ក្រុង​ព្រះសីហនុ «កំពុង​ក្លាយ​ជា​ឧបទ្វីប​ចិន»

អ្វី ដែលកំពុងកើតមាន នៅក្នុងក្រុងព្រះសីហនុ គឺវាពិតជាឆន្ទៈ របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំកន្លងមក ហើយដែលគាំទ្រដោយប្រទេសចិន។ នេះ ជាអ្វី ដែលសារព័ត៌មានអាមេរិក «The Washington Post» បានចេញផ្សាយកាលពីម្សិលម៉ិញ នៅក្នុងអត្ថបទយកការណ៍ ដ៏វែងអន្លាយមួយ ដែលមានចំណងជើងថា «ក្រុងខ្មែរមួយនេះ កំពុងក្លាយជាឧបទ្វីបចិន ហើយមនុស្សទាំងអស់ មិនមែនសុទ្ធតែពេញចិត្តនោះទេ»។
ក្រុង​ព្រះសីហនុ «កំពុង​ក្លាយ​ជា​ឧបទ្វីប​ចិន»
រូបថតមួយ ពីក្នុងចំណោមរូបថតច្រើនសន្លឹក ដែលសារព័ត៌មាន ឌឹវ៉ាស៊ីនតោនប៉ុស្ដិ៍ បានចុះផ្សាយ ពីក្រុងសីហនុកំពុងក្លាយជាឧបទ្វីបចិន។ (រូបថតផ្តិតពីអេក្រង់ Washington Post)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 31, 2018
  • ប្រធានបទ: ការអភិវឌ្ឍន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្នេរសមុទ្រ ដែលមិនសូវមានទេសចរណ៍មកលេង ជីវភាពរបស់ប្រជាជនតូចតាច ដែលកាន់តែ មានភាពខ្សត់ខ្សោយទៅៗ... ផ្ទុយទៅវិញ គេបែរជាឃើញអាគារធំៗ ជាច្រើនបានរីកស្គុសស្គាយ ជាមួយនឹងជនជាតិចិន ដែលចូលមករស់នៅច្រើនឡើងៗ នៅក្នុងក្រុងព្រះសីហនុ ភាគនារតីនៃព្រះរាជាណាចក្រមួយ ដែលកំពុងងាកចេញ ពីមាគ៌ាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «ឌឺវ៉ាស៊ីនតោនប៉ុស្ដិ៍ (The Washington Post)» បានចេញផ្សាយ​អត្ថបទយកការណ៍ ដ៏វែងអន្លាយមួយ ដែលអះអាងថា ក្រុងព្រះសីហនុ កំពុងប្រែខ្លួន ទៅជាផ្នែកមួយ នៃប្រទេសចិន។ អត្ថបទបានសរសេរថា ខណៈអាជីវករតូចតាច កំពុងព្រួយបារម្ភ ពីការរកទទួលទានមិនបានរបស់ផងខ្លួន ព្រោះគ្មានភ្ញៀវទេសចរណ៍ មកលេងឆ្នេរសមុទ្រខ្មែរ ដូចកាលពីច្រើនឆ្នាំមុននោះ នៅផ្នែកម្ខាងទៀតឯណោះ បនល្បែងជាច្រើន ដូចយ៉ាងបនល្បែង «New Macau» ឬ «New MGM» ជាដើម កំពុងតែរកចំណូលបាន យ៉ាងកាក់កប ដោយសម្បូរដោយជនជាតិចិន ចូលទៅលេង។

ម្ចាស់អត្ថបទ អ្នកស្រី «Anna Fifield» បានសរសេរបន្តថា៖ «ប្រទេសចិនកំពុងព្យាយាម ពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងតំបន់ ជាពិសេស តាមរយៈគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានឈ្មោះថា "ផ្លូវមួយខ្សែក្រវ៉ាត់មួយ"។ រីឯប្រទេសកម្ពុជាឯណេះ​វិញ ព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ដោយមិនខ្ចីខ្វល់ ពីតម្រូវការផ្នែកសិទ្ធិមនុស្ស ដែលត្រូវបានទទូចឡើង ជារឿយៗ ដោយរដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ។»។

«ហើយផលប្រយោជន៍ទាំងពីរនេះ កំពុងមានរូបរាងដោយផ្ទាល់ នៅក្រុងព្រះសីហនុ»។ អត្ថបទបានស្រង់សំដី របស់លោក «Carl Thayer» អ្នកជំនាញខាងកិច្ចការ​អាស៊ីអាគ្នេយ៍ មកបញ្ជាក់ថា៖ «ក្រុងព្រះសីហនុ ជារូបភាពតាំងបង្ហាញមួយ សម្រាប់គម្រោងអភិវឌ្ឍន៍ របស់ប្រទេសចិន។ ចិនជាប់ចំណាត់ថ្នាក់លេខមួយ ទៅលើគ្រប់វិធានការ ផ្នែកសេដ្ឋកិច្ច។ ហើយចិន កំពុងព្យាយាម យកចំណាត់ថ្នាក់នេះទាំងស្រុង ពីសហរដ្ឋអាមេរិក។»។

សម្រាប់លោក ហ៊ុន សែន ដែលនៅកាន់អំណាច តាំងពី៣៣ឆ្នាំមក និងដែល​កំពុងធ្វើគ្រប់វិធី ដើម្បីបានបន្តអំណាច ក្នុងការបោះឆ្នោតខាងមុខនោះ ការវិនិយោគទុន ពីប្រទេសចិន នឹងអនុញ្ញាតឲ្យបុរសខ្លាំងរូបនេះ អាច«អួតអាង ពីកំណើនសេដ្ឋកិច្ច ខណៈលទ្ធិប្រជាធិបតេយ្យ កំពុងដើរថយក្រោយ »។ ហើយនេះ ជាអ្វីដែលកំពុងអភិវឌ្ឍន៍ នៅកម្ពុជា ដោយមានការបើកភ្លើងខៀវ ពីរដ្ឋាភិបាលលោក ហ៊ុន សែន៖ «បនល្បែងចំនួន៣០ ត្រូវបានសាងសង់រួច ខណៈបនល្បែង ចំនួន៧០ផ្សេងទៀត កំពុងស្ថិតក្នុង​ការសាងសង់»។

តួលេខនេះ ត្រូវបន្ថែមដោយគម្រោងសាងសង់ អាគារបនល្បែង និងខុនដូ «Blue Bay» ដ៏ធំសម្បើមមួយទៀត ដែលនឹងត្រូវដាក់លក់ ក្នុងតម្លៃថោកបំផុត ១៤៣ ០០០ដុល្លារ និងថ្លៃបំផុត ៥០០ ០០០ដុល្លារ រួមនឹងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដ៏ធំមួយ (សួនឧស្សាហកម្ម ទំហំ ៤,៤ គីឡូម៉ែត្រការ៉េ) ដែលមានក្រុមហ៊ុនចិន ចំនួន ១០៤ ពីក្នុងចំណោមក្រុមហ៊ុន ចំនួន១២១ នៅទីនោះ។

ពលរដ្ឋខ្មែរច្រើនឡើងៗ បានសំដែងការព្រួយបារម្ភ របស់ពួកគេ ពីឧក្រិដ្ឋកម្ម ដែលមានលក្ខណៈ កាន់តែហិង្សា​ខ្លាំងឡើង ដោយសារការកកើត នូវបនល្បែងយ៉ាងពោរពាសទាំងនោះ។ អត្ថបទខាងលើ បានស្រង់យកចំណុចមួយ ក្នុងរបាយការណ៍ ស្ដីពីគុណសម្បត្តិ និងគុណវិបត្តិ នៃការវិនិយោគទុន របស់ប្រទេសចិន មកបញ្ជាក់ដូច្នេះ៖ «ឯកអគ្គរដ្ឋទូតចិន បានទទួលស្គាល់ ថាជនជាតិចិនមួយចំនួន ដែលគ្មានការអប់រំត្រឹមត្រូវ បានរំលោភច្បាប់កម្ពុជា»។

អាជីវករខ្មែរតូចតាច ដែលកំពុងរងផលប៉ះពាល់ ពីគម្រោងអស់ទាំងនេះ បានរអ៊ូប្រាប់សារព័ត៌មានអាមេរិកថា ទេសចរណ៍ចិន ឬជនអន្តោប្រវេសន៍ចិន ដ៏សន្ធឹកសន្ធាប់ ដែលចូលមកលេង និងមករស់នៅទីនោះ មានចរិកអាក្រក់ ចូលចិត្តតថ្លៃ និងនិយាយស្ដីស្រែកខ្លាំងៗ។ លោក ជីម ភិន ម្ចាស់ភោជនីយដ្ឋានមួយ បានថ្លែងឡើងថា៖ «កាលមុន យើងមានទេសចរណ៍ ពីបស្ចឹមលោកច្រើនណាស់ ដែលចូលចិត្ត ញ៉ាំអាហាររបស់យើង តែទេសចរណ៍ចិន មិនចង់ញ៉ាំអាហារខ្មែរ ឬចង់ដឹងចង់ឃើញ ពីប្រពៃណីវប្បធម៌យើងទេ។ ពួកទេសចរណ៍ចិនទាំងនោះ ចូលចិត្តអាហារផ្ទាល់ របស់ពួកគេ និងចង់នៅ តែជាមួយចិនគ្នាគេប៉ុណ្ណោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...