ហ៊ុន សែន និងសម រង្ស៊ី យល់​ឃើញ​ខុស​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

អនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការ​បក​ស្រាយខ្លឹមសារកិច្ចព្រមព្រៀងក្រុងប៉ារីសផ្ទុយគ្នា ខណៈរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើង​ដោយឯកបក្ស​ទាំង​ប្រទាំង​ប្រទើស។ ការបកស្រាយរបស់ឥស្សរជននយោបាយទាំងពីររូប បានបង្ករឲ្យមានចម្ងល់ដល់សាធារណៈជន អំពីកម្មវត្ថុ​ពិត​ប្រាកដរបស់កិច្ចព្រមព្រៀងក្រុងប៉ារីស។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការ​បក​ស្រាយខ្លឹមសារកិច្ចព្រមព្រៀងក្រុងប៉ារីសផ្ទុយគ្នា ខណៈរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើង​ដោយឯកបក្ស​ទាំង​ប្រទាំង​ប្រទើស។ ការបកស្រាយរបស់ឥស្សរជននយោបាយទាំងពីររូប បានបង្ករឲ្យមានចម្ងល់ដល់សាធារណៈជន អំពីកម្មវត្ថុ​ពិត​ប្រាកដរបស់កិច្ចព្រមព្រៀងក្រុងប៉ារីស។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - ក្នុងពិធីធ្វើសន្និសីតការសែតថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដើម្បី​បង្ហាញពីគោល​ជំហរជាបន្តរបស់ខ្លួន ជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្កោះជាតិ បានពន្យល់ថា ការបង្កើតសភា និងរដ្ឋាភិបាលក្នុងរយៈពេលចុងក្រោយនេះ គឺជាការនាំប្រទេសកម្ពុជាវិលត្រលប់​ទៅកាន់​ស្ថានភាព​មុនឆ្នាំ​១៩៩១ ដែលប្រទេសត្រូវបានដឹកនាំដោយគណបក្សនយោបាយតែមួយ និងគ្រប់គ្រងតាមប្រព័ន្ធ​កុំម្មុយនីស្ត។

ប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «អ្វីដែលពួកគេបានធ្វើចុងក្រោយនេះគឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចែងថា ប្រទេសកម្ពុជាត្រូវតែប្រកាន់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ពហុគឺច្រើនបក្ស»។ លោក សម រង្ស៊ី បានចាត់ទុករដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះ ថាជារដ្ឋាភិបាលខុសច្បាប់ ព្រោះមិនមែនតំណាងឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល និងមិនអាចធ្វើកិច្ចសហការជាមួយបានទេ។

រីឯលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីទើបតែងតាំងថ្មី បានថ្លែងក្នុងពិធីបើក​កិច្ច​ប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អស់​សុពលភាពហើយ សម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះបច្ចុប្បន្នកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ លោក ហ៊ុន សែន បន្ថែមថា បើនិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលកំណត់ថា សហគមន៍​អន្តរជាតិជាសាក្សី សម្រាប់សន្តិភាពកម្ពុជាយ៉ាងណាក៏ដោយ ក៏ស្មារតីរបស់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១នោះ បានរលាយបាត់​ទៅហើយ តាមរយៈការដាក់មាត្រាមួយចំនួន បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថាបើទោះរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជាតែមួយ និងកំពុងដំណើរការ​ទៅមុខយ៉ាងណាក្តី ក៏គណបក្សសង្រ្គោះជាតិរហូតមកដល់ពេលនេះ នៅតែប្រកាន់គោលជំហរបដិសេធមិទទួលស្គាល់ និងបានអំបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបដិសេធមិនទទួលស្គាល់ដូចគណបក្សខ្លួន ហើយត្រូវតែដាក់សំពាធ​លើ​រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសក្រុមអ្នកច្បាប់ បាននិយាយថានោះជាការបកស្រាយ ទៅ​តាមការយល់ឃើញ ដើម្បីចំណេញខាងនយោបាយរបស់មេដឹកនាំទាំងពីរតែរៀងៗខ្លួន តែមិនបានបញ្ជាក់ពីបទដ្ឋាន​គតិ​យុត្តិអន្តរជាតិនោះទេ។

អាជ្ញាយុកាលនៃសន្ធិសញ្ញាអន្តរជាតិមួយ

នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ សន្ធិសញ្ញាអន្តរជាតិបារាំងសៀម ក្នុងឆ្នាំ១៩០៤ និងឆ្នាំ​១៩០៧ ក៏ត្រូវ​បានប្រទេស​ថៃប្រកាសទាត់ចោលដែរ ដោយសំអាងហេតុផលថាវាត្រូវបានធ្វើឡើងដោយបារាំង និងសៀម តែមិនមែន​ធ្វើឡើង​ដោយ​កម្ពុជានិងថៃ រួមនឹងហេតុផលមួយចំនួនទៀត។ ប៉ុន្តែផ្ទុយនឹងការអះអាងនេះ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅ​តែចាត់ទុកថាសន្ធិសញ្ញាអន្តរជាតិនោះ មានសុពលភាពជារៀងដរាប ដូចមានចែងនៅក្នុងសាលក្រម​ឆ្នាំ១៩៦៧ដូច្នេះ។ រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងក៏បាន​ការពារ​អំណះអំណាងរបស់តុលាការ ក្នុងការប្ដឹងទៅ​តុលាការ​អន្តរជាតិ​ជាថ្មីម្ដងទៀត ដើម្បី​ឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦៧នោះដែរ។

ជាទូទៅ ដើម្បីឲ្យសន្ធិសញ្ញាអន្តរជាតិមួយ អស់សុពលភាព គេត្រូវពិនិត្យទៅលើហេតុផលពីរយ៉ាង។ ទីមួយ សន្ធិសញ្ញានោះ មានចែងពីអជ្ញាយុកាលស្ដីពីសុពលភាពរបស់ខ្លួន នៅក្នុងសន្ធិសញ្ញានេះតែម្ដង។ ទីពីរ ភាគីដដែល ត្រូវជួបប្រជុំជាថ្មីហើយ​ប្រកាស​ក្នុងសន្ធិសញ្ញាមួយទៀត ដើម្បីចាត់ជាមោឃភាព ឬលប់ពីលើសន្ធិសញ្ញាចាស់។

ករណីនេះហើយ ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក (ផ្សាយ​ជាខេមរៈភាសា) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះថា លោកនឹងធ្វើ ចលនាជាអន្តរជាតិក្នុងពេលឆាប់ៗខាងមុខ ដើម្បី​កុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់​រដ្ឋាភិបាល​ថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាពិសេសគឺស្នើសុំ ដល់អង្គការ​សហប្រជាជាតិ អ.ស.ប ឲ្យព្យួរអាសនៈកម្ពុជានៅឯ អ.ស.ប នៅទំនេរជាបណ្តោះអាសន្ន ដែលទំនងជាលោកចង់យក​បទដ្ឋានគតិយុត្តិនៃសន្ធិសញ្ញាអន្តរជាតិ ទីក្រុងប៉ារីសឆ្នាំ១៩៩១ មកធ្វើជាមូលដ្ឋាន។

ប៉ន្តែជាចម្លើយឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះបានលើកឡើងថា កម្ពុជាមិនត្រូវការជនបរទេស ឬ​ឯក​អគ្គរដ្ឋទូត​ប្រទេសណាមួយ ប្រមុខរដ្ឋប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅកម្ពុជានោះទេ ព្រោះ​កម្ពុជាជារដ្ឋ​អធិបតេយ្យ៕

----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...