ្វើឡើង លឿនជាងកាំជ្រួចទៅទៀត។ ច្បាប់ដែល​កម្ពុជាត្រូវការ មិនមែនច្បាប់នេះទេ គឺច្បាប់ប្រគួតប្រជែង ដោយយុត្តិធម៌ ដែល១៤ឆ្នាំមកនេះ ច្បាប់មួយនេះ បានសម្ងំលាក់ខ្លួនយ៉ាងស្ងាត់ គ្មានអ្នករើកកាយ ឬរដ្ឋាភិបាលមិនខ្ចីអើពើឡើយ។ ព្រះអង្គថា ច្បាប់ NGO នេះ​មានតែជ្រុងម្ខាង  បើច្បាប់នេះ មិនអាចអនុវត្តបាន ដូចច្បាប់ឯកពន្ធភាព យ៉ាងដូច្នោះដែរ។ ព្រះតេជគុណ បាន​បន្តសង្ឃដីកាថា៖ «ច្បាប់នោះ ធ្វើឡើងដើម្បីវាយប្រហារបុគ្គល ធ្វើឡើងដើម្បីវាយប្រហារ សម្តេចក្រុម​ព្រះ។ (...) ច្បាប់នេះធ្វើឡើង ដើម្បីវាយក្រុម NGO បើក្រុម NGO មិនស្តាប់ច្បាប់នេះ ក៏គ្មានប្រសិទ្ធិភាព។ តើ​អ្នកណា​ជាអ្នកខាត? គឺរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។»

សូមស្តាប់ការបកស្រាយ៖

សូមបញ្ជាក់ជូនដែរថា អង្គប្រជុំរដ្ឋសភា បានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងច្បាប់នេះ ដោយសំឡេង​តំណាង​រាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ៦៨ លើ ៦៨ សំឡេង តែត្រឹមម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ពោលត្រឹមតែមួយព្រឹកប៉ុណ្ណោះ។ ពីក្នុងចំណោម៩ ជំពូក និង ៣៩មាត្រា នៃសេចក្ដី​ព្រាង​ច្បាប់នេះ គេសង្កេតឃើញមានមាត្រា៥ ត្រូវបានកែប្រែតិចតួច ដូចជាការកំណត់ថា អ្នកស្នើបង្កើត អង្គការ សមាគម ត្រូវមានចាប់ពី៥នាក់ មកត្រឹមចាប់ពី៣នាក់ និងលុបចោលនូវការកំណត់ថា បើអង្គការ ឬសមាគម​ណាមួយ ត្រូវលុបឈ្មោះចោល មិនមានសិទ្ធិ ស្នើសុំបង្កើតអង្គការសមាគមឡើងវិញឡើយ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលបានឡើងការពារ សេចក្តីព្រាងច្បាប់ ដែលក្រសួងរបស់លោក ជាអ្នកព្រាងឡើងនេះថា អវត្តមាន ឬការមិនចូលរួម នៃតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ ជា​សិទ្ធិ​របស់ពួកគេ។ ច្បាប់នេះទៀតសោធ បើកាលណាចូលជាធរមាន សម្រាប់អនុវត្តហើយនោះ បើគ្មាន​អ្នកណា​ម្នាក់មិនគោរព ឬអនុវត្តតាមនោះ ក៏ជាសិទ្ធិរបស់គេដែរ។ តែសិទ្ធិនេះ នឹងត្រូវប្រឈមមុខ ទៅនឹង​ច្បាប់​ជា​ធរមាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...