បាតុករប្រឆាំងមិនចាប់អារម្មណ៍នឹងសម្តី ហ៊ុន សែន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីលោក ហ៊ុន សែន បានប្រើសម្តីឆ្លើយតប នឹងការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នៅវិមានរដ្ឋសភាកាលពីថ្ងៃទី២០ ខែធ្នូនេះ ដូចជា ការគម្រាមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមបាតុករបិទផ្លូវ និងលោកមិនចេញពីតំណែងជាដើម។ ក្រុមបាតុករអ្នកគាំទ្រគណបក្សប្រឆាំង ហាក់សម្តែងការមិនចាប់អារម្មណ៍ និងមិនមានការភ័យខ្លាយអ្វីនោះទេ ជុំវិញពាក្យសម្តីរបស់ លោក ហ៊ុន សែន បែបនេះ ។
ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានមួយចំនួន ចំពោះក្រុមអ្នកធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេក៏ដោយ ក៏ក្រុមបាតុករប្រឆាំងទាំងនេះ ហាក់មិនមានការផ្ញាក់ផ្អើល និងចាប់អារម្មណ៍ឡើយទៅនឹងសម្តីរបស់លោក ហ៊ុន សែន ដែរ។ ពួកគេបានហៅ ការព្រមានរបស់លោក ហ៊ុន សែន ថាមិនអ្វីចម្លែកនោះទេ ពោលគឺវាជាទម្លាប់ទៅហើយសម្រាប់លោក ហ៊ុន សែន ដែលចូលចិត្តគម្រាមគេឯងបែបនេះ។
កំពុងពិសារបាយនៅសួនសេរីភាព នាវេលាថ្ងៃជិតត្រង់ ថ្ងៃទី ២១ ខែធ្នូនេះ បាតុករមកពីខេត្តរតនគិរី លោក មាន បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា លោកបានដឹងពីការលើកឡើងរបស់លោក ហ៊ុន សែន កាលពីម្សិលមិញនោះដែរ តែលោកមិនចាប់អារម្មណ៍ ឬភ័យខ្លាចណាមួយឡើយ។ បាតុកររូបនេះ បន្តថា មូលហេតុដែលលោកមិនចាប់អារម្មណ៍ ពីព្រោះតែពាក្យសម្តីរបស់លោក ហ៊ុន សែន គ្មានអ្វីក្រៅតែពីការគម្រាមគេនោះទេ តែពេលនេះ ពលរដ្ឋគេលែងខ្លាចទៀតហើយ។
«ជនកុម្មុយនីសគ្មានអ្វីក្រៅពីសម្លុតគេទេ» នេះជាការលើកឡើងរបសលោក ថៃ ជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាបាតុករមួយរូបផងដែរនោះ លោកបាននិយាយរិះគន់លោក ហ៊ុន សែន ចំៗដោយមិនលាក់លៀមថា ពេលនេះពលរដ្ឋខ្មែរ គេលែងខ្លាចជនផ្តាច់ការដូចជាលោក ហ៊ុន សែន ទៀតហើយ គេត្រូវតែក្រោកឈរដើម្បីភាពយុត្តិធម៌របស់ពួកគេ។ លោក ថៃ បន្តថា ពាក្យសម្តីរបស់លោក ហ៊ុន សែន លោកមិនបានយកទុកក្នុងចិត្តឡើយ។
ដូចគ្នានេះដែរ លោកតា រី អាយុ ៧០ ឆ្នាំ ជាបាតុករមកពីខេត្តកំពង់ឆ្នាំងបានអះអាងថា ប្រសិនបើមេដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យមានការបិទផ្លូវ លោកតានឹងធ្វើតាម ដោយមិនញញើតនឹងការគម្រាមកំហែងរបស់លោក ហ៊ុន សែន ដែលចង់ចាត់វិធានការចំពោះក្រុមបាតុករនោះទេ។ លោកតាបន្តថា «ខ្ញុំចាស់ហើយ ចង់ឃើញកូនខ្ញុំចៅខ្ញុំលែងជំពាក់លុយបរទេសទៀត មុនខ្ញុំស្លាប់ទៅ»។
កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវ ឲ្យក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កុំចូលរួមក្នុងការបិទផ្លូវនៅរាជធានីភ្នំពេញ តាមការអំពាវនាវរបស់មេដឹកនាំបក្សប្រឆាំងឡើយ ដោយលោកអះអាងថា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ លោក ហ៊ុន សែន បានហៅសកម្មភាពចង់បិទផ្លូវថា ជាសកម្មភាពភាពខុសច្បាប់ទាំងស្រុង។ ម្លោះហើយរដ្ឋាភិបាលលោក នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមបាតុករប្រសិនបើមានការបិទផ្លូវមែននោះ ។
ភ្លាមៗក្រោយពីការថ្លែងរបស់លោក ហ៊ុន សែន ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគេអំពាវនាវ ឲ្យមេដឹកនាំនយោបាយនៃគណបក្សទាំងពីរ ងាកមករកការចរចាគ្នាដោយសន្តិវិធី ដើម្បីបញ្ចប់វិបត្តិជាប់គាំងនយោបាយ និងជៀសវាងការប្រឈមមុខដាក់គ្នា ដោយកម្លាំងបាយ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ