គល់ បញ្ញា៖ រដ្ឋាភិបាល​គួរ​នៅ​អព្យាក្រិត្យ ចំពោះ​ការ​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់ IRI

មន្ត្រីសង្គមស៊ីវិល ដែលធ្វើការស្និត នឹងការបោះឆ្នោត បានយល់​បែបនេះ បន្ទាប់ពីប្រតិកម្មខ្លាំងៗ របស់​រដ្ឋាភិបាល​​កម្ពុជា តាម​រយៈ​សេចក្តីថ្លែងការណ៍​មួយ​សន្លឹក និងអ្នកនាំពាក្យរបស់ខ្លួន ចំពោះការចេញផ្សាយ និង​ឃោសនា​នូវឯកសារ​​ក្លែងក្លាយ របស់វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ស្តីពីលទ្ធផល​ស្ទង់​មតិ ប៉ាន់​ស្មាន អំពី​ការ​ទទួល​បាន​អាសនៈ របស់​គណបក្ស​នយោបាយ តាម​បណ្តា​រាជធានី ខេត្ត ក្រុង​នីមួយៗ។
គល់ បញ្ញា៖ រដ្ឋាភិបាល​គួរ​នៅ​អព្យាក្រិត្យ ចំពោះ​ការ​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់ IRI
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
Loading...
  • ដោយ: អ៊ុំ បូរី ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ: បោះឆ្នោត-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃទី១៧ខែកក្កដានេះ លោកកែវ រ៉េមី ជាអនុប្រធាន អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បានថ្លែងពន្យល់ពីសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលទៅកាន់អ្នកសារព័ត៌មាន នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តីថា៖ «ការក្លែងបន្លំនេះ វាគឺជាទង្វើដ៏ថោកទាបបំផុត របស់ក្រុមទុច្ចរិទ្ធ ដោយអំពើនេះ​កំពុង​បំផ្លាញ នូវ​ដំណើរការបោះឆ្នោតមួយ ដែលត្រូវមានសេរីភាព តម្លាភាព និងជាពិសេសភាពត្រឹមត្រូវនិងយុត្តិធម៌»។

សេចក្តីថ្លែងការណ៍ ចុះថ្ងៃដដែល របស់រដ្ឋាភិបាល បានកំណត់ការក្លែងឯកសារនេះ ថាជាទង្វើសកម្មជន​របស់​គណបក្ស​​នយោបាយមួយ ហើយសេចក្ដីថ្លែងការណ៍ ក៏បានបញ្ជារឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនទាំងនោះ និង​បញ្ជូន​ទៅ​តុលាការ​​​ជាបន្ទាន់នោះដែរ។

លោកកែវ រ៉េមី បានចាត់ទុកសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពសង្គម សា្ថនភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​កំពុងមានភាពល្អប្រសើរឡើង ហើយអាចបង្កឲ្យមានចលាចលដល់សង្គម។

ថ្លែងប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) បានពន្យល់ថា៖ «រដ្ឋាភិបាល​​​គួរ​​នៅ​អព្យាក្រិត្យ នៅ​ក្នុងដំណាក់កាលនេះ រឿនេះជារឿងរបស់IRI និងគណបក្សនយោបាយ ដែល​មាន​​ផល​​ប៉ះពាល់​ទើប​មាន​សិទ្ធិប្រតិកម្ម»។ លោកបន្តថា៖ «រដ្ឋាភិបាល មិនត្រូវចាប់ខ្លួនពួកគេនោះទេ ពីព្រោះ​ពួក​គេ​​មាន​​សិទ្ធិ​បញ្ចេញ​មតិ បើពួកគេបញ្ចេញមតិខុស វាជាការអស់តម្លៃរបស់ពួកគេ»។

លោកគល់ បញ្ញា អះអាង ថាច្បាប់បានហាមឃាត់ការស្ទាបស្ទង់មតិ រយៈពេលប្រាំថ្ងៃ មុនថ្ងៃបោះឆ្នោត ខណៈ​ពេលនេះ​​មាន​រយៈពេលដប់ថ្ងៃទៀតទើបដល់ថ្ងៃបោះឆ្នោត។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនផ្សេងទៀត គេ​មាន​សិទ្ធិ​ធ្វើការស្ទង់​មតិ​នេះ រហូតដល់ថ្ងៃបោះឆ្នោត។

សូមរម្លឹកថា ថ្មីៗនេះ មានមនុស្សមួយក្រុម​​បាន​ចេញ​ផ្សាយ និងឃោសនា នូវឯកសារមួយ​អំពីលទ្ធផល​ស្ទង់មតិ ប៉ាន់​ស្មាន​​​អំពីចំនួនអាសនៈ ដែលគណបក្សនយោបាយ​នីមួយៗ​បានឈ្នះ តាមបណ្តារាជធានី ខេត្ត ក្រុង​នានា។ ឯកសារ ​ដែល​​ត្រូវ​​បាន​គេ​បង្ហោះ​​ តាម​ហ្វេ​សប៊ុកនោះ បានបង្ហាញថា​​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​​សំឡេង​​​គាំទ្រ​​​ចំនួន​​៥៤​ភាគរយ ស្មើ​នឹង​​៦៤​អាសនៈ​។ ចំណែក​ឯ​គណបក្ស​​ប្រជាជន​​កម្ពុជា​វិញ បាន​ទទួល​សម្លេង​ចាញ់ ដោយ​ទទួល​​បាន​​​តែ​៤៦​ភាគរយ​​ ស្មើនឹង​៥៩​អាសនៈ​​​ប៉ុណ្ណោះ។​

ទាក់ទងនឹងបញ្ហានេះ សេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាល បានបញ្ជាក់ថា ប្រធាន​វិទ្យាសា្ថន​​សាធារណរដ្ឋ​អន្តរជាតិ លោក​ស្រី ជេស៊ីកា ឃីជែន (Jessica Keegan) បាន​ធ្វើការ​បដិសេធជាផ្លូវការ ពីឯកសារ​ក្លែងបន្លំនេះ តាម​រយៈ​សារ​​អេឡិកត្រូនិច ចុះថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ២០១៣ ផ្ញើរមក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។ តែ​​ការ​ផ្សាយ​មួយ របស់គេហទំព័រ​នៃវិទ្យុ​សម្លេង​​​ប្រជាធិបតេយ្យ​​ក្នុងថ្ងៃដដែល បាន​រាយការណ៍ថា លោកស្រី ជេស៊ីកា ឃីជែន បាន​បដិសេធ ថា​«មិន​បាន​សរសេរ»​ ទៅកាន់​ទីស្ដីការគណៈរដ្ឋមន្ត្រីអ្វីទាំងអស់ ហើយផ្ទុយទាំងស្រុង​នឹងការ​និយាយ​យោង របស់សេចក្ដី​​ថ្លែងការណ៍​​ខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...