បោះឆ្នោតសកល២០១៣៖ សង្គ្រាមតួលេខឈ្នះកៅអី នៅតែបន្ត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី១ ខែសីហា នេះដោយអះអាងថាទទួលបានកៅអីយ៉ាងតិច៦៣។ ការអះអាងនោះ ដោយយោងតាមការបូកសរុបលទ្ធផល នៃការបោះឆ្នោតពីគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ហើយមិនគិតពីភាពមិនប្រក្រតីកើតមានមុន និងអំឡុងថ្ងៃបោះឆ្នោតនោះទេ។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
តាមតួលេខដែលបានផ្សាយចេញ ដោយគណបក្សសង្គ្រោះជាតិ មានចំនួន៦៣អាសនៈនេះ បញ្ច្រាសគ្នានឹងតួលេខដែលលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងទំព័រហ្វេសប៊ូក របស់លោកកាលពីយប់ថ្ងៃទី២៨ ខែកក្កដាថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ នៃចំនួនអាសនៈ១២៣ក្នុងរដ្ឋសភា។ ចំណែកអង្គការខុមហ្វ្រែលក៏បានប្រកាសថា ស្រដៀងទៅនឹងការបង្ហាញរបស់លោក ខៀវ កាញារិទ្ធ ដែរ ដោយគណបក្សប្រជាជនកម្ពុជាបាន៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិបាន៥៦អាសនៈ។
ជាមួយគ្នានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ បានផ្សាយនូវសេចក្តីបំភ្លឺអំពីការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដោយមិនទាន់បានធ្វើការកំណត់បែងចែកចំនួនអាសនៈនៅឡើយនោះទេ ដោយរង់ចាំបន្ទាប់ពីដោះស្រាយបណ្តឹងដែលទទួលបានចប់ជាស្ថាពរសិន។
សេចក្តីប្រកាសរបស់គ.ជ.ប ដដែលក៏បានបង្ហាញពីតារាងលទ្ធផល បឋម នៃការរាប់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ៩.៦៧៥.៤៥៣នាក់ និងចំនួនវត្តមាននៃអ្នកបោះឆ្នោតឲ្យគណបក្សទាំងប្រាំបីមានចំនួន ៦.៦១៦.១១០នាក់។
សម្រាប់គណបក្សប្រគួតប្រជែងគ្នាធំៗពីរ គណបក្សប្រជាជនកម្ពុជាបាន៣.២២៧.៧២៩សម្លេង និងគណបក្សសង្គ្រោះជាតិបាន ២.៩៤១.១៣៣សម្លេង។ ក្រៅពីនោះបានទៅគណបក្សហ្វ៊ុនស៊ិនប៉ិច បាន ២៤១.៨៦៦សម្លេង, សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦៩.៦៦៧សម្លេង, ខ្មែរឈប់ក្រ ៤៣.៣១២សម្លេង, សញ្ជាតិកម្ពុជាបាន៣៧.៩៦៣ សម្លេង, សាធារណរដ្ឋប្រជាធិបតេយ្យបាន ៣៤.៥៦៩សម្លេង, និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៩.៨៧១សម្លេង។
ស្របពេលដែលគ.ជ.ប មិនទាន់ប្រកាសលទ្ធផលនៃអសនៈនេះ គណបក្សសង្គ្រោះជាតិបានរៀបចំវេទិការ សាធារណៈនៅទីស្នាក់ការខណ្ឌទួលគោក ដើម្បីស្វែងរក និងបង្ហាញពីភាពមិនប្រក្រតីបក្ស ដោយបើកឱកាសឲ្យប្រជាពលរដ្ឋបានសម្ដែងនូវមតិ និងចុះឈ្មោះតវ៉ាពីភាពអសកម្មមួយចំនួន មុន និងក្នុងអំឡុងពេលបោះឆ្នោត ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានបង្ហាញថាក្នុងពេលមួយថ្ងៃ(ថ្ងៃទី៣០ ខែកក្កដា) ប្រជាពលរដ្ឋមិនបានបោះឆ្នោតមានចំនួនជាងមួយពាន់នាក់។ លោកបន្តរថាពលរដ្ឋភាគច្រើនដែលមកប្តឹងនោះមាន៨០ភាគរយ មិនបានបោះឆ្នោត ព្រោះតែឈ្មោះពួកគាត់គ្មានក្នុងបញ្ជីបោះឆ្នោត និង១០ភាគរយដោយសារតែឈ្មោះពួកគាត់ត្រូវបានគេបោះជំនូស និង១០ភាគរយទៀតមកសម្ដែងមតិពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងនៅថ្ងៃបោះឆ្នោត ដោយមានភស្តុតាងនានាដូចជាឯកសារ រូបថត ឬវីដេអូជាដើម។
មន្រ្តីរូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋជាងមួយពាន់នាក់នេះ ក៏បានសម្ដែងនូវការខឹងចំពោះគ.ជ.ប ដែលបានធ្វើឲ្យបាត់ឈ្មោះរបស់គាត់ ដែលក្នុងអំឡុងបោះឆ្នោតឃុំ-សង្កាត់ពួកគាត់មានឈ្មោះ និងរាល់អាណត្តិកន្លងទៅបានបោះឆ្នោតគ្រប់អាណត្តិ។
វេទិកាសម្ដែងមតិ និងការចុះឈ្មោះនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី១០ ខែសីហា។ គណបក្សសង្គ្រោះជាតិនឹងរៀបចំបញ្ជីឈ្មោះ និងករណីមិនប្រក្រតីនានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ដាក់ជាភស្តុងឲ្យ គ.ជ.ប ពិនិត្យនូវភាពមិនប្រក្រតីទាំងនោះ ដើម្បីឈានទៅដល់ការបង្កើតគណៈកម្មការចម្រុះមួយ ដែលមានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ធ្វើការពិនិត្យ និងដោះស្រាយនូវបញ្ហានានាជុំវិញ ការរៀបចំការបោះឆ្នោតរបស់គ.ជ.ប។
ជាមួយគ្នានេះ គ.ជ.ប ក៏បានប្រកាសទទួលរបាយការណ៍ស្តីពីភាពមិនប្រក្រតី នានាដែលបានកើតឡើង ពីគណបក្សនយោបាយចូលរួមការបោះឆ្នោត និងពីភាគីពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣នេះ។ គ.ជ.បនឹងធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការយ៉ាងហ្មត់ចត់ សហការអង្កេតមើលដោយតំណាង គណបក្សនយោបាយប្រកួតប្រជែង និងអង្គការសង្កេតការណ៍ជាតិ និងអន្តរជាតិ។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនមួយចុះដ្ងៃទី០១ ខែសីហានេះ គ.ជ.ប បានឲ្យដឹងថា នឹងចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំឆ្នាំ២០១៣ ចាប់ពីថ្ងៃទី០៣ ខែសីហា នេះរហូតដល់ចប់ជាស្ថាពរផងដែរ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ