ឡៅ ម៉ុងហៃ បញ្ជាក់ជាថ្មីពីសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាព និងមានតម្លៃណាស់សម្រាប់ធានា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បន្ទាប់ពីមានការលើកឡើងខុសគ្នា រវាងលោកហ៊ុន សែន នាយករដ្ឋមន្រ្តីចេញពីសភាឯកបក្ស និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ស្ដីពីតម្លៃ និងសុពលភាព របស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្នុងពេលដែលប្រទេសកម្ពុជា កំពុងបន្តភាជាប់គាំងផ្នែកនយោបាយនោះ។
ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេច នរោត្ដម សីហនុ (ឆ្វេង) និងលោក ហ៊ុន សែន ជួបចាប់ដៃគ្នានៅខេត្តសៀមរាប នាឆ្នាំ១៩៩៧។ (រូបថត Reurter)
រាជធានីភ្នំពេញ - ក្នុងសន្និសីទសន្តិភាពថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ស្តីពី ដើមកំណើតនៃសន្តិភាព និងប្រជាធិបតេយ្យកម្ពុជា នៅសណ្ឋាគារ អ៊ីនធរខនធីននថល លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានពន្យល់ថា អង្គការសហប្រជាជាតិបានដើរតួនាទីសំខាន់ណាស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ហៅភាគីជំលោះទាំងអស់របស់កម្ពុជា ចូលមកកាន់តុចរចានិងឯកភាពគ្នា ឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិល ដ៏ហែកហួរជាង២ទសវត្សរ៍ នៅកម្ពុជា។ អ្នកវិភាគរូបនេះ បន្តថាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានជម្រុញឲ្យមានការកសាងសន្តិភាព និងការផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជាជាបន្តបន្ទាប់ ដោយសហគមអន្តរជាតិ ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ។
គួរម្លឹកថា ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាបានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលដោយឯកបក្សក្នុងភាពចម្រូងចម្រាស ក្រោយការបោះឆ្នោតនោះ លោក ហ៊ុន សែន បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានអស់សុពលភាពហើយ តាមរយៈការដាក់បញ្ចូលខ្លឹមសារមួយចំនួន ដែលសេសសល់ចូលទៅក្នុង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ តែការលើកឡើងនេះត្រូវបានច្រានចោល ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាក្រុងប៉ារីស នៅតែមានសុពលភាពរហូតដល់បច្ចុប្បន្ននេះ ហើយបានចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះ ថាបានបង្កើតឡើង ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
ទាក់ទងនឹងការលើកឡើងផ្ទុយគ្នា របស់ឥស្សរជនយោបាយទាំងពីរនេះ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាពសម្រាប់គ្រប់ភាគី ដែលពាក់ព័ន្ធ។ អ្នកវិភាគរូបនេះ បានលើកហេតុផលថា កិច្ចព្រមព្រៀងនេះមិនបានធ្វើឡើងតែមួយពេលនោះទេ ហើយក៏មិនមែនបញ្ចប់ត្រឹមការបង្កើតរដ្ឋធម្មនុញ្ញនោះដែរ ព្រោះក្នុងកិច្ចព្រមព្រៀងមិនមានមាត្រាណា បានកំណត់ពីពេលវេលាអស់សុពលភាព។ ហើយថ្មីៗនេះអ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងក្រុងប៉ារីសនៅតែមានសុពលភាព។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖«កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសធានាអាយុជីវិតខ្មែររហូតទៅ»។ អ្នកវិភាគដដែលនេះ អះអាងថាអង្គការសហប្រជាជាតិ និងរដ្ឋជាហត្ថាលេខី បានជាប់កតព្វកិច្ចធានា ការអនុវត្តប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការធានាភាពជាអមតៈរបស់កម្ពុជា និងការពារ ក្នុងករណីមានការរំលោភបំពាន។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖ «ខ្ញុំអត់បានឃើញរដ្ឋធម្មនុញ ចែងពីការលុបចោលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងការដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ពីការធានា ឯករាជ្យភាព អធិបតេយ្យភាព របស់ប្រទេសកម្ពុជា ពីសំណាក់ប្រទេសហត្ថលេខី ក្នុងរដ្ឋធម្មនុញ្ញផង អត់មានទេ ហើយដាក់ក៏មិនកើតទៀត ព្រោះពាក់ព័ន្ធនឹងប្រទេសក្រៅ យើងទៅបង្ខំគេមិចកើត។»
ជាមួយគ្នានេះ លោក ឡុង ខែត្រ ស្ថាបនិករបស់ អង្គការវិទ្យាស្ថានសន្តិភាពកម្ពុជា បានលើកឡើងថា បើទោះជាបច្ចុប្បន្នកម្ពុជាមានរដ្ឋធម្មនុញ្ញពិតមែន តែមានចំណុចសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញទេ ដូចនេះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការការពារបូរណភាពដែនដីកម្ពុជា។
-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ