«៧មករា ជាថ្ងៃដែលយួនឈ្លានពានខ្មែរ» បើតាមរណសិរ្យរំដោះជាតិខ្មែរ
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 07, 2015
- ប្រធានបទ: រំលឹកខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីថ្លែងការណ៍ដែលចេញប្រកាសកាលពីថ្ងៃទី៦ មករា របស់រណៈសិរ្យរំដោះជាតិខ្មែរ ដែលមានទីតាំងក្នុងប្រទេសដាណឺម៉ាក បានសរសេរជាអាថ៌ថា ថ្ងៃ៧មករា វៀតណាមបានបន្តសម្លាប់ និងរឹបអូសយកទ្រព្យរបស់កម្ពុជា មិនមែនជាថ្ងៃរំដោះជាតិខ្មែរ ដូចអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៥ មករា ២០១៥ នោះទេ។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរបន្តថា៖ «តាមពិតរបបផ្តាច់ការ លោក ហ៊ុន សែន ទៅវិញទេ ដែលជារបបប៉ុលពតទី២ ពីព្រោះថាប្រជាពលរដ្ឋខ្មែរ នៅតែបន្តរងគ្រោះក្រោមការដឹកនាំក្នុងរបបលោក ហ៊ុន សែន រយៈពេល៥ឆ្នាំចុងក្រោយនេះ ជាក់ស្តែងប្រជាពលរដ្ឋខ្មែរ ត្រូវបានគេសម្លាប់តាមគ្រប់រូបភាព (បាញ់សម្លាប់ គប់គ្រាប់បែក ថ្នាំពុល និងគ្រោះថ្នាក់ចរាចរណ៍)»។
រណសិរ្សរំដោះជាតិខ្មែរបានបរិហារលោកនាយករដ្ឋមន្រ្តី ហុន សែន ទៀតថា បុរសខ្លាំងកាន់អំណាច៣០ឆ្នាំមកនេះ ធ្លាប់បានធ្វើជាយោធាខ្មែរក្រហម ចូលព្រៃម៉ាគីជាមួយយៀកកុង តាមការអំពាវនាវរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។ ជាពិសេសលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រៀតជ្រែកក្នុងតុលាការកាត់ទោសខ្មែរក្រហម ដោយមិនអនុញ្ញាតឱ្យតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបន្តទៀត។
ក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានថ្លែងថា អ្នកដែលប្រឆាំងនឹង៧មករា គឺជាអ្នកដែលមានសម្ពន្ធ័ភាពជាមួយខ្មែរក្រហម។ លោកនាយករដ្ឋមន្រ្តីថ្លែងការពារថ្ងៃ៧មករា បន្តថា ជាថ្ងៃរំដោះជាតិកម្ពុជាចេញពីការរបបកាប់សម្លាប់របស់ ប៉ុល ពត។ លោកថា បើគ្មាន៧ មករាទេ កម្ពុជាក៏គ្មានសន្តិភាពដូចបច្ចុប្បន្ននេះដែរ។
ថ្ងៃទី ៧ មករា ជាថ្ងៃដែលកងទព័វៀតណាម និងគណបក្សប្រជាជនកម្ពុជា បានដេញកងទ័ពខ្មែរក្រហមចេញពីទីក្រុងភ្នំពេញ និងប្រកាសជ័យជំនះលើកងទ័ព ខ្មែរក្រហម ដែលប្រជាជនកម្ពុជានិងអន្តរជាតិទទួលស្គាល់ថាជារបបប្រលយ័ពូជសាសន៍។ ជារៀងរាល់ឆ្នាំ ថ្ងៃ៧មករា ត្រូវបានគណបក្សប្រជាជនកម្ពុជាតែងនាំគ្នាប្រារព្ធពិធីរំលឹកខួប និងដឹងគុណ។ គណបក្សប្រជាជនកម្ពុជាបានចាត់ទុកជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ថាបានធ្វើឱ្យប្រជាជនកម្ពុជា មានអ្វីៗនៅថ្ងៃនេះ និងមានហេដ្ឋារចនាសម្ព័ន្ធដ៏ត្រចះត្រចង់។ ថ្ងៃ៧មករា ក៏ឧបករណ៍មួយសម្រាប់ការឃោសនា របស់បក្សកាន់អំណាច នៅក្នុងការបោះឆ្នោតម្តងៗផងដែរ៕