ក្រិច៖ ចាស់ភ្លេចស្បោងលុយ រហូតក្មេងអាយុ១០ឆ្នាំរកឃើញ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: September 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការរកឃើញមួយ ដែលនរណាៗក៏ចង់បានដែរ។ ក្រុមកុមារអាយុ១០ឆ្នាំប្រមាណជា១០នាក់ បានចូលទៅលេងក្នុងអាគារបោះបង់ចោលមួយ ស្ថិតនៅផ្នែកខាងពាយ័ព្យនៃប្រទេសក្រិច បានរកឃើញស្បោងផ្លាស្ទីកមួយ ...ដែលនៅក្នុងនោះមានប្រាក់សុទ្ធប្រមាណជា៤៣ ពាន់អ៊ឺរ៉ូ (ស្មើនឹង៥៦ ពាន់ដុល្លាអាមេរិក)។
រូបភាពជំនួស បង្ហាញពីអាគារបោះបង់ចោល នៅប្រទេសក្រិច។ (រូបថត LOUISA GOULIAMAKI / AFP)
ទីក្រុងប៉ារីស - កុមារទាំងនោះមិនបានចាប់អារម្មណ៍នឹងប្រាក់នោះទេ ដោយនាំគ្នាយកមកបាចលេច រហូតដល់មានក្រដាសលុយមួយចំនួន បានរហែក។ ប៉ុន្តែអ្នកនៅជិតនោះបានឃើញ ហើយគាត់មានអារម្មណ៍ថាដូចជាចម្លែក ទើបជូនដំណឹងទៅកងកម្លាំងរក្សាសន្តិសុខប្រចាំតំបន់។
នគរបាលបានមកដល់ទីនោះ ហើយបានរកឃើញថា ស្បោងលុយដ៏សន្ធឹកសន្ធាប់ ជាកម្មសិទ្ធរបស់ស្ត្រីចំណាស់ម្នាក់អាយុ៨៣ឆ្នាំ ដែលជាម្ចាស់អាគារបោះបង់ចោលនោះ។ ស្ត្រីចំណាស់រូបនេះ បានដកប្រាក់ចេញពីគណនីសន្សំក្នុងធនាគាររបស់គាត់ តាំងពីបីឆ្នាំមុន ខណៈពេលដែលមានការព្រួយបារម្ភ ពីវិបត្តិហិរញ្ញវត្ថុពិភពលោក។
ម្ចាស់ទ្រព្យបានអះអាងថា គាត់លែងចងចាំច្បាស់លាស់អ្វីទាំងអស់ ជាពិសេសពីចំនួនទឹកប្រាក់នៅក្នុងថង់ផ្លាស្ទីក ដែលគាត់បានភ្លេចនៅក្នុងអាគារនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគេហដ្ឋានរបស់គាត់។ គាត់គ្រាន់តែនិយាយថា ទឹកប្រាក់អាចមានចំនួនពី ៥០ពាន់ ទៅ៧០ពាន់អ៊ឺរ៉ូ។
និយាយរួម នៅពេលប្រទេសក្រិចចាប់ផ្ដើមធ្លាក់ខ្លួន ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនោះ មនុស្សជាច្រើនដែលសុទ្ធជាអ្នកមានធនធាន បានសម្រេចចិត្តឈប់ទុកចិត្តធនាគារក្នុងស្រុកតទៅទៀត ហើយបានយកទ្រព្យសម្បត្តិរបស់ផងខ្លួន យកទៅទុកក្នុងកន្លែងសុវត្ថិភាពផ្សេងទៀត។ គួរបញ្ជាក់ដែរថា ការបញ្ជាទិញទូដែក នៅក្នុងរយៈកាលនោះ ក៏មានការកើនឡើងខ្លាំងដែរ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ