ក្លាយជាសមាជិកនឹងទទួលបានប្រយោជន៍ តែបើរិះគន់គឺជា«សត្វ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៨
- កែប្រែចុងក្រោយ: January 13, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មូលនិធិត្រីចក្រយាន (ឬស៊ីក្លូ) បង្កើតឡើងដោយលោក ហ៊ុន សែន មិនមែនសម្រាប់ អ្នកធាក់ស៊ីក្លូទូទៅទេ! តែសម្រាប់ផ្ដល់ប្រយោជន៍ ជូនអ្នកធាក់ស៊ីក្លូណា ដែលមានប័ណ្ណសម្គាល់សមាជិក របស់មូលនិធិនេះ តែប៉ុណ្ណោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដូច្នេះ កាលពីព្រឹកម៉ិញ ក្នុងឱកាសជួបសំណេះសំណាល ព្រមទាំងពិសារអាហារ ជាមួយអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ប្រមាណជា៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីថា អ្នកដែលចង់ចូលជាសមាជិកមូលនិធិ គឺទទួល អ្នកដែលមិនចង់ចូល ក៏មិនបង្ខំឲ្យចូលដែរ។ អ្នកមានប័ណ្ណមូលនិធិ ទើបទទួលបានប្រយោជន៍ ពីមូលនិធិស៊ីក្លូ និងត្រូវបានទទួលស្គាល់ ពីរបបសន្តិសុខសង្គម (បសស) និងការចូលពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងអត្ថប្រយោជន៍ផ្សេងទៀតដ៏ច្រើន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះតទៅ។
បន្ថែមពីលើនេះ មូលនិធិកម្មករស៊ីក្លូ នឹងផ្ដល់ការជួយជ្រោមជ្រែងនានា ឬការឧបត្ថមនានា ដល់អ្នកធាក់ស៊ីក្លូ ដូចជាមរណៈភាព ភាពវ័យចំណាស់ដែលមិនអាចធាក់ស៊ីក្លូបាន ដើម្បីអាចយកទៅប្រកបរបរថ្មី និងបញ្ហានានាជាច្រើនទៀត។ លោក ហ៊ុន សែន បានប្រកាសទៀតថា សម្រាប់សមាជិកសកម្ម នៃមូលនិធិស៊ីក្លូ នឹងទទួលបានប្រាក់៧០០០រៀលក្នុង១ថ្ងៃ ដែលជាប្រាក់កាតព្វកិច្ច ដោយមិនចំណាយទៅលើអ្វីទាំងអស់។
មកដល់ត្រឹមនេះ លោក ហ៊ុន សែន បានបន្តលើកឡើង ដោយហៅអ្នកដែលមិនចង់ចូល ជាសមាជិកមូលនិធិ និងអ្នករិះគន់ទាំងឡាយ ដែលលោកគិតថា បានតែរិះគន់ តែមិនធ្វើនោះ ថាជា«សត្វ»។ លោកថ្លែងដូច្នេះថា៖ «អ្នកមិនចង់ចូល ហើយបើអ្នកពូកែ អ្នកបង្កើតមូលនិធិ ផ្តល់ឲ្យអ្នកធាក់ស៊ីក្លូ ម្នាក់១ម៉ឺនរៀល ច្រើនជាងហ៊ុន សែន ខ្ញុំអបអរសាទរចំពោះអ្នក បើអ្នកពូកែ។ ខ្ញុំមានលទ្ធភាព ផ្តល់ជូនត្រឹមតែ៧០០០រៀល ក្នុង១ថ្ងៃតែប៉ុណ្ណោះ បើអ្នកចង់ប្រណាំងប្រជែងជាមួយខ្ញុំ សុំអ្នកឲ្យ១ម៉ឺន ឬ២ម៉ឺនយកចុះ! ខ្ញុំអត់ទៅដណ្តើមទេ។»។
បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានបន្តថា៖ «បើហ៊ានចោទខ្ញុំ អ្នកត្រូវតែមានសមត្ថភាពលើសខ្ញុំ បើអ្នកគ្មានទេមិនបាច់មកហាមាត់និយាយទេ គ្មានប្រយោជន៍ទេ ខ្ញុំចាត់ទុកអ្នកថា មិនមែនជាមនុស្សទេ អ្នកគឺជាសត្វ។»។
ដើម្បីបង្កើតបានជាមូលនិធិនេះ លោក ហ៊ុន សែន បានអះអាងដាក់ថវិកាផ្ទាល់ខ្លួន ក្នុងដំណាក់កាលដំបូង ប្រមាណជា ១០០លានរៀល ហើយនឹងបន្ថែមជារៀងរាល់ខែ ប្រមាណ១០លានរៀលទៀត។ យ៉ាងណាលោក ហ៊ុន សែន មិនបានឲ្យដឹង ថាតើប្រាក់ទាំងនេះ បានមកពីណាទេ៕