សុភ័ណ្ឌ ឡារី ទារបំណុលពី ឡាក់ សុភាព ដល់កន្លែងបាតុកម្ម (vdo)
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០១ មករា ២០១៥
- កែប្រែចុងក្រោយ: January 01, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ឡាក់ សុភា ដែលទើបនឹងត្រូវបាន បណ្ដេញចេញពីគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ត្រូវបានតារាសម្តែងលោក សុភ័ណ្ឌ ឡារី តាមបំបាក់មុខយ៉ាងជូរចត់ជាសាធារណៈ។ តារាមិនសូវល្បីឈ្មោះ និងស្និតនឹងគណបក្សសង្គ្រោះជាតិរូបនេះ បានទៅទារប្រាក់បំណុលពីអ្នកស្រី ឡាក់ សុភាព នៅកណ្ដាលចំណោម ខណៈពេលដែលអ្នកស្រី កំពុងធ្វើបាតុកម្មនៅមុខទីស្នាក់ការកណ្តាល របស់គណៈបក្សសង្រ្គោះជាតិនាព្រឹកនេះ។
ការមកទារបំណុលនេះ លោក សុភ័ណ្ឌ ឡារី មិនបានបញ្ជាក់ថា លោកស្រីជំពាក់បំណុលលោក តាំងពីពេលណាមកនោះទេ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា អ្នកស្រី ឡាក់ សុភាព បានខ្ចីលុយបងស្រីរបស់លោក ដូច្នេះថ្ងៃនេះជំនួសឲ្យបងស្រី លោកមកទារលុយនោះវិញ។ លោកបានបញ្ជាក់ទៀតថា លុយដែលអ្នកស្រី ឡាក់ សុភាព ខ្ចីនោះ មានចំនួន ៣០០ដុល្លារអាមេរិក។
នៅលើចិញ្ចើមថ្នល់ កន្លែងដែលអ្នកស្រី ឡាក់ សុភាព កំពុងធ្វើបាតុកម្ម លោក សុភ័ណ្ឌ ឡារី បានទាញដៃអ្នកស្រីចេញមកក្រៅ ដើម្បីឲ្យសងប្រាក់។ ប៉ុន្តែផ្ទុយមកវិញ អ្នកស្រី ឡាក់ សុភាព បានដើរចេញពីលោក សុភ័ណ្ឌ ឡារី និងពីក្នុងហ្វូងមនុស្ស ដែលកំពុងស្រែកដៀលត្មិះអ្នកស្រីថា អ្នកស្រីកំពុងត្រូវបានគេទិញទឹកចិត្ត។
ភ្លាមៗនោះ ឆ្លើយតបទៅនឹងលោក សុភ័ណ្ឌ ឡារី ដែលមកទារបំណុល នៅមុខមហាជនដូច្នេះ អ្នកស្រី ឡាក់ សុភាព បានបដិសេធទាំងដាច់អហង្ការថា អ្នកស្រីមិនបានជំពាក់បំណុលនរណាឡើយ។
ប៉ុន្តែក្នុងវីដេអូ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូផ្តិតរូបភាពបាន មិនមានតែលោក សុភ័ណ្ឌ ឡារី តែម្នាក់ទេ ដែលមកទារប្រាក់ពីអ្នកស្រី ឡាក់ សុភាព តែនៅមនុស្សជាច្រើននាក់ផ្សេងទៀត ក៏បានមកទារប្រាក់ពីអ្នកស្រីដែរ ក្នុងនោះរួមមានទាំងអ្នកលក់កាហ្វេ នៅក្បែរទីស្នាក់ការគណបក្សនោះផង។
រូបភាពនេះ បានធ្វើឲ្យមតិមួយចំនួនបានគិតថា ជាការរំខានការមកជួបប្រជុំធ្វើការតវ៉ា របស់អ្នកស្រី ឡាក់ សុភាព ប្រឆាំងទៅនឹងការសម្រេច របស់គណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ បណ្ដេញអ្នកស្រីចេញពីគណបក្ស។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក សុភ័ណ្ឌ ឡារី ទាក់ទងនឹងបំណុលនេះបាននៅឡើយ។ រីឯអ្នកស្រី ឡាក់ សុភាព វិញ ក៏មិនអាចសុំការបកស្រាយបាននៅឡើយដែរ នៅពេលនេះ។ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់លោក សុភ័ណ្ឌ ឡារី គេឃើញលោកបានយករូបថត ដែលថតព្រឹត្តិការណ៍ទារបំណុល ពីកូនបំណុលមកបង្ហោះផ្សាយ ហើយមានមនុស្សម្នាអ្នកប្រើប្រាស់បណ្ដាញសង្គម យករូបថតទាំងនេះ ទៅចែករំលែកយ៉ាងច្រើន៕