ថៃ៖ ធ្លាក់យន្ដហោះពេលបង្ហាញទស្សនីយភាព ស្លាប់អ្នកបើកបរ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៧
- កែប្រែចុងក្រោយ: January 14, 2017
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកបើកបរយន្ដហោះ អាយុ៣៥ឆ្នាំ ជាតិថៃមួយរូប បានស្លាប់ក្នុងថ្ងៃសៅរ៍នេះ បន្ទាប់ពីបានកាន់ចង្កូតយន្ដហោះ ប្រភេទប្រដេញមួយគ្រឿង ហើយយន្ដហោះនេះ បានជួបគ្រោះថ្នាក់ និងបានធ្លាក់បោកខ្លួន នៅក្បែរព្រលាន។ ការហោះហើរនេះ ជាការចូលរួមបង្ហាញផ្ទាំងទស្សនីយភាព សម្រាប់ទិវាកុមារប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង នៅក្នុងខេត្ត«Hat Yai» ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។
យន្ដហោះប្រភេទ «JAS 39 Gripen» ដែលផលិតនៅប្រទេសស៊ុយអែដ បានហោះសំយ៉ុងខ្លួន ធ្លាក់មកក្រោម មុននឹងផ្ទុះឆេះឡើង។ នៅតាមរូបភាព ដែលត្រូវអ្នកចូលរួម ក្នុងកម្មវិធីទស្សនីយភាពហោះហើរនេះ បានបង្ហោះនៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីអណ្ដាតភ្លើង និងខ្សែខ្មួលខ្មាញ់ ចេញពីកន្លែងកើតហេតុ។ មូលហេតុបណ្ដាលឲ្យធ្លាក់យន្ដហោះនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក «Kongcheep Tantravanich» បានថ្លែងឲ្យដឹងថា៖ «អ្នកបើកបរបានស្លាប់ នៅក្នុងគ្រោះថ្នាក់នេះ ហើយការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ»។ លោកបានបន្ថែមទៀតថា មិនមាននរណាផ្សេង បានរងគ្រោះនៅក្នុងហេតុការណ៍នេះទេ។
នៅក្នុងឱកាសនៃទិវាកុមារថៃ មូលដ្ឋានយោធាសឹងតែទាំងអស់ នៅជុំវិញប្រទេស បានបើកទ្វាទទួលកុមារ និងគ្រួសាររបស់ពួកគេ ដើម្បីចូលទស្សនា និងចូលរួម ក្នុងការបង្ហាញផ្ទាំងទស្សនីយភាព ដែលនិយាយពីមហិទ្ធិរិទ្ធិយោធាថៃ៕
» រូបថតអ្នកបើកបរ ដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយ៖