ចិន​ជាន់​គ្នា​នៅ​សៀងហៃ នា​យប់​ឆ្លង​ឆ្នំា អាជ្ញាធរ​បដិសេធ​ការ​បាច​លុយ

ប្រជាជន​នៅក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន បានរតជាន់គ្នា បណ្ដាលឲ្យស្លាប់ប្រមាណជា ៣៦នាក់ និង ៤២​នាក់​ទៀត បានរងរបួសធ្ងន់។ អាជ្ញាធរ បានបដិសេធ ពីការលើកឡើងថា ហេតុការណ៍រត់ជាន់គ្នា បណ្ដាលពីលុយដុល្លារក្លែងក្លាយ ដែល​ត្រូវ​បាន​បាច​ចេញ​ពី​កន្លែង​មួយ នៃទីក្រុងសៀងហៃនោះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 01, 2015
  • ប្រធានបទ: គ្រោះជាន់គ្នា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តការណ៍​នៃ​ការ​រត់​ជាន់​គ្នា​ស្លាប់ នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ ២០១៤ ចូល​ឆ្នាំ ២០១៥​នេះ បណ្តាល​មក​ពី​បណ្ដា​ជន ដែល​នាំ​គ្នា​ទៅ​កំសាន្ដ​នៅ​តំបន់​នោះ បាន​ព្យាយាម​រត់​ទៅ​រើស​យក​លុយ​ដុល្លារ​ក្លែង​ក្លាយ ដែល​ត្រូវ​បាន​បាច​ចេញ​ពី​កន្លែង​មួយ នៃ​ទី​ប្រជុំ​ជន​នោះ។ នេះ​បើ​យោង​តាម​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​តៗ​គ្នា នៅ​តាម​បណ្ដាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ភ្លាមៗ ក្រោយ​ពេល​កើត​ហេតុ។ ​បុរស​​ម្នាក់ ដែល​​អះ​អាង​​នៅ​ក្នុង​ហេតុការណ៍​នោះ ក៏​បាន​ថ្លែង​ឡើង​ដូច​គ្នា​ថា លុយ​ក្លែង​ក្លាយ ត្រូវ​បាន​គេ​ទម្លាក់​ចុះ​ពី​ខាង​លើ តាម​ផ្លូវ​ដែល​គេ​កំពុង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រញាយ រត់​ទៅ​យក​លុយ ដែល​បាន​បង្ក​ការ​រត់​ជាន់​គ្នា​នោះ។

ហេតុការណ៍​បាន​កើត​ឡើង នៅ​លើ​ទី​លាន Bund មាត់​ទន្លេ នៃ​ក្រុង​សៀង​ហៃ ដែល​សម្បូរ​ទៅ​ដោយ​ទេសចរណ៍ និង​មនុស្ស​ម្នា ក្នុង​គោល​បំណង​មក​ជួប​ប្រជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​២០១៥ នៅ​នាទី​ដំបូង​ទាំង​អស់​គ្នា។ ប៉ុន្តែ​ចាប់​ពី​ម៉ោង​២៣​និង​៣៥​នាទី​មក ហេតុការណ៍​ជ្រួល​ច្របល់​បាន​កើត​ឡើង និង​បណ្ដាល​ឲ្យ​មាន​ការ​រត់​ជាន់​គ្នា​កើត​ឡើង ធ្វើ​ឲ្យ​មនុស្ស​៣៦​នាក់​ស្លាប់ និង​៤២​នាក់​ទៀត​របួស។ ជន​រង​គ្រោះ ភាគ​ច្រើន​ជា​យុវតី។

បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បានវិញ នគរបាលបានបដិសេធថា ការបាចក្រដាសប្រាក់នេះ បានកើត​ឡើង​នៅប៉ុន្មាននាទីក្រោយ ពីហេតុការណ៍រត់ជាន់គ្នានោះ ហើយមិនមែនជាដើមចម ដែលបង្កឲ្យរត់ជាន់​គ្នានោះ​ទេ។ សាក្សីមួយរូបបាននិយាយថា៖ «ការពិត ដោយសារតែនៅកន្លែងនេះ មានមនុស្សច្រើនពេក។ គ្រោះ​ជាន់​ជើងគ្នាបណ្ដាលឲ្យដួល ហើយជាន់គ្នាជាបន្តបន្ទាប់នោះ មិនអាចជៀសផុតទេ។ អាជ្ញាធរមិន​គប្បីឲ្យមនុស្ស​ច្រើនដូចនេះ មកកាន់ទីកន្លែងក្នុងពេលតែមួយអញ្ចឹងទេ»។

នៅទីបំផុត អាជ្ញាធរក្រុងបានសម្រេចចិត្ត លប់ចោលការបាញ់កាំជ្រួចឆ្លងបុណ្យចូលឆ្នាំថ្មីនោះ បង្កឲ្យ​មាន​ការ​ក្ដៅក្រហាយបានកើតឡើង នៅក្នុងចំណោមក្រុមអ្នកទៅចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ដែលមានចំនួន​យ៉ាង​ច្រើន។ ប្រភពមួយបានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកថា អាជ្ញាធរក្រុងគិតតែចង់បានកេរ្ត៍ឈ្មោះ ឲ្យ​ក្រុងសៀងហៃរបស់ខ្លួន ដោយបង្កើតព្រឹត្តិការណ៍ដ៏សប្បាយនេះឡើង ដើម្បីទាក់ទាញមនុស្សរាប់សិប​លាន​នាក់ មកកាន់ទីលានជិតមាត់ទន្លេ តែបែរជាបានធ្វើមិនដឹងមិនឮ ពីការព្រមានរបស់អាជ្ញាធរនគរបាល។

យ៉ាងណាក៏ដោយ នៅពេលនេះអាជ្ញាធរក្រុងសៀងហៃ កំពុងសើបអង្កេតពីករណីរត់ជាន់គ្នានេះ ដើម្បីរក​ឲ្យ​ឃើញពីមូលហេតុ ដែលនាំឲ្យមានហេតុការណ៍រន្ធត់នេះកើតឡើង។ ចំពោះជនរងគ្រោះដែលរងរបួស ត្រូវ​បានអាជ្ញាធរបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្រចំនួនបី នៅក្នុងក្រុង ខណៈអ្នកបានបាត់បង់ជីវិតវិញ ត្រូវ​បានក្រុមគ្រួសាររបស់ពួកគេ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...