គ្មាន​ការ​«ដក​អាសនៈ»​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចេញ​ពី​រដ្ឋសភា​ទេ

បន្ទាប់ពីលោក ជាម យៀប មន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមាន​ពី​ការ​ដកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាមក ជាថ្មីម្តងទៀត លោក ខៀវ កាញារីទ្ធ ជាមន្រ្តីជាន់​ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជាដូចគ្នាដែរនោះ បានលើកឡើងថាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិ​ដក​អាសនៈរបស់គណបក្សជំទាស់នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីលោក ជាម យៀប មន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមាន​ពី​ការ​ដកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាមក ជាថ្មីម្តងទៀត លោក ខៀវ កាញារីទ្ធ ជាមន្រ្តីជាន់​ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជាដូចគ្នាដែរនោះ បានលើកឡើងថាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិ​ដក​អាសនៈរបស់គណបក្សជំទាស់នេះ។


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ក្នុងកម្មវិធីមួយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅសណ្ឋាគារសាន់វេ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ជាអ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា និង​ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្ស​ប្រជាជនកម្ពុជា មិន​ដែលមានបំណងដកអាសនៈ របស់គណបក្សសង្គ្រោះជាតិពីរដ្ឋសភានោះទេ ប៉ុន្តែលើកលែងតែ​គណបក្ស​ជំទាស់​មួយនេះ បដិសេធមិនទទួលយកយកអាសនៈ ដែលខ្លួនត្រូវទទួលបាន។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា៖ «គណបក្ស​សង្គ្រោះជាតិ គ្រាន់តែមិនចូលប្រជុំប៉ុណ្ណោះ ដូច្នេះមិនអាចដកបានទេ ហើយមានបញ្ហា​អ្វី​មានតែ​ក្រុមប្រឹក្សា​ធម្មនុញ្ញទេ ដែលហ៊ានសម្រេចថាយ៉ាងណានោះ»។

ជុំវិញករណីនេះ លោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​ ដឹងថា បញ្ហានេះមានលក្ខណៈស្មុគស្មាញ និងពិបាកយល់ តែភារកិច្ចសំខាន់គឺនៅលើរដ្ឋសភា។ ហើយក៏វាមាន​ការ​ជាប់ពាក់ព័ន្ធ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងនីតិវិធីច្បាប់មួយចំនួនទៀតផងដែរ។

សូមរម្លឹកថា លោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា កន្លងទៅថ្មីៗនេះ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក បានព្រមានថាគណបក្សប្រជាជនកម្ពុជា នឹងដកអាសនៈរបស់​គណបក្សសង្គ្រោះជាតិចេញ​ពី​សភា ហើយក៏នឹងស្នើឲ្យមានការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីបញ្ចៀសការជាប់គាំង​នយោបាយនៅកម្ពុជា ដោយសារតែគណបក្សប្រឆាំងទុកអាសនៈចោល មិនព្រមចូលរួមប្រជុំសភា។

ទាក់ទងបញ្ហានេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការ​អត្ថាធិប្បាយបាននៅឡើយ។ តែបើយោងលើលោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការសង្កេតការណ៍បោះឆ្នោត (ខុមហ្វ្រែល) បានពន្យល់ថា ក្រុមប្រឹក្សាធម្មនុញ្ញ មានកាត្វកិច្ចដោះស្រាយវិវាទបោះឆ្នោត និងការបកស្រាយ​ច្បាប់​ជាដើម។ តែស្ថាប័នដែលត្រូវបំពេញកាតព្វកិច្ចដោយឯករាជ្យមួយនេះ មិនមាន«សិទ្ធិ»ដកអាសនៈ របស់គណបក្ស​ជំទាស់បានទេ។

ចំពោះការលើកឡើងរបស់ លោក ជៀម យៀប ដែលមានចេតនាធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីហេតុផលនយោបាយនេះ ត្រូវបានលោក គល់ បញ្ញា អះអាងថា «មិនអាចទៅរួចនោះទេ»។ ព្រោះជា​គោល​ការណ៍ច្បាប់ មិនមានអានុភាពប្រតិសកម្មទេ (ការធាក់ថយក្រោយ ឬការអនុវត្តថយក្រោយ)។ លោក គល់ បញ្ញា បញ្ជាក់ថា៖ «តែបើគេធ្វើដូច្នេះមែន មានបញ្ហាធំហើយ ទាំងរូបភាពច្បាប់ និងរូបភាពនយោបាយ»៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...