អ្នកមកធ្វើបាតុកម្ម ឡាក់ សុភាព មួយចំនួន មិនដឹងមកធ្វើបាតុកម្ម (vdo)
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០១ មករា ២០១៥
- កែប្រែចុងក្រោយ: January 02, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មជនមួយចំនួន ដែលមកចូលរួមបាតុកម្មកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដឹកនាំដោយអ្នកស្រី ឡាក់ សុភាព បានថ្លែងថា ពួកគាត់មិនបានដឹងថា ពួកខ្លួនត្រូវបានគេហៅឲ្យមកធ្វើបាតុកម្មប្រឆាំង នឹងគណបក្សដែលខ្លួនឯងចូលចិត្តដូច្នេះទេ។ សកម្មជនទាំងនោះ បាននិយាយថា ធ្វើម៉េចឲ្យតែមានយុត្តិធម៌ និងសុខសន្តិភាពទៅ ជាការល្អណាស់ទៅហើយ។
លោកយាយ សី សុខេង អាយុជិត ៦០ឆ្នាំ មកពីខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមលោកយាយដែលមកពីខេត្តតាកែវជាង ២១នាក់ មិនបានដឹងថាគេហៅគាត់មកនេះ ដើម្បីគាំទ្រអ្នកស្រី ឡាក់ សុភាព ធ្វើបាតុកម្មនៅមុខទីស្នាក់ការ របស់គណៈបក្សសង្គ្រោះជាតិនោះទេ គ្រាន់តែដឹងថា គេហៅមកដើម្បីប្រជុំនៅគណៈបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៥ នេះប៉ុណ្ណោះ។
ស្រ្តីវ័យចំណាស់រូបនេះ បានបញ្ជាក់ទៀតថា៖ «មកដើម្បីប្រជុំអីចឹងទៅ បើដឹងថាគេប្រឆាំងគ្នាខ្ញុំអត់មកទេ ដ៍ចឹង ខ្ញុំមានទស្សនៈថាខឹង ខំធ្វើការឲ្យសង្គ្រោះជាតិរាល់ថ្ងៃ ថាខំឲ្យជាតិខ្មែរយើងឲ្យរស់ឡើងវិញ បើបែកគ្នាចឹងខ្ញុំអត់ដឹង បើខ្ញុំដឹងខ្ញុំអត់មកទេ»។
លោកយាយ សី សុខេង បានឆ្លើយច្បាស់ៗទៀតថា បើលោកយាយមក គឺដើម្បីគាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា។ ការលើកឡើងរបស់លោកយាយ ទំនងជាបានធ្វើឡើងទាំងទើសទាល់ ព្រោះលោកយាយមិនដឹងខ្លួន ថាអ្នកស្រី ឡាក់ សុភាព មានរឿងជាមួយគណបក្សខ្លួន ហើយហៅលោកយាយសម្រាប់គោលបំណងខ្លួនដូច្នេះឡើយ។
លោកយាយបានបញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិប្រឆាំងគ្នាអញ្ចឹង អ្នកដទៃនឹងសើចចំអកជាមិនខាន ដែលសមាជិកក្នុងគណបក្សប្រឆាំងគ្នាឯង មិនរួបរួមគ្នានោះ។ លោកយាយនៅតែប្រកាន់ពាក្យសម្តីរបស់លោកយាយថា គាត់ឡើងមក គឺដើម្បីគាំទ្រគណៈបក្សសង្រ្គោះជាតិ មិនមែនមកដើម្បីតវ៉ាប្រឆាំងគណបក្សនោះទេ ហើយថាលោកយាយគាំទ្របក្សនេះ តាំងយូយាណាស់មកហើយ ហើយក៍មិនដែលទទួលបានអ្វី ដែលជាការទិញទឹកចិត្តដើម្បីឲ្យគាត់មកចូលរួមគាំទ្រនោះដែរ ពោលគឺគាត់សម្រេចចិត្តនឹងពេញចិត្តគណៈបក្សនេះដោយខ្លួនឯង។
ការលើកឡើងរបស់លោក សី ស៊ីខេង មានលក្ខណៈផ្ទុយពីការបញ្ជាក់ពីអ្នកស្រី ឡាក់ សុភាព។ អតីតសមាជិកគណកម្មការនាយកគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកមកធ្វើបាតុកម្មនៅថ្ងៃទី០១ ខែមករានេះ ដើម្បីមកគាំទ្រលោកស្រី ដោយអ្នកទាំងនោះបានឃើញនៅតាមបណ្តាញ«សង្គមហ្វេសប៊ុក» ពីអំពើអយុត្តិធម៌ដែលគណៈបក្សសង្រ្គោះជាតិ បានធ្វើមកលើអ្នកស្រី។
គួរបញ្ជាក់ថា អ្នកស្រី ឡាក់ សុភាព បានដឹកនំាក្រុមសកម្មជនមកធ្វើបាតុកម្មនេះ ក្នុងគោលបំណងដើម្បីប្រឆាំង ទៅនឹងការបណ្តេញអ្នកស្រីចេញពីគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ដោយសារអ្នកស្រីយល់ថា ការបណ្ដេញចេញនោះខុសច្បាប់របស់គណៈបក្ស និងខុសលក្ខចន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណៈបក្ស និងជាអំពើអយុត្តិធម៌មកលើលោកស្រី៕