មេធាវី ជូង ជូងី ថា​មាន​​តែ​ CNRP តែ​មួយ​គត់

សម្រាប់លោកមេធាវី ជូង ជូងី លទ្ធភាព​នៃ​ការ​សង្គ្រោះ​«ជាតិ​ខ្មែរ»​បាន មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​​មួយ​​ប៉ុណ្ណោះ។ លោក​បាន​ប្រកាស​គាំទ្រ គណបក្សប្រឆាំងមួយនេះ ជាចំហរ និងបាន​ពន្យល់​ទៀត​ថា អ្នក​ប្រាជ្ញ បណ្ឌិត បញ្ញាវន្ត សាស្ត្រាចារ្យ អ្នកជំនួញធំៗជាច្រើន សុទ្ធតែ​គិត​ដូច​លោក។
មេធាវី ជូង ជូងី ថា​មាន​​តែ​ CNRP តែ​មួយ​គត់
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៧
  • កែប្រែចុងក្រោយ: January 15, 2017
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាមិនចម្លែកប៉ុន្មានទេ នៅពេលដែលនិយាយថា លោក ជូង ជូងី ជាមេធាវីមួយរូប ដែលស្និតនឹង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​នៅ​ពេល ដែលលោកមានកូនក្ដី​របស់លោក​ជាច្រើននាក់ សុទ្ធសឹងជាមន្ត្រី ជាសកម្មជន និង​ជា​អ្នក​គាំទ្រ របស់​គណបក្ស​ប្រឆាំងនោះ។ ប៉ុន្តែ​​នៅ​​វេលានេះ បានសរសេរ​ប្រកាស​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ជា​ចំហរ នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​​របស់​លោក ដោយ​ពន្យល់​ថា «មានតែគណបក្សសង្គ្រោះជាតិ តែមួយ​គត់ ដែល​អាច​សង្គ្រោះ​ជាតិ​ខ្មែរ​បាន»។

លោកមេធាវី បានសរសេរ​ច្បាស់ៗ​ថា៖ «ខ្ញុំ ជូង ជូងី រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ខ្ញុំយល់​យ៉ាងច្បាស់​ថា មាន​តែ​គណបក្ស​​សង្គ្រោះ​​ជាតិ​​តែ​មួយ​គត់ ដែល​អាចសង្គ្រោះជាតិខ្មែរបាន ហើយជនជាតិខ្មែរ ភាគ​ច្រើន​លើស​លប់ នៅទីក្រុងភ្នំពេញ ក៏​យល់​ដូច​ខ្ញុំ​ដែរ។»។

លោក ជូង ជូងី បានពន្យល់បន្តថា៖ «ទីក្រុងភ្នំពេញ ជាបណ្តុំនយោបាយ បណ្តុំសេដ្ឋកិច្ច បណ្តុំវប្បធម៌ បណ្តុំ​ពាណិជ្ជ​កម្ម។ អ្នកប្រាជ្ញ បណ្ឌិត បញ្ញាវន្ត សាស្ត្រាចារ្យ អ្នកជំនួញធំៗជាច្រើន គឺរស់នៅទីក្រុងភ្នំពេញ។ ភាគ​ច្រើន​លើសលប់ គាត់គាំទ្រសង្គ្រោះជាតិ។ ជាក់​ស្តែង​លទ្ធផល​ឆ្នោត ឆ្នាំ២០១៣ ក្រុងភ្នំពេញ (គណបក្ស)​សង្គ្រោះ​ជាតិ ទទួល​បាន​សំលេង​ឆ្នោត ចំនួន​ ៣៨២ ៨៨០សំលេង ដែល​គណបក្ស​​ប្រជាជន​​(កម្ពុជា) ទទួល​បាន​​តែ​ ២៥១ ៦៨៩សំលេង តែ​ប៉ុណ្ណោះ។»។

» លោកមេធាវី ជូង ជូងី ផ្ដល់​សម្ភាស​ ទៅឲ្យ​អ្នក​សារព័ត៌មាន (រូបថត MONOROOM.info/ S. Tith)៖

ប៉ុន្តែតបទៅនឹង​ការលើកឡើងខាងលើ ប្រិយមិត្តម្នាក់ លោក ស្រី សារិត បានសរសេរពន្យល់មកវិញថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​​គណបក្ស​​ប្រឆាំងធំជាងគេ​នៅ​កម្ពុជានេះ ជាគណបក្សដែលរើសអ៊ើង​អ្នកបញ្ញាវ័ន្ត និង​មិន​អាច​​«ចូល​ជិត»​​បាន។ ប្រិយមិត្តម្នាក់នេះ បាន​​សរសេរថា៖ «បញ្ញវ័ន្ត​ទៅ​ចូល​ជួយ មិនងាយចុះ​ទេ (ទាំង)​ក្នុង​និង​ក្រៅ​ប្រទេស។ ថៅកែ​ សុី​​ ខា និងអាមុីអាថោង និយាយថា ពួកវាមក មករកបុណ្យស័ក្តិទេ កុំយក​វា។»។

លោក ស្រី សារិត បាន​បន្ត​ទៀត​ថា៖ «មេធាវី​​ (ជូង ជូ)ងី​ មេធាវីពី​របី​នាក់ ពួកប្អូនៗក្នុងបក្សនេះ ស្តាប់ពីមតិពលរដ្ឋ ឱ្យ​បាន​ច្រើន ហើយ​សិក្សា​​សកម្មភាព​​ពួក​ថៅ​កែ​បក្ស​នោះទៅ នឹងឃើញមានចំណុចអាក្រក់ តែត្រូវ​​ជួយកែផង យក​ទាន់​ពេល»។

មិនឃើញលោកមេធាវី ប្រតិកម្មត្រឡប់ទៅប្រិយមិត្ត ស្រី សារិត របស់លោកវិញទេ។ តែចំណុចដែលសំខាន់នោះ នៅត្រង់ថា តើពាក្យ​សង្គ្រោះ«ជាតិខ្មែរ» ចំពោះលោក ជូង ជូងី មានន័យយ៉ាងណា ហើយថា តើ«ជាតិខ្មែរ» នៅ​ពេល​នេះ ដែលស្ថិត​ក្រោម​ការដឹកនាំ រាប់​សិប​ឆ្នាំ ពីសំណាក់គណបក្សប្រជាជនកម្ពុជានោះ មាន​ស្ថានភាព​គួរ​ត្រូវ​សង្គ្រោះ ដល់​កម្រិត​ណា​ទៅ?

ជារឿយៗ គេឃើញ​លោក​មេធាវី បាន​បង្ហោះ​ពីពាក្យប្រៀន​ប្រដៅ​មួយចំនួន ដែលរិះគន់ និងជួយតម្រង់ផ្លូវ ពី​រឿង​រ៉ាវ​អសកម្ម ដែល​បាន​កើត​មានឡើង នៅក្នុងសង្គម។ ដោយឡែក សម្រាប់រឿងច្បាប់ទម្លាប់វិញ ជាពិសេស នៅ​ក្រោយ​ការ​ដោះ​ស្រាយ​រឿងក្ដី គេតែង​ឃើញ​លោក ជូងី រអ៊ូរទាំ និងធ្វើការរិះគន់ ជាញយដង ដាក់​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក។

ដូចនៅក្នុងសំណេរនេះ ដែលមានន័យទាំងស្រុងថា៖​ «កាត់ក្តី ចេញសាលក្រមរឿងដីធ្លី ដោយគ្មានពាក្យ​បណ្តឹង​ដើម គឺ​អស្ចារ្យ​ណាស់។ ហើយអ្វី ដែលអស្ចារ្យបំផុតនោះ គឺសាលាឧទ្ធរណ៍​តំកល់​​សាលក្រម​​សាលា​ដំបូង​​នោះ​ទៀត។ ខ្ញុំ ជូង​ ជូងី ប្រកាច់​ទាំង​រស់​តែ​ម្តង។ ប៉ុន្តែ​ជា​សំណាង​ល្អ (តុលាការ)​កំពូល​បដិសេធ​​សាល​ដីកា​សាលា​ឧទ្ធរណ៍​​ចោល កុំអីខ្ញុំ ជូង ជូងី ត្រូវ​រត់​(ទៅ)​រៀន​ច្បាប់​សាលា របស់​ចៅក្រម​នោះ​ឡើង​វិញ​ហើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...