ហ៊ុន សែន ថាអ្វីដែលការសែតខេមបូឌាដេលីសរសេរ ជារឿង«ធម្មតា»
បន្ទាប់ពីការសែតខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការថ្លែងសុន្ទរកថា៦ម៉ោងរបស់លោក ហ៊ុន សែន ត្រូវអ្នកទស្សនាសម្តែងការធុញទ្រាន់» បានជម្រុញឲ្យលោក ហ៊ុន សែន ធ្វើការប្រតិកម្មភ្លាមៗ ចំពោះខ្លឹមសារនៅក្នុងអត្ថបទមួយនោះ។
លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)
រាជធានីភ្នំពេញ - អត្ថបទចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះរបស់ការសែតខេមបូឌាដេលី ដែលគេដឹងជាទូទៅថា មានខ្លឹមសារលើកឡើងពីការធុញទ្រាន់ និងការរិះគន់របស់ប្រជាពលរដ្ឋ អំពីគោលនយោបាយ និងការប្ដេជ្ញារបស់លោក ហ៊ុន សែន ក្នុងការដឹងនាំប្រទេស សម្រាប់អាណត្តិថ្មី។
ជាការឆ្លើយតបចំពោះខ្លឹមសារអត្ថបទការសែតនេះ ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះលោក ហ៊ុន សែន បានថ្លែងថា វាជារឿងធម្មតាទេ ដែលមានមនុស្សស្រឡាញ់ និងស្អប់រូបលោកនោះ ព្រោះនៅក្នុងសង្គមមួយ មិនអាចមាន មនុស្សស្រឡាញ់លោកគ្រប់ៗគ្នាទាំងអស់បានទេ។ ការថែ្លងរបស់លោក ហ៊ុន សែន នៅពេលនេះត្រូវបានអ្នកតាមដាន ស្ថានការណ៍នយោបាយ នៅកម្ពុជាមើលឃើញថាហាក់ដូចជាខុសនឹងសព្វដង ព្រោះកន្លងមកលោក ហ៊ុន សែន តែងតែធ្វើប្រតិកម្មខ្លាំងៗចំពោះបុគ្គលណាមួយ និងអង្គភាពណាមួយដែលមានឥទ្ធិពល ហើយហ៊ានរិះគន់របបដឹកនាំរបស់លោក។
ក្រោយពេលដែលគណបក្សប្រជាជនកម្ពុជា ធ្លាក់ចុះអាសនៈពី៩០កៅអីនៅអាណត្តិទី៤ មកត្រឹមតែ៦៨កៅអីក្នុងអាណត្តិទី៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការព្រមានខ្លាំងៗ ចំពោះសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ឲ្យធ្វើកំណែទម្រង់បន្ទាន់ និងស៊ីជម្រៅទាក់ទងនឹងបញ្ហាប្រព័ន្ធយុត្តិធម៌ អភិបាលកិច្ចល្អ អំពើពុករលួយ និងបក្សពួកនិយមជាដើម។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «ខ្ញុំមិនរង់ចាំស្លាប់ ជាមួយអស់លោកនោះទេ»។
លោក ឈី គង់ ជាអាជីវករវ័យ៤១ឆ្នាំ បានថ្លែងប្រាប់កាសែតខេមបូឌាដេលីថា៖ «ប្រសិនបើលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ មួយរូបមែននោះ គាត់ចាំបាច់ត្រូវបង្ហាញថា ខ្លួនអាចរក្សាពាក្យសន្យាស្តីពីការធ្វើកំណែទម្រង់បាន។ អ្វីដែលគាត់បានសន្យាពីមុនមក គឺគាត់មិនទាន់ទាំងធ្វើបានផង ហើយវាជាមូលហេតុដែលធ្វើឲ្យប្រជាជនមួយចំនួន លែងជឿទុកចិត្តគាត់។ អ្វីៗគឺស្ថិតនៅត្រង់ថា តើគាត់បានបម្រើប្រទេសជាតិ ឬក៏បម្រើខ្លួនឯង និងគណបក្សរបស់ខ្លួនឯង?»
រីឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សារុំ បានថ្លែងបានលើកឡើងដែរថា៖ «វាដូចតែសព្វដងអ៊ីចឹង គឺឆ្កួតសុទ្ធតែម្តង។ គាត់និយាយពីការធ្វើកំណែទម្រង់ និងពីវិធីដោះស្រាយបញ្ហាក្នុងពេលអនាគត ប៉ុន្តែវាគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។» ពលរដ្នម្នាក់នេះបានបន្ថែមថា នោះជាធ្នាក់នយោបាយដែលលោក ហ៊ុន សែន ធ្លាប់ធ្វើកាលពីការបោះឆ្នោតអាណត្តិមុនៗនោះ។ តែឥឡូវនេះ កម្ពុជាបានឈានចូលសម័យកាលថ្មី ដែលការធ្វើសន្ទរកថាដូចលោក ហ៊ុន សែន នៅពេលនេះ លែងមានន័យទៅហើយ។ លោក សារុំ និយាយថា៖ «ខ្ញុំមិនដឹងថា ប្រជាជនកម្ពុជាភាគច្រើនគិតយ៉ាងម៉េចទេ ប៉ុន្តែក្នុងក្រុមគ្រួសាររបស់ខ្ញុំគ្មាននរណាម្នាក់ជឿគាត់ទៀតទេ »។
អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាលោកបណ្ឌិត កែម ឡី បានពន្យល់ថាវាជាការពិបាក ក្នុងការអនុវត្តការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន ឲ្យមានប្រសិទ្ធិភាព ព្រោះការផ្តេចជ្ញាចិត្តល្អយ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចដែរ ដរាបណាមិនមានយន្តការច្បាស់លាស់ក្នុងការអនុវត្ត និងត្រួតពិនិត្យ។ អ្នកវិភាគរូបនេះបន្ថែមថា អសមត្ថភាពមុខដំណែង បក្សពួកនិយម ខ្វះតម្លាភាព ខ្វះគណនេយ្យភាព អភិបាលកិច្ចមិនល្អ និងបញ្ហាផ្សេងៗទៀត ដែលកំពុងមានក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាឧបស័គ្គដើម្បីសម្រេចការប្ដេជ្ញារបស់លោក ហ៊ុន សែន៕
----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ