ជា មុនី មិនស្វាគមន៍ចំពោះការដោះលែង ប៊ន សំណាង និងសុខ សំអឿន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាន់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពួល បានប្រកាសដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាមិនមានទោសពៃរិ៍ទេនោះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានសម្តែងការសាទរភ្លាមៗ ចំពោះជនជាប់ចោទទាំងពីរ ដែលត្រូវតុលាការដោះលែងឲ្យមាន សេរីភាពឡើងវិញ។ ក៏ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីនិងត្រូវជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា គឺលោក ជា មុនី ហាក់មិនមានការរំភើបអ្វីនោះទេ ចំពោះការដោះលែងនេះ ដោយលោក អះអាងថា រឿងនេះវាគ្មានអ្វីចម្លែកឡើយ។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានបណ្ដើរពីពន្ធនាគារ មកដល់តុលាការកំពូល។ (រូបថត MONOROOM.info/ C. Thyrith)
រាជធានីភ្នំពេញ - អស់រយៈពេលជាង១០ ឆ្នាំមកហើយ ឃាតករសប្បនិមិត្តសម្លាប់លោក ជា វិជ្ជា គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទ ប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ក្នុង ករណីសម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីព សេរីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៤ កន្លងទៅ។ នៅថ្ងៃនេះ តុលាការ កំពូលនៃប្រទេសកម្ពុជា បានសម្រេចបើកការជំនុំជម្រះនិងប្រកាសសាលដីកានៅក្នុងថ្ងៃដដែរ ថា លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានតុលាការឧទ្ធរណ៍សម្រេច ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ដោយតម្រូវឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ និងពិន័យជាប្រាក់ជាង៤០លានរៀល កាលពីខែធ្នូឆ្នាំទៅ ថាគ្មានទោសពៃរិ៍អ្វីនោះទេ ព្រោះការ សម្រេចរបស់ចៅក្រមតុលាការឧទ្ធរណ៍មិនផ្អែកលើគោលការច្បាប់ និងគ្មានភស្តុតាងដាក់ បន្ទុកសោះឡើយ ព្រមទាំងបានសម្រេចទាត់ចោលនូវសេចក្តីសម្រេចរបស់តុលាការនេះ។
នៅក្នុងបន្ទប់សវនាការកាលពីព្រឹកមិញនេះ ភ្លាមៗបន្ទាប់ពីលោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះតុលាការកំពូល បានអាននូវសេចក្តីសម្រេចចប់ រំពេចនោះ សំឡេងហោរិ៍ ក្តីរំភើប ស្រែកអរគុណតុលាការ លាយឡំជាមួយទឹកភ្នែកមកជាមួយផងនោះ បានចេញពីជាប់ចោទ ទាំងពីរ និងក្រុមគ្រូសារជាពិសេសគឺភរិយា ព្រមទាំងអ្នកចូលរួមតាមដានសវនាការទាំងជាតិ និងអន្តរជាតិផងដែរ ដោយត្រេកអរចំពោះ លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញ។
«ជាការអសមត្ថភាពរបស់អជ្ញាធរនិង តុលាការកម្ពុជា ...»
ជុំវិញការដោះលែងជនជាប់ចោទទាំងពីរនាក់នេះ សម្រាប់ លោក ជា មុនី ដែលត្រូវជាប្អូន ប្រុសបង្កើតរបស់លោក ជា វិជ្ជា និងជាដើមបណ្តឹងនៅក្នុងសំណុំរឿងនេះ បានសម្តែងអារម្មណ៍ខុសពីគេ ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថាលោកមិនមាន អារម្មណ៍រំភើបអ្វីទាំងអស់ ចំពោះការដោះលែងលោក ប៊ន សំណាង និងសុខ សំអឿន នៅ ពេលនេះ ។ មិនរំភើបដោយសារថា ជនជាប់ចោទទាំងពីរនាក់នេះ លោកបានដឹងថា មិនមែន ជាឃាតករសម្លាប់បងប្រុសលោកតាំងពីដើមរៀងមក ដែលតាមពិតទៅតុលាការត្រូវតែដោះ លែង តាំងពីរដំបូងឡើយមកម្លេះ ពីព្រោះរឿងនេះជាការអសមត្ថភាពរបស់អជ្ញាធរនិង តុលាការកម្ពុជា ដែលមិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវតាមនីតិវិធី មុននឹងសម្រេចចាប់ជន ជាប់ចោទទាំងពីរដាក់ពន្ធនាគារ។
ដើមបណ្តឹងរដ្ឋប្បវេណី និងជាភាគីតំណាងឲ្យជនរងគ្រោះរួបនេះ បានធ្វើការទទូចសាជាថ្មី ឲ្យតុលាការកម្ពុជា ពន្លឿនការស៊ើបអង្កេត ដើម្បីវែកមុខរកឃាតករពិតប្រាកដ ដែលបានសម្លាប់ បងប្រុសបង្កើតរបស់ខ្លួនឲ្យបានឆាប់ ពីព្រោះគិតមកទល់ពេលនេះ អស់រយៈពេលជាង១០ ឆ្នាំមកហើយ ដែលតុលាការនៅតែមិនទាន់អាចរកយុត្តិធម៌ជូនលោក ជា វិជ្ជា បាន។
សូមរម្លឹកថា លោក ជា វិជ្ជា ត្រូវបានឃាតករមិនស្គាល់មុខបាញ់សម្លាប់ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ ខណៈពេលដែលលោកកំពុងតែអានការសែតនៅតូបលក់ការសែតមួយនៅ ខាងក្រោយវត្តលង្ការ រាជធានីភ្នំពេញ។ រយៈពេលជាងមួយសប្តាហ៍ក្រោយមក ជនជាប់ចោទ ពីរនាក់គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ជាឃាតករសម្លាប់លោក ជា វិជ្ជា ។
បន្ទាប់មកនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៥ ជនជាប់ចោទទាំងពីរ ត្រូវបានតុលាការដំបូងក្រុងភ្នំពេញបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ២០ ឆ្នាំ ដោយសារការបាញ់សម្លាប់លោក ជា វិជ្ជា។ លុះក្រោយមកទៀត តុលាការ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេច របស់តុលាការដំបូងជាការត្រឹមត្រូវ ក៏ប៉ុន្តែ នៅឆ្នាំ ២០០៨ តុលាការកំពូលបានសម្រេចដោះលែងជនជាប់ចោទទាំងពីរឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីឲ្យតុលាការឧទ្ធរណ៍បើកការស៊ើបអង្កេត។ រហូតមកដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ លោក សុក សំអឿន និងលោក ប៊ន សំណាង ត្រូវបានតុលាការឧទ្ធរណ៍ កាត់ទោសឡើងវិញ ដោយក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ៤០លានរៀល ដែលស្មើនឹង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ចូលកាន់សាសនាគ្រិស្ត ធំជាងច្បាប់ ?
ការចោទប្រកាន់ថា លោក ប៊ន សំណាង និងលោក សុខ សំអឿន ថាបានសម្លាប់លោក ជា វិជ្ជា នេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា គ្រាន់តែ ជាល្បែងនយោបាយរបស់អ្នកមានអំណាចតែប៉ុណ្ណោះ ដើម្បីជំនួសឬបិទបាំងឃាតករពិត អ្នកសម្លាប់លោក ជា វិជ្ជា។ នៅក្នុងសំណុំរឿងនេះ គេបានដឹងថា មានតែលោក ហេង ពៅ ដែលជាអតីតស្នងការរាជធានីភ្នំពេញទេ ដែលបានដឹងរឿងនេះច្បាស់។ ក៏ប៉ុន្តែលោក ហេង ពៅ បានបដិសេធមិនធ្វើសាក្សីអ្វីទាំងអស់ ចំពោះករណីនេះ ក្រោមហេតុផលថា លោកបានចូលកាន់សាសនាគ្រិស្តហើយ មិនចង់ពាក់ព័ន្ធអ្វីនោះទេ។លោក ហេង ពៅ ដែលត្រួវ បានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារប្រមាណជិ១០០ ឆ្នាំនៅក្នុងសំណុំរឿងចំនួន ៥ និងបច្ចុប្បន្នកំពុងតែទទួលទោសនៅក្នុងពន្ធនាគារព្រៃស ។
យ៉ាងណាក៏ដោយជុំវិញ សំណុំរឿង លោក ប៊ន សំណាង និងលោក សុខ សំអឿន នេះ កាលពីឆ្នាំ ២០០៥ កន្លងទៅ ព្រះ មហាវីរក្សត្រនៃប្រទេសកម្ពុជា សម្តេច សីហនុ បានចេញព្រះរាជសារអះអាងថា ជនជាប់ចោទទាំងពីរនាក់នេះ មិនមែនជាឃាតករសម្លាប់លោក ជា វិជ្ជា ពិត ប្រាកដឡើយ។ តែអតីតព្រះមហាក្សត្រកម្ពុជាអង្គនេះ បានបញ្ជាក់ទៀតថា លោកពុំមានព្រះរាជសិទ្ធិអន្តរាគមន៍លើកលែងទោសឲ្យជនទាំងពីរនាក់ ឲ្យបានរួចលែងទោសវិញឡើយ ដោយសារតែពេលនោះ ព្រះអង្គបានដាក់រាជ្យឲ្យបុត្រព្រះអង្គ គឺព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ននេះ៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ