ស្ត្រីអ្នកការសែតមួយរូប ឈប់ពីទូរទស្សន៍រ៉ូស្សី ដើម្បីប្រឆាំងរ៉ូស្សី (vdo)
អ្នកការសែត និងជាពិធីការិនីសញ្ជាតិអាមេរិកាំងមួយរូប ដែលធ្វើការឲ្យទូរទស្សន៍រ៉ូស្សីថ្ងៃនេះ (Russia Today) បានជ្រើសរើសការលាឈប់ពីការងារ ដោយមូលហេតុនយោបាយរបស់វិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ូស្សី) នៅប្រទេសអ៊ុយក្រែន។ នាងបានប្រកាសការលាឈប់នេះ នៅពេលដែលនាងកំពុងធ្វើការ ផ្សាយបន្ដផ្ទាល់ នូវកម្មវិធីព័ត៌មានរបស់នាង តាមកញ្ចក់ទូរទស្សន៍។
នាងលីស វ៉ាហ៍ ពិធីការិនីអាមេរិកាំង នៅក្នុងទូរទស្សន៍រ៉ូស្សីថ្ងៃនេះ។ (រូបថត nbcnews.com)
អ៊ុយក្រែន - ស្ត្រីអ្នកសារព័ត៌មានអាមេរិកាំង របស់បណ្ដាញទូរទស្សន៍ រ៉ូស្សីថ្ងៃនេះ ដែលឧបត្ថម្ភធុនដោយប្រទេសរ៉ូស្សី បានប្រកាសលាឈប់ពីការងារ ដើម្បីប្រឆាំងទៅនឹងនយោបាយរបស់វិមានក្រឹមឡាំង នៅប្រទេសអ៊ុយក្រែន។ នាងលីស វ៉ាហ៍ (Liz Wahl) បានពន្យល់នៅក្នុងកញ្ចក់ទូរទស្សន៍ ក្នុងពេលដែលនាងកំពុងធ្វើការផ្សាយបន្តផ្ទាល់នោះថា នាង«មិនអាចធ្វើការសម្រាប់បណ្ដាញទូរទស្សន៍មួយ ដែលទទួលហិរញ្ញាវត្ថុពីរដ្ឋាភិបាលរ៉ូស្សី និងដែលកាន់ជើងប្រធានាធិបតី វ្លាឌីមៀរ ពូទីន នោះទេ»។
ដោយខ្លួននាងជាកូនអ្នកភៀសខ្លួនពីប្រទេសហុងគ្រី ក្នុងសម័យកុម្មុយនីសសូវៀតនោះផង នាងបានថ្លែងយ៉ាងម៉ឺងម៉ាត់ថា «ខ្ញុំមានមោទនភាព ដែលបានក្លាយខ្លួនជាជនជាតិអាមេរិកាំង ហើយខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយ នៃហេតុការណ៍ដ៏ពិតមួយ។ ហេតុដូច្នេះហើយ ទើបខ្ញុំជ្រើសរើសការលាលែង បន្ទាប់ពីការផ្សាយបន្តផ្ទាល់នេះទៅ។»
តែនាង លីស វ៉ាហ៍ មិនមែនជាមនុស្សដំបូងដែលប្រឆាំងនឹងអន្តរាគមន៍យោធារបស់ប្រទេសរ៉ូស្សី នៅក្នុងប្រទេសអ៊ុយក្រែននេះទេ ព្រោះកាលពីថ្ងៃអង្គារមុននេះ ពិធីការិនីម្នាក់ទៀត ក៏បានបរិហាក្នុងទូរទស្សន៍ដដែល ពីការឈ្លានពានផ្នែកយោធា របស់រដ្ឋធានី ម៉ូស្គូ នៅប្រទេសអ៊ុយក្រែននេះដែរ។ ការឈ្លានពានដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់រ៉ូស្សី មួយភាគធំ បិទបាំងនិងផ្សព្វផ្សាយគាំទ្រកិច្ចអន្តរាគមន៍យោធានេះ។ អ្នកសារព័ត៌មានដែលមានឈ្មោះថា អាប៊ី ម៉ាទីន បានថ្លែងនៅក្នុងកម្មវិធីរបស់នាងថា «អ្វីដែលរ៉ូស្សីកំពុងធ្វើ ជារឿងមួយដ៏អាក្រក់»។
នាង អាប៊ី ម៉ាទីន អ្នកសារព័ត៌មានម្នាក់ទៀត ដែលបរិហាអន្តរាគមន៍យោធា រ៉ូស្សី ក្នុងទូរទស្សន៍រ៉ូស្សី។ (រូបថតផ្ដិតពីរីដេអូ)
នៅចុងបញ្ចប់នៃកម្មវិធីផ្សាយរបស់នាង នាង អាប៊ី ម៉ាទីន បាននិយាយថា «នាងខ្ញុំរំលឹកហើយរំលឹកទៀត ថានាងខ្ញុំប្រឆាំងនឹងអន្តរាគមន៍ណាក៏ដោយ នៅក្នុងកិច្ចការរបស់ប្រទេសមួយ ដែលមានអធិបតេយ្យភាព»។ នាងម៉ាទីន បានបញ្ជាក់ទៀតថា «កិច្ចអន្តរាគមន៍យោធាមិនអាចដោះស្រាយអ្វីរួចនោះទេ ហើយនាងខ្ញុំក៏មិនស្វែងរកការអត់អោនណាមួយ ដើម្បីការពារការឈ្លានពានផ្នែកយោធានោះដែរ។ ជាពិសេសទៅទៀតនោះ នាងខ្ញុំខកចិត្តខ្លាំងណាស់ នៅពេលដែលឃើញការផ្សព្វផ្សាយជាច្រើន ដែលមានលក្ខណៈលំអៀងខុសការពិត។»
ទូរទស្សន៍ រ៉ូស្សីថ្ងៃនេះ មានការិយាល័យផ្សាយរបស់ខ្លួន សឹងតែនៅជុំវិញពិភពលោក ហើយផ្សាយចេញជាច្រើនភាសា។ តែផ្នែកភាសាអង់គ្លេស របស់ទូរទស្សន៍នេះ ត្រូវបានផ្សាយចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៤