អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបនឹងបានសម្រេចតែងតាំង អតីត​អ្នក​នាំ​ពាក្យ និង​ជា​ជំនិត របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ មួយរូប ជាទីប្រឹក្សាផ្ទាល់ កាលពីដើមខែកក្កដា ឆ្នាំ២០១៥​នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: មុខនាទី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតអ្នកនាំពាក្យ និងជាជំនិតរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទើប​នឹង​ទទួលបានតំណែងថ្មីមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច លោក ហ៊ុន សែន។ ការតែងតាំងនេះ បានធ្វើឡើង ប្រមាណជា១០ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់តំណែងថ្មី (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥) ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសអតីតប្រធានគណបក្ស លោក ជា ស៊ីម ដែល​បានធ្វើមរណភាព កាលពីដើមខែមិថុនា។

លិខិតសម្រេច ស្តីពីការតែងតាំងមន្រ្តីគណបក្ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានហត្ថលេខា (ជ) គណៈ​អចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ដោយប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី លោក ហ៊ុន សែន និង​ជានាយករដ្ឋមន្រ្តីកម្ពុជា នៅត្រង់ប្រការមួយ បានសរសេរថា៖ «តែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា។»

គួររំលឹកដែរថា លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ត្រូវបានព្រះរាជក្រិត្យ​ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រ​កម្ពុជា ប្រោសប្រទានរួចហើយ នូវការតែងតាំង ជាទីប្រឹក្សាផ្ទាល់ របស់រដ្ឋាភិបាល ដែលមានឋានៈស្មើ «រដ្ឋមន្រ្តី» កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង សុំការបញ្ជាក់ពីលោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត បានទេ​នា​ព្រឹកនេះ ដោយពុំមានអ្នកទទួលទូរស័ព្ទ។

សូមរំលឹកថា លោក អានន្ទដាយ៉ាត អតីតអ្នកនាំពាក្យ, អតីតទីប្រឹក្សាដ៏ជិតស្និទ្ធ ជាងមួយទសវត្សរ៍ និងជា​ប្រធានខុទ្ទកាល័យ របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន នាពេល​កន្លង​មកនេះថា លោកចាក់ចេញ ពី«គណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យ របស់ទ្រង់ នរោត្តម រណឫទ្ធិ» ព្រោះ​តែ​លិខិតមួយរបស់ព្រះអង្គ។ លោកបានបញ្ជាក់ នៅពេលនោះទៀតថា ការចាកចេញនេះ សម្រាប់​ការ​សម្រេច​ចិត្ត​ចុងក្រោយ នៅមិនដឹងថា តើលោកគួតែចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ឬយ៉ាងណាទេ។

នៅក្នុងការអះអាងមួយទៀត ជាមួយសារព័ត៌មាន ក្នុងស្រុកមួយដ៏ល្បី លោក អានន្ទដាយ៉ាត បានថ្លែង​ឡើង​ដែរថា លោកបានសម្រេចចិត្ត ចាកចេញពីជីវិតនយោបាយ តាំងពីឆ្នាំ២០១២ និងចាប់យកអាជីពថ្មី ក្នុងវិស័យ​អប់រំ នៅសាកលវិទ្យាល័យន័រតុន។ ការចាកចេញ ពីឆាកនយោបាយនាពេលនោះ ត្រូវបានលោក​បញ្ជាក់​យ៉ាង​ខ្លី​ដូច្នេះថា៖ «កាលៈទេសៈ បានបង្ខំខ្ញុំ ឲ្យចាកចេញពីជីវិតនយោបាយ។ (…) មិនមានបុគ្គលណាម្នាក់ មក​បង្ខំ​ខ្ញុំ​នោះទេ។»

» សូមអាន លិខិតតែងតាំងទាំងពីរដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...